រដ្ឋអាជ្ញាថៃបានបញ្ជាក់នៅថ្ងៃចន្ទនេះថាខ្លួននឹងធ្វើការស៊ើបអង្កេតបន្ថែមថាតើអតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra បានរំលោភច្បាប់ប្រមាថព្រះមហាក្សត្រឬក៏អត់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការលើកឡើងនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីលោក Thaksin ត្រូវបានដោះលែងដោយមានលក្ខខណ្ឌនៅក្នុងសំណុំរឿងពុករលួយដាច់ដោយឡែកពីនេះ។
លោក Thaksin ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកទើបអនុវត្តទោសបាន ៦ ខែនៃទោសជាប់ពន្ធនាគារ៨ឆ្នាំសម្រាប់បទចោទប្រកាន់អំពើពុករលួយ។ លោកត្រូវបានគេចាប់ខ្លួនកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីលោកបានធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញពីការនិរទេសខ្លួនដោយខ្លួនឯងរយៈពេល ១៥ ឆ្នាំនៅបរទេស។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃឥឡូវនេះ«បានអនុញ្ញាតឱ្យមានការស៊ើបអង្កេតបន្ថែម»លើការអះ អាងដែលថាលោក Thaksin វ័យ ៧៤ ឆ្នាំរូបនេះ បានរំលោភច្បាប់ប្រមាថព្រះមហាក្សត្រតាមរយៈការបញ្ចេញមតិ ដែលលោកបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃនៅក្នុងសន្និសីទកាសែតមួយ។
រដ្ឋអាជ្ញាបានស្នើឱ្យលោក Thaksin បង្ហាញខ្លួននៅខែមេសាខាងមុខ ដែលនៅពេលនោះគេអាចប្រកាសថានឹងកាត់ទោសលោក ឬក៏ស្នើទុកពេលបន្ថែមដើម្បីស៊ើបអង្កេតបន្ត។
ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃមានបំណងការពារព្រះមហាក្សត្រពីការមាក់ ងាយ ហើយអ្នកដែលរំលោភច្បាប់នេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ១៥ ឆ្នាំសម្រាប់បទល្មើសមួយ។ ព្រះមហាក្សត្រថៃត្រូវបានគេគោរពស្ទើរតែដូចអាទិទេពនៅក្នុងសង្គមថៃ។
លោក Thaksin ដែលត្រូវបានទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០០៦ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ ឆ្នាំ កាលពីខែសីហាឆ្នាំមុន ក្រោមបទចោទប្រកាន់ពុករលួយនិងការរំលោភអំណាច បន្ទាប់ពីលោកបានត្រឡប់ទៅប្រទេសថៃវិញ។
ប៉ុន្តែ ព្រះមហាក្សត្រ Maha Vajiralongkorn បានបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកមកនៅត្រឹមតែមួយឆ្នាំ ហើយកាលពីថ្ងៃអាទិត្យម្សិលមិញលោកត្រូវបានគេដោះលែងដោយមានលក្ខខណ្ឌក្រោមហេតុផលសុខភាពនិងវ័យចំណាស់។
នាយកដ្ឋានអប់រំកែប្រែរបស់ថៃបានបញ្ជាក់អំពីការដោះលែងលោក Thaksin នេះ ប៉ុន្តែសេចក្ដីលម្អិតពិតប្រាកដនៃសេរីភាពរបស់លោកគឺនៅមិនច្បាស់នោះទេ។
គេអាចតម្រូវឱ្យលោកស្ថិតក្រោមការតាមដាននិងរងការដាក់កំហិតលើការធ្វើដំណើរ៕