ប្រទេសថៃកំពុងព្យាយាមជំរុញការវិនិយោគលើ «ផ្លូវឆ្លងកាត់» កាត់តាមជ្រោយភាគខាងត្បូងរបស់ខ្លួន ដែលនឹងជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញពីតំបន់ប៉ាស៊ីហ្វិកទៅកាន់មហាសមុទ្រឥណ្ឌានិងលើកស្ទួយដល់សារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ខ្លួនតាមរយៈការផ្ដល់ផ្លូវផ្សេងមួយសម្រាប់ពាណិជ្ជកម្មរបស់ចិនដែលអាចវាងផុតប្រទេសសិង្ហបុរីនិងច្រកសមុទ្រម៉ាឡាកា (Malacca)។
ប៉ុន្តែ អ្នករិះគន់កំពុងចោទសួរលើគោលគំនិតបែបសុភវិនិច្ឆ័យនៃផែនការដែលមានទឹកប្រាក់ ២៨ ពាន់លានដុល្លារនេះ។ កន្លងមក ប្រទេសចិនមិនបានបញ្ចេញមតិផ្លូវការណាមួយលើផែនការនេះទេ។ ជាប្រវត្តិសាស្ត្រ ចិនចូលចិត្តគំនិតនៃការមានផ្លូវដូចព្រែកជីកទឹកជ្រៅស៊ុយអេ (Suez Canal) កាត់តាមប្រទេសថៃសម្រាប់កប៉ាល់របស់ខ្លួនឆ្លងកាត់។
សំណើផ្លូវឆ្លងកាត់នេះត្រូវបាននាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin អួតសរសើររួចហើយនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិននិងទីក្រុង San Francisco នៃសហរដ្ឋអាមេរិក។ សំណើនេះមានបំណងចង់ឃើញកប៉ាល់ដឹកទំនិញទម្លាក់កុងតឺន័រចុះនៅតាមកំពង់ផែនានានៅជ្រុងសងខាងនៃផ្លូវគោកនិងផ្លូវដែកដែលមានប្រវែងជិត ៩០ គីឡូម៉ែត្រដែលស្នើឡើងនេះ។
នៅក្រោមផែនការនេះ គេនឹងសាងសង់ផ្លូវគោកនិងផ្លូវដែកល្បឿនលឿនកាត់តាមផ្នែកភាគខាងត្បូងប្រទេសថៃពីខេត្ត Chumpon នៅខាងឈូងសមុទ្រថៃទៅខេត្ត Ranong នៅខាងមហាសមុទ្រឥណ្ឌាដើម្បីដឹកជញ្ជូនទំនិញទៅដាក់លើកប៉ាល់នានាដែលរង់ចាំ។
ប្រសិនបើការសិក្សាស្រាវជ្រាវអំពីភាពដែលអាចធ្វើបានដែលកំពុងធ្វើឡើងនៅពេលបច្ចុប្បន្ននេះត្រូវបានអនុញ្ញាត កិច្ចការនេះគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០៣០ ខាងមុខ៕