អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​ត្រូវ​​បាន​ចោទ​ប្រកាន់​ពី​បទ​ផែន​ការ​ស្រូវ​អង្ករ​ដែល​ធ្វេសប្រហែស

លោក Chutichai Sakhakorn (រូប​ស្តាំ) អង្គនាយក​នៃ​នាយកដ្ឋាន​បណ្តឹង​ពិសេស​របស់​ការិយាល័យ​អង្គព្រះរាជអាជ្ញា​ថៃ​លើក​ឯកសារ​បណ្តឹង​ឡើង​ខណៈ​ពេល​ដែល​អង្គនាយក​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​ លោក Surasak Threerattrakul មើល​ទៅ​តុលាកំពូល​ក្នុង​ក្រុង​បាងកក​ កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​អាជ្ញាធរ​ថៃ​បាន​ចោទ​ប្រកាន់​លោកស្រី​យ៉ីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីត​នាយក​រដ្ឋមន្រ្តីពី​ផែនការ​ទិញ​ស្រូវ​អង្ករ​ដ៏​ធ្វេស​ប្រហែសក្នុង​អំឡុងពេល​នៃ​ការ​កាន់​តំណែង​របស់​លោកស្រី។​លោកស្រី​យ៉ីងឡាក់​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ឯ​សវនការ​កាត់​ទោស​ក្នុង​ទីក្រុង​បាងកក​ទេ ​ក៏ប៉ុន្តែ​មេធាវី​របស់​លោកស្រី​និយាយ​ថា ​លោកស្រី​មិនត្រូវ​បាន​គេ​តម្រូវ​ឲ្យ​បង្ហាញ​ខ្លួន​ទេ​ ហើយ​លោកស្រី​គ្មាន​បំណងរត់​គេច​ពី​ព្រះ​រាជាណាចក្រ​ដែរ។ ក្រុម​អ្នក​គាំទ្រ​លោកស្រី​និយាយ​ថា ​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោកស្រី​ជា​មូលហេតុ​ខាង​នយោបាយ។

​ការ​ចោទ​ប្រកាន់​លោកស្រី​នាយក​រដ្ឋមន្រ្តី​ជាប់​ឆ្នោត​ថៃ​ដែល​ធ្វើ​ឡើងថ្មី​ៗ​នេះ​បាន​ត្រូវ​គេរំពឹងទុក​ជា​យូរយារ​ណាស់​មក​ហើយ។

​បន្ទាប់​ពី​បាន​ប្រគល់​ឯកសារ​រាប់​សិប​ប្រអប់​ទៅ​ឲ្យ​តុលាការ​កំពូល​ ការិយាល័យអគ្គ​មេធាវី​បាន​ប្រកាស​ថា ​លោកស្រី​យ៉ីងឡាក់ ស៊ីណាវ៉ាត្រា ​បាន​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វេសប្រហែស​ក្នុង​តួនាទី​របស់​ខ្លួន។ ប្រសិនបើ​កាត់​ឲ្យ​ជាប់​ទោស​ពី​ការ​ធ្វេសប្រហែស​និង​ការ​ខកខាន​មិន​បាន​រារាំង​អំពើ​ពុករលួយ ​លោកស្រី​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ទសវត្សរ៍។ រដ្ឋាភិបាល​ដែល​ឥឡូវ​នេះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​យោ​ធា​ក៏​កំពុង​ពិចារណាពី​ការ​ប្តឹង​ខាង​រដ្ឋប្បវេណីប្រឆាំង​លោកស្រី​អតីត​នាយក​រដ្ឋមន្រ្តី​ដើម្បី​ស្វះ​ស្វែង​រក​ប្រាក់​សំណង​ចំពោះ​ការ​ខូច​ខាត​ចំនួន​១៨​ពាន់​លាន​ដុល្លារ។

​ការ​ចោទ​ប្រកាន់​នេះ​កើត​ចេញ​ពី​ផែនការ​ធ្វេស​ប្រហែស​របស់​រដ្ឋាភិបាល​ដែល​ក្នុង​នោះ​គេ​បាន​សន្យា​ដល់​កសិករ​ដាំស្រូវ​ថា កសិ​ផល​នឹង​ត្រូវ​ទិ​ញ​ខ្ពស់​ជាង​តម្លៃ​ទី​ផ្សារ។​ ការ​ជួយ​ឧបត្ថម្ភនេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្តុក​ទុក​ស្រូវ​អង្ករ​ដ៏​ច្រើន។ ស្រូវអង្ករ​ខ្លះ​បាន​ខូចនៅ​ក្នុង​ឃ្លាំងហើយ​បាន​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ការ​ខ្ជះខ្ជាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។ ក៏ប៉ុន្តែ​អតីត​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ​លោកស្រី​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។

​លោក Surasak Threerattrakul ​អគ្គនាយក​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​របស់​ការិយាល័យ​ព្រះរាជអាជ្ញា​និយាយ​ថា ​តុលាការ​កំពូល​នឹង​សម្រេច​នៅ​ថ្ងៃទី១៩ ​ខែមិនា​ខាង​មុខ​នេះ​ថា​តើ​នឹង​បន្ត​រឿង​ក្តី​នេះ​ឬ​ក៏​អត់។

លោក Pichit Cheunban ​មេធាវី​របស់​លោកស្រី​យ៉ីងឡាក់​និយាយ​ថា ​កូនក្តី​របស់​លោក​នឹង​តវ៉ា​ការ​ចោទប្រកាន់​រឿងក្តី​ព្រហ្មទណ្ឌ​នេះ។

មេធាវី​និយាយ​ថា ​«លោកស្រី​យ៉ីងឡាក់​បាន​បញ្ជាក់​ឡើងវិញ​ហើយ​ថា ​នៅ​ពេល​ដែល​លោកស្រី​ទទួល​បាន​ឯក​សារ​ចម្លង​លម្អិត​ពី​ការ​ចោទ​ប្រកាន់​នោះ​ហើយ​សវនការ​លើក​ទី១​នឹង​ត្រូវ​កំណត់ លោកស្រី​នឹង​មាន​វត្តមាននៅ​តុលាការ​ដើម្បី​ដំណើរ​ការ​រឿង​ក្តី​នេះ។

កាល​ពី​ខែ​មុន ក្រុម​មេដឹកនាំ​យោធា​បាន​បដិសេធ​មិន​ផ្តល់​ការ​អនុញ្ញាតិ​ឲ្យ​លោកស្រី​អតីត​នាយក​រដ្ឋមន្រ្តី​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​លោកស្រី​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ប្រឈម​ការ​ចោទ​ប្រកាន់។

​លោកស្រី​យ៉ីងឡាក់​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​ចុះ​ពី​តំណែងបន្ទាប់​ពី​តុលាការ​បាន​ចោទ​ប្រកាន់លោក​ស្រី​ពី​ការ​ប្រើ​អំណាច​ហួសកាលពី​ខែឧសភា​ឆ្នាំ​ទៅ ​ភ្លាម​ៗ​មុន​ពេល​ក្រុម​យោ​ធា​បានដណ្តើម​ការ​ត្រួតត្រា​រដ្ឋាភិបាល។

ក្រុម​មេដឹកនាំ​យោ​ធា​មិន​បាន​លាក់​បាំងពី​គោល​បំណងនៃ​ការ​កំចាត់​ឥទ្ធិពល​ខាង​នយោបាយរបស់​គ្រួសារ​ស៊ីណាវ៉ាត្រា​ឡើយ៕