ខណៈរដ្ឋាភិបាលថៃដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃឲ្យដឹងថា ថៃបានអនុញ្ញាតឲ្យពលករខ្មែរអាចបន្តរស់នៅនិងធ្វើការរហូតដល់ចុងខែមិថុនា បើទោះជាឯកសារហួសសុពលភាពក៏ដោយ។
ប្រទេសថៃកំពុងតែរឹតបន្តឹងការធ្វើដំណើរក្នុងប្រទេស និងបានបិទព្រំដែនជាមួយកម្ពុជាកាលពីថ្ងៃច័ន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតវីរុសកូរ៉ូណា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋខ្មែរនៅប្រទេសថៃអាចបន្តស្នាក់នៅបណ្តោះអាសន្នដល់ថ្ងៃទី៣០ ខែមិថុនាដោយលើកលែងការផាកពិន័យចំពោះការស្នាក់នៅលើសកំណត់។ ស្ថានទូតខ្មែរបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ថៃអាចធ្វើរហូតដល់ថ្ងៃទី៣០ខែមេសា។
ការណ៍នេះអាចធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងបណ្ណអនុញ្ញាតការងារ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរនោះទេ។
ស្ថានទូតខ្មែរបន្តថា ក្នុងករណីពលករខ្មែរត្រូវការធ្វើការបន្ត ថៅកែត្រូវបញ្ជូនបញ្ជីឈ្មោះទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឲ្យបានរួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា ដើម្បីបន្តធ្វើការជាបណ្តោះអាសន្នបានរហូតដល់ចុងខែមិថុនា។
រដ្ឋាភិបាលថៃ កាលពីថ្ងៃច័ន្ទ បានចាប់ផ្តើមបិទច្រកព្រំដែនកម្ពុជាថៃសំខាន់ៗ ដែលនាំឲ្យពលករ និងពលរដ្ឋខ្មែររាប់ពាន់នាក់ធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដែលការណ៍នេះនាំឲ្យមានការព្រួយបារម្ភអំពីលទ្ធភាពច្រើននៃការរីករាលដាលនៃវីរុសកូរ៉ូណា។
បើតាមលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានទៅស្រុកកំណើតរបស់ពួកគេនៅទូទាំងប្រទេស។
ក្នុងពិធីសំណេះសំណាលមួយដែលធ្វើឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃពុធ លោក ស ខេង បានថ្លែងថា អាជ្ញាធរកម្ពុជាត្រូវតែទទួលស្វាគមន៍អ្នកវិលត្រឡប់មកវិញ បើទោះជាមានការព្រួយបារម្ភអំពីការចម្លងវីរុសកូរ៉ូណាក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែប្រសិនបើគាត់មកទៀត នៅមកទៀត យើងអត់មានជម្រើសទេ។ អត់មានជម្រើសណាផ្សេងក្រៅពីស្វាគមន៍គាត់ទេ ពីព្រោះជាជនជាតិខ្មែរ។ យើងអត់មានជម្រើសផ្សេងពីហ្នឹង។ បដិសេធគាត់មិនឲ្យមក អាហ្នឹងប្រហែលមិនបានទេ»។
លោក ស ខេង ក៏បានទទួលស្គាល់ថា កម្ពុជាមិនអាចពិនិត្យសុខភាពរបស់ពួកគេទាំងអស់នោះទេ ហើយក៏មិនអាចដាក់ពួកគេទាំងអស់ឲ្យនៅកន្លែងណាមួយ ដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពដែរ។
លោក ស៊ុំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ពលករខ្មែរនៅប្រទេសថៃមិនអាចទ្រាំបាននឹងស្ថានភាពគ្មានការងារធ្វើ ហើយពួកគេត្រូវបង្ខំចិត្តត្រឡប់មកប្រទេសវិញ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងអត់ការងារធ្វើដឹងតែដាច់បាយហើយ!អ៊ីចឹងហើយបានយើងឃើញពួកខ្មែរយើងមួយចំនួនហ្នឹងត្រូវរត់ត្រឡប់មកវិញ ត្រឡប់មកកម្ពុជាវិញ។ គាត់មកដល់នេះមានស្រូវចង្រុកអីសម្រាប់ញាំទៅ។ តែនៅកន្លែងថៃមានអី?ពួកគាត់ជួបការលំបាក បើគេបិទ គេអត់ឲ្យចេញក្រៅ មានន័យថា គាត់អត់បានទៅធ្វើការ អត់បានទៅធ្វើការ ពួកគាត់ហ្នឹងដាច់បាយតែម្តង»។
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃមានជាង១លាននាក់។ កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តទាំងអស់ រៀបចំតទឹក តភ្លើង និងបង្គន់អនាម័យនៅតាមសាលារៀន ដើម្បីធ្វើជាមន្ទីរពេទ្យជាបន្ទាន់។
បើតាមលោកនាយករដ្ឋមន្រ្តី កម្ពុជាបានរៀបចំបន្ទប់ជាង៣ពាន់រួចមកហើយនៅទូទាំងប្រទេសដើម្បីដាក់ពលរដ្ឋណាដែលត្រូវបានសង្ស័យថា មានផ្ទុកវីរុសកូរ៉ូណា ឬត្រូវសម្រាកព្យាបាលជំងឺកូវីដ១៩នេះ៕