គណបក្ស​នយោបាយ​ថៃ​ប្រឆាំង​នឹង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី

Meechai Ruchupan ថ្នាក់​ដឹកនាំ​នៃ​គណៈកម្មា​ធិការ​រៀបរៀង​រដ្ឋធម្មនុញ្ញ​ថៃ​លើក​បង្ហាញ​សេចក្តី​ព្រៀង​រដ្ឋធម្មនុញ្ញ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯសភា​ទី​ក្រុង​បាំងកក ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី ២៩ មី​នា​ ២០១៦។ REUTERS/Chaiwat Subprasom - RTSCLJW

មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្សនយោបាយ​ចាស់​ជាងគេ​បង្អស់​នៅ​ក្នុង​ប្រទេស​ថៃ បាន​ចូលរួម​ជាមួយ​នឹង​គណបក្ស​នយោបាយ​ដទៃទៀត ប្រឆាំង​នឹង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ​យោធា​នៅ​ក្នុង​ប្រទេស​នេះ។

ការប្រឆាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ឲ្យ​មាន​មន្ទិល​នៅ​ក្នុង​ការបោះឆ្នោត​ប្រជាមតិ​ទៅ​លើរដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ខែ​សីហា​ខាងមុខ​នេះ​ ​ខណៈ​ដែល​គណបក្ស​នយោបាយ​ដទៃទៀត​បាន​សហការ​គ្នា​ស្នើ​ឲ្យ​ច្រានចោលឯកសារ​ស្នើ​ច្បាប់នេះ។
មេដឹកនាំ​របស់​គណបក្ស​នយោបាយ​នេះ​ ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្រ្តី លោក​ Abhisit Vejjajiva ​បាន​រិះគន់​ដោយ​បើកចំហរ​ទៅ​លើ​សេចក្តីព្រាង​ធម្មនុញ្ញ​ថ្មី​នេះ ដោយ​បាន​ហៅ​ឯកសារ​នេះ​ថា​ជា​ «ដំណើរ​ថយក្រោយ​របស់​លទ្ធិ​ប្រជាធិបតេយ្យ»។ ​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​យប់ថ្ងៃ​អាទិត្យ​ លោក Abhisit​ បាន​មាន​ប្រសាសន៍​ថា សេចក្តីព្រាង​នេះ​ប៉ះពាល់​ដល់​ឆន្ទៈ​លទ្ធិ​ប្រជាធិបតេយ្យ និង​ធ្វើ​ឲ្យ​អំណាច​របស់​ប្រជាជន​ចុះ​ខ្សោយ បើ​ធៀប​ទៅ​នឹង​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​។​
លោក​ក៏​បាន​រិះគន់​សេចក្តីព្រាង​នេះ​ថា បំបាត់​សិទ្ធិ​របស់​ប្រជាជន​ក្នុង​ការចូលរួម​នៅ​ក្នុង​ដំណើរការ​នយោបាយ។

រដ្ឋាភិបាល​យោធា ដែល​បាន​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០១៤ បាន​ស្នើ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ទៅ​លើសេចក្តីព្រាងច្បាប់​ដែល​បាន​បញ្ចប់​ទី​២​នៃ​រដ្ឋធម្មនុញ្ញ​។ សេចក្តី​ព្រឿង​នេះរួម​មាន​ការ​តែងតាំង​យោធា​ជា​សមាជិក​ព្រឹទ្ធសភា​ចំនួន​២៥០​នាក់។

នេះ​គឺ​ខុស​ពី​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញា​បាន​រៀបរៀង​ឡើង ដែល​ស្នើ​ឲ្យជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ទាំង​២០០​នាក់​ តាមរយៈ​ការបោះឆ្នោត​ពីបណ្តា​ស្ថាប័ន​និង​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​ក្នុង​ប្រទេស​៕