រដ្ឋាភិបាលថៃ នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមបិទច្រកព្រំដែនកម្ពុជាថៃសំខាន់ៗ ដែលនាំឲ្យពលករ និងពលរដ្ឋខ្មែររាប់ពាន់នាក់ ធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដែលការណ៍នេះនាំឲ្យមានការព្រួយបារម្ភអំពីលទ្ធភាពខ្ពស់នៃការរីករាលដាលនៃវីរុសកូរ៉ូណា។
បើតាមកាសែតបាងកកប៉ុស្តិ៍របស់ប្រទេសថៃ ច្រកព្រំដែនសរុបចំនួន១៩ ក្នុងនោះមានច្រកធំៗចំនួន២ ដូចជាច្រកអន្តរជាតិប៉ោយប៉ែត និងច្រកល្បៀងចំនួន១៧ទៀត ត្រូវបិទចាប់ពីថ្ងៃទី២៣ មីនា ដល់ថ្ងៃទី៥ ខែមេសា ដើម្បីទប់ស្កាត់នឹងវីរុសកូរ៉ូណា។ កាសែតបាងកកប៉ុស្តិ៍លើកឡើងថា អ្នកធ្វើដំណើរ និងរថយន្តមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចូល និងចេញគ្រប់ច្រកទាំងនេះទេ លើកលែងតែរថយន្ត និងរទេះដឹកអីវ៉ាន់ និងអ្នកបើករថយន្ត ដឹកទំនិញប៉ុណ្ណោះ។
នៅថ្ងៃចន្ទនេះ អាជ្ញាធររបស់ប្រទេសថៃបានរាយការណ៍ថាខ្លួនបានរកឃើញ១២២ករណីទៀតនៃវីរុសកូរ៉ូណា ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់៧២១រហូតមកដល់ពេលនេះ។
មុនថ្ងៃចន្ទនេះ ពលរដ្ឋខ្មែរបានត្រឡប់ចូលមកក្នុងប្រទេសវិញជាបន្តបន្ទាប់។
លោក ម៉េង ហ៊ុយ អាយុ៤៣ឆ្នាំ ជាអាជីវករម្នាក់នៅក្នុងផ្សាររ៉ុងក្លឿនៅព្រំដែនថៃនិងកម្ពុជា មានប្រសាសន៍ថា លោក និងភរិយា បានចាកចេញពីផ្សារនេះ កាលពីថ្ងៃពីថ្ងៃអាទិត្យ ក្រោយទទួលបានសេចក្តីជូនដំណឹងពីការបិទច្រកព្រំដែន។ លោកមានប្រសាសន៍ថា លោកជឿជាក់ថាលោក និងភរិយា មិនមានផ្ទុកវីរុសកូរ៉ូណានោះទេ ប៉ុន្តែលោកបារម្ភចំពោះប្រជាពលរដ្ឋដែលមកពីទីក្រុងបាងកកនៃប្រទេសនេះ។
លោកបានថ្លែងប្រាប់VOAតាមទូរសព្ទថា៖ «ខ្ញុំព្រួយបារម្ភខ្លាចតែអ្នកដែលមកពីបាងកក ឬក៏គាត់មកពីខាងណាផ្សេងទៀត មកពីប្រទេសចិនឬថៃអ៊ីចឹងទៅខ្លាចគាត់ចូលមក។ យើងព្រួយបារម្ភតែប៉ុណ្ណឹងទេ។ ប៉ុន្តែដូចគ្រួសារខ្ញុំ មិនព្រួយបារម្ភទេ ព្រោះចេញពេលព្រឹក ល្ងាចចេញមកវិញ ហើយមានការវាស់កម្តៅមានអីត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋានអ៊ីចឹងណា៎ ទាំងខាងថៃ និងខាងខ្មែរ»។
ក្រោយឃើញការវិលត្រឡប់របស់ពលរដ្ឋខ្មែរពីប្រទេសថៃ ដោយមិនមានការពិនិត្យសុខភាពរកវីរុសកូរ៉ូណាពីអាជ្ញាធរកម្ពុជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យអាជ្ញាធរតាមខេត្តទាំងអស់ណែនាំប្រជាពលរដ្ឋដែលត្រឡប់មកនោះ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរុសកូរ៉ូណា។
លោក ស ខេង មានប្រសាសន៍ថា៖ «កុំឲ្យប៉ះពាល់ជាមួយអ្នកដទៃនៅក្នុងផ្ទះគាត់ហ្នឹង សូម្បីតែគ្រួសារ ក៏កុំឲ្យប៉ះដែរ។ ល្អមែនទែនគាត់មកអ៊ីចឹងមែន ឲ្យគាត់នៅក្នុងផ្ទះគាត់ហ្នឹង១៤ថ្ងៃ ហើយបើមានអីសង្ស័យយកកំហាក យកអីមកធ្វើតេស្តធ្វើអី នេះនៅប៉ាស្ទ័រនេះ»។
កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពីវិធីដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលទើបមកពីបរទេស ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។
ប៉ុន្តែនៅតែមានកាព្រួយបារម្ភថាតើពលរដ្ឋខ្មែរដែលមកពីប្រទេសថៃ អាចដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបានកម្រិតណា ហើយថាតើរដ្ឋាភិបាលមានលទ្ធភាពក្នុងការគ្រប់គ្រងពួកគេឲ្យនៅដាច់ដោយឡែកកម្រិតណាដែរ។
លោក ស៊ុំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ខេត្តបន្ទាយមានជ័យបានប្រាប់VOAនៅរសៀលថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋខ្មែរជិតមួយម៉ឺននាក់ ទាំងពលករខ្មែរ និងអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ បានចូលមកខេត្តបន្ទាយមានជ័យវិញ ក្រោយមានការប្រកាសពីភាគីថៃ។ លោកបារម្ភថាពួកគេក្នុងចំណោមនោះ មានផ្ទុកវីរុសនេះ ហើយនាំឲ្យឆ្លងទៅដល់ប្រជាពលរដ្ឋផ្សេងទៀត។
លោកមានប្រសាសន៍ថា៖ «បើសិនជាឲ្យនៅផ្ទះមែន ខ្លះមកទាំងគ្រួសារ យ៉ាងណាដែរ។ អ៊ីចឹងទាំងអស់ហ្នឹងសុទ្ធតែជាបញ្ហា ជាការទទួលខុសត្រូវរបស់ភ្នាក់ងាររដ្ឋ ដែលត្រូវបម្រើរាស្ត្រហ្នឹងត្រូវធ្វើយ៉ាងម៉េច។ ព្រោះអត់បានរៀបចំទុកជាមុន ហើយគ្រាន់តែប្រាប់គ្រាន់តែថា។ អ៊ីចឹងយើងឃើញថាមនុស្សរាប់ម៉ឺននាក់ដែលមកពីថៃទាំងអស់ហ្នឹង តើត្រូវទុកត្រង់ណា»។
VOAមិនអាចសុំការអត្ថាធិប្បាយពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទេ។ VOAក៏មិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតថៃប្រចាំកម្ពុជា តាមសារអេឡិចត្រូនិកបានដែរ។
ក្នុងសារជាសំឡេងមួយដែលVOA ទទួលបាននៅថ្ងៃចន្ទ នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តទាំងអស់ រៀបចំតទឹក តភ្លើង និងបង្គន់អនាម័យនៅតាមសាលារៀន ដើម្បីធ្វើជាមន្ទីរពេទ្យជាបន្ទាន់។ នេះជាចំណាត់ការរបស់លោក ក្រោយពលរដ្ឋកម្ពុជាត្រឡប់មកពីប្រទេសថៃ។
លោកមានប្រសាសន៍ថា៖ «យើងប្រែក្លាយសាលារៀនទៅជាមន្ទីរពេទ្យសិន នៅក្នុងដំណាក់កាលនេះ ព្រោះយើងក៏អត់មានត្រូវបើកឲ្យដំណើរការសិក្សាឡើងវិញអីភ្លាមៗទេ បើទោះជាត្រូវពន្យារពេលវ៉ាកង ក៏យើងត្រូវពន្យារពេលដែរ»។
បើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ចុះថ្ងៃទី១៦ ខែមីនា ស្ថានទូតបានអំពាវនាវទៅដល់ពលរដ្ឋខ្មែរដែលនៅប្រទេសថៃ រួមមានពលករ និស្សិត សិស្ស និងអាជីវករ បើមិនមានភាពចាំបាច់ ជៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ។
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មានជាង១លាននាក់។ គេមិនទាន់ដឹងថាតើនឹងមានការបញ្ជូនពលករខ្មែរទាំងនោះមកកម្ពុជាវិញ ឬយ៉ាងណានោះទេ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនបានបិទការធ្វើដំណើររបស់ជនបរទេសនៅក្នុងតំបន់នោះទេ លើកលែងតែប្រជាជនវៀតណាម ដែលរដ្ឋាភិបាលបានហាមចូល៕