ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra ទទួល​បាន​ការ​ដោះលែង​មុន​កាល​កំណត់


រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រី​លោក Thaksin Shinawatra បង្ហាញ​ខ្លួន​នៅ​អាកាសយានដ្ឋាន Don Mueang ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រី​លោក Thaksin Shinawatra បង្ហាញ​ខ្លួន​នៅ​អាកាសយានដ្ឋាន Don Mueang ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ​Thaksin Shinawatra ទទួលបាន​ការដោះលែង​មុនកាលកំណត់​ ក្រោយ​ជាប់​ពន្ធនាគារអស់​រយៈពេល ​ ៦​ខែ​ ក្នុង​ទោស​ដែល​ត្រូវ​ជាប់​រយៈពេល ​១ ​ឆ្នាំ។​ ​

សារព័ត៌មាន​ថៃ​នានា​បាន​ផ្សព្វផ្សាយ​ថា​ លោក​ Thaksin ដែល​មាន​អាយ ៧៤ ​ឆ្នាំ​ ស្ថិត​ក្នុង​ចំណោម​អ្នក​ទោស​ចំនួន ​៩៣០ នាក់ ដែលត្រូវ​ទទួល​បាន​ការដោះលែង​ ដោយ​សារ​ហេតុផល​សុខភាព ​ឬ​វ័យ​ចំណាស់។

លោក ​Thaksin​ ត្រូវ​បាន​ឃុំខ្លួន​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ ក្រោយ​ពី​វិលត្រឡប់​ចូល​ប្រទេស​ថៃ​វិញបន្ទាប់​ពី​រស់​នៅ​និរទេស​ខ្លួននៅក្រៅប្រទេស​អស់រយៈពេល ១៥ ឆ្នាំ​ ដើម្បី​គេចវេស​ពី​ការ​ជាប់ពន្ធនាគារ​ ក្រោយ​ពី​ត្រូវ​បាន​កាត់​ទោសពី​បទ​ពុករលួយ​ជា​ច្រើន​ករណី​មក។ លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ៨ ​ឆ្នាំ​ ប៉ុន្តែត្រូវ​បានព្រះមហាក្សត្រ​ថៃ​ Maha Vajiralongkorn កាត់បន្ថយ​រយៈពេល​ជាប់ទោស​មក​នៅ​ត្រឹម​មួយ​ឆ្នាំ​វិញ​។​ លោក​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​មន្ទីរ​ពេទ្យប៉ូលិស​ ដើម្បីព្យាបាល​អាការៈរោគដែលមិនត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង។​

មហាសេដ្ឋី​ព័ត៌មាន​រូប​នេះត្រូវ​បាន​ជាប់ឆ្នោត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រីថៃ​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០០១​ ​ ​និង​ទទួល​បាន​ភក្តីភាព​ជា​ខ្លាំង​ក្នុង​ចំណោម​ពលរដ្ឋ​ថៃ​នៅ​តាម​តំបន់ជនបទក្រីក្រ​របស់​ប្រទេសនេះ​ លើ​គោលនយោបាយមួយចំនួន​ ដូច​ជា​ការ​ថែទាំ​សុខភាព​ និង​ការ​ផ្តល់​ប្រាក់កាស​ជូន​ដល់​ប្រជាកសិករ​ក្រីក្រ​ជា​ដើម។

លោក​បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ ស្រប​ពេល​ដែល​គណបក្ស​ភឿថៃរបស់​លោក​ទទួល​បាន​ការ​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ បើ​ទោះជាទទួល​បាន​ចំណាត់​ថ្នាក់លេខ ​២ ​ក្នុង​ការបោះឆ្នោត​សកល​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុនក៏ដោយ។​ ​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក ​Thaksin នៅ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្លូវ​ច្បាប់នៅ​ឡើយ ដោយ​កាលពី​សប្តាហ៍​មុនព្រះរាជ្ញអាជ្ញាបាន​ចោទ​ប្រកាន់​លោក ពី​បទ​ប្រមាថ​បំពាន​លើ​រាជវង្ស​ថៃ​ដោយសារ​អត្ថាធិប្បាយ​របស់លោក​កាល​ពីជាង​ ១០ ​ឆ្នាំកន្លង​ទៅ៕ ​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reutersនិង​ Agence France-Presse

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG