អាជ្ញាធរថៃ នៅថ្ងៃអង្គារនេះ បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤២៧ករណី និងបានជំរុញឲ្យមនុស្សជាង ១.០០០នាក់នៅតាមបណ្ដាខេត្តជាច្រើន ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំមិនធ្លាប់មាន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ករណីឆ្លងថ្មីទាំងនេះបានកើតចំពោះកម្មករចំណាកស្រុកចំនួន ៣៩៧ នាក់ ក្នុងខេត្ត Samut Sakhon ជាកន្លែងនៃការផ្ទុះឡើងនៃការឆ្លង ដែលត្រូវបានគេរកឃើញក្រោយការធ្វើតេស្តរកជំងឺកូវីដ១៩ លើកម្មកររាប់រយនាក់ដែលធ្វើការនៅផ្សារលក់គ្រឿងសមុទ្រដ៏ធំមួយ។
មកទល់ពេលនេះ មានករណីឆ្លងជាង ១.១០០ករណី ដែលភាគច្រើនគ្មានរោគសញ្ញា និងកើតចំពោះជនចំណាកស្រុកពីប្រទេសមីយ៉ាន់ម៉ា ក្បែរខាងថៃ ត្រូវបានគេតាមដានប្រភពឃើញនៅផ្សារលក់គ្រឿងសមុទ្រដែលឥឡូវនេះត្រូវបានអាជ្ញាធរបិទ។
អាជ្ញាធរបានឲ្យដឹងថា អ្នកទិញមកពីខេត្តចំនួន ២២ ដែលបានមកផ្សារនេះចាប់ពីថ្ងៃទី ១ ដល់ ១៨ ខែធ្នូ គួរតែទៅធ្វើតេស្ត [រកជំងឺកូវីដ១៩]។
មានការឆ្លង ១៦ ករណីផ្សេងទៀតត្រូវបានរាយការណ៍នៅថ្ងៃអង្គារនេះ នៅក្នុងខេត្តចំនួន ៨ ផ្សេងទៀត ដែលក្នុងនោះ ៥ករណីនៅក្នុងទីក្រុងបាងកក។ ករណីឆ្លង ១៤ករណី មកពីក្រៅប្រទេសក៏ត្រូវបានគេរាយការណ៍ផងដែរ។
អាជ្ញាធរថៃកំពុងស្ថាបនាមន្ទីរពេទ្យបណ្តោះអាសន្នមួយនៅក្នុងខេត្ត Samut Sakhon ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ និងព្យាបាលពលករមកពីក្រៅប្រទេស៕