គណបក្ស​ដ៏​មាន​ប្រជាប្រិយភាព​របស់​ថៃ​ត្រូវ​​បញ្ជា​ឱ្យ​បញ្ឈប់​ការ​ប្រឹងប្រែង​​កែប្រែ​ច្បាប់​​ការពារ​របប​រាជានិយម

សមាជិក​គណបក្ស​ឆ្ពោះ​ទៅ​មុខថៃ​រង់ចាំតុលាការ​ធម្មនុញ្ញ​​សាលក្រម​របស់ខ្លួន​លើ​សំណើ​អ្នកឈ្នះ​ការបោះឆ្នោត​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ​នៅ​ទីក្រុង​បាងកក

កាលពី​ថ្ងៃ​ទី៣១ ខែ​មករា តុលាការ​ធម្មនុញ្ញនៃ​ប្រទេស​ថៃ​បាន​បញ្ជា​ដល់​គណបក្ស​ជឿនលឿន​និយម​បំផុត​នៃ​ប្រទេស​នេះគឺ​គណបក្ស​ឆ្ពោះ​ទៅ​មុខ ឬ Move Forward ​ឱ្យបញ្ឈប់​ការ​ជំរុញ​ឱ្យ មាន​កំណែទម្រង់ច្បាប់​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ ដ៏​តឹងរ៉ឹង ដែលចាត់​ទុក​រាល់ការ​ជជែក​ដេញដោលដោយ​ចំហអំពី​មុខនាទី​របស់​របប​រាជាធិបតេយ្យ​ថា​ជា​បទ​ព្រហ្មទណ្ឌ។​

តុលាការ​ធម្មនុញ្ញ​ថៃ​មិន​បាន​រំលាយគណបក្សឆ្ពោះ​ទៅមុខ​ទេ ដោយ​បាន​បញ្ចៀសមិន​ឱ្យ​មានវិបត្តិ​នយោបាយកើត​ឡើង​ក្រោយ​នោះ​ភ្លាមៗ។

គណបក្ស​ឆ្ពោះទៅមុខ​ ឬ Move Forward ​បាន​ធ្វើឱ្យ​ក្រុម​អ្នក​កាន់​អំណាច​រាជានិយម​ស្រឡាំងកាំងដោយបាន​ឈ្នះ​ឆ្នោតទទួល​អាសនៈ​ច្រើន​បំផុត​ក្នុង​រដ្ឋសភានៅ​ក្នុង​ការបោះឆ្នោត​កាលពី​ខែឧសភាឆ្នាំ២០២៣។ តែ​យ៉ាង​ណា​ក៏ដោយ ក៏​បក្ស​នេះ​ត្រូវ​បាន​បង្ខំ​ឱ្យទៅ​ជា​បក្ស​ប្រឆាំងដោយ​ក្រុម​ចម្រុះ​អភិរក្សនិយមដែល​គ្រប់គ្រង​ប្រទេស​នៅ​ពេល​នេះ។

គណបក្ស​ឆ្ពោះទៅ​មុខ​បាន​ទទួល​ការ​គាំទ្រ​ពី​ក្រុម​យុវជន​និង​ពួក​មនុស្ស​ចាស់ៗ​ដោយសារ​របៀបវារៈ​កំណែទម្រង់​របស់​ខ្លួន មានរួម​ការ​កែប្រែ​ច្បាប់​ប្រមាថ​ព្រះចេស្តាដែល​អាច​នាំ​ឱ្យមាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥ឆ្នាំ​ ក្នុង​បទ​ចោទ​នីមួយៗ​ស្តីពី​ការ​ប្រមាថ​ស្ថាប័ន​រាជានិយម។

ច្បាប់​នេះការពារ​ស្ថាប័ន​កំពូល​របស់​ប្រទេស​ថៃ​ ​ដឹកនាំ​ដោយ​ព្រះរាជា Maha Vajiralongkorn​ ដែលដឹកនាំ​ប្រព័ន្ធបរិបាលភាព​ដែល​ឧបត្ថម្ភ​ផ្ចុងផ្ដើមប្រទាក់ក្រឡា​គ្នា​សំខាន់​បំផុត​របស់​ប្រទេស​ និង​ជា​ព្រះរាជា​មួយ​អង្គក្នុង​បណ្តា​ព្រះរាជាមាន​ធនធានច្រើន​ក្នុង​ពិភពលោក។

ពួក​អ្នករិះគន់​ច្បាប់​នេះនិយាយថា ​វា​សម្លាប់សេរីភាព​ក្នុង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ តឹងរ៉ឹង​ពេក​ និង​ត្រូវ​បាន​យក​ធ្វើ​ជា​អាវុធ​ដោយ​ពួក​អភិរក្សនិយមដើម្បី​ចាប់​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​គាំទ្រ​ប្រជាធិបតេយ្យដាក់គុក។ ច្បាប់​នេះ​ក៏បាន​បំបិទ​មិន​ឱ្យ​មាន​ការ​ជជែកដេញដោល​គ្នា​ទូលំទូលាយ​អំពី​កំណែទម្រង់​នយោបាយ​នៅ​ទូទាំង​ប្រទេស​ថៃ​ដែល​ជាប្រទេស​មាន​វិសមភាព​បំផុតមួយ​នៅ​អាស៊ី។

នៅក្នុង​សេចក្តីសម្រេច​ជា​ឯកច្ឆន្ទ​ តុលាការ​នេះបាន​ថ្លែង​ថា​ ​ការសន្យា​របស់​គណបក្ស​ឆ្ពោះទៅមុខ​ ​នៅ​ពេល​បោះឆ្នោតថា​នឹង​កែប្រែច្បាប់​នេះ --ដែល​ត្រូវស្គាល់​ក្នុង​ប្រទេសថា​ជា​មាត្រា​១១២​នៃ​ក្រម​ព្រហ្មទណ្ឌ – ត្រូវ​ចាត់ទុកថា ជា​ការប៉ុនប៉ង​ដោយ​សារ​អធម្មនុញ្ញភាព​ដើម្បី​«រំលំ​របប​រាជាធិបតេយ្យ»។ តុលាការ​នេះក៏បាន​បញ្ជា​ដល់គណបក្សនេះ​ឱ្យ​បញ្ឈប់យុទ្ធនាការ​នេះ​របស់​ខ្លួន​ដែរ។

ប្រទេស​ថៃមាន​ការ​តស៊ូអំណាច​តានតឹងជា​ច្រើន​ទសវត្សរ៍​មក​ហើយ​រវាង​ក្រុម​អ្នក​កាន់​អំណាច​រាជានិយម ដែល​ពឹង​ពាក់​លើរដ្ឋប្រហារ​យោធា​និង​សេចក្តី​សម្រេចរបស់​តុលាការ​ដើម្បី​រក្សា​អំណាចរបស់​ខ្លួន និង​ក្រុម​សាធារណជនដែល​បោះឆ្នោត​ច្រើន​ឡើងៗ​ឱ្យ​ពួក​គណបក្ស​លម្អៀង​ទៅ​ខាង​ប្រជាធិបតេយ្យ​ ដែលត្រូវ​បាន​រំលាយឬ​រុញ​ច្រាន​ឱ្យ​នៅ​ក្រៅ​ឆាក។

គណបក្ស​ឆ្ពោះទៅមុខបាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រឹងប្រែង​រំលំរបបរាជានិយម​ទេ​ហើយ​បាន​ព្រមាន​ថា ​សេចក្តី​សម្រេច​នេះ​ដោយ​តុលាការ​ធម្មនុញ្ញនឹង​បើក​ផ្លូវឱ្យ​មាន​ការ​ហាមប្រាម​បក្ស​នេះប្រសិនបើក្រុម​អភិរក្សនិយមយល់ថា​ខ្លួនជា​ការ​គំរាមកំហែង​មួយ។

លោក Pita Limjaroenrat បាន​និយាយប្រាប់ពួក​អ្នកសារព័ត៌មាន​ក្រោយ​តុលាការ​ធម្មនុញ្ញ​ចេញ​សេចក្តី​សម្រេច​នេះ​ថា៖ ​«ខ្ញុំ​មាន​កង្វល់​ខ្លះនៅ​ក្រោយ​តុលាការធម្មនុញ្ញធ្វើ​សេចក្តី​សម្រេច​នៅ​ថ្ងៃនេះ»។

លោកបាន​ថ្លែង​ទៀត​ថា៖ «ទីមួយ​គឺព្រំដែនរវាងស្ថាប័ន​នីតិបញ្ញត្តិ​និងស្ថាប័ន​តុលាការ។ ទីពីរ​គឺ...ការ​បាត់បង់​ឱកាស​សម្រាប់​សង្គម​ថៃក្នុង​ការ​ប្រើប្រាស់​ស្ថាប័ន​សភា​ដើម្បី​ពិភាក្សា​បញ្ហា​នេះ​ដោយ​ភាព​ចាស់ទុំ»។

កាល​ពី​ខែមករា លោក​ Pita អាយុ​៤៣ឆ្នាំបាន​គេចផុត​ពី​ការ​ប៉ុនប៉ងខាង​ផ្លូវ​ច្បាប់​មួយហាម​ប្រាម​មិន​ឱ្យ​លោក​ធ្វើ​នយោបាយ​ដោយសារ​លោក​មាន​ភាគហ៊ុននៅ​ក្នុង​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មានមួយដែលគ្មានដំណើរការ​យូរ​មក​ហើយ។

ក្រុមអ្នក​ធ្វើ​យុទ្ធនាការ​លម្អៀង​ទៅ​ខាង​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ​សេចក្តី​សម្រេច​របស់​តុលាការ​កាលពី​ថ្ងៃទី៣១ ខែ​មករា​ ​បង្ហាញថា ពួក​អ្នក​កាន់អំណាច​អភិរក្សនិយមនៅតែ​គ្រប់គ្រង​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ក្រុម​ភាគច្រើន​ ដូច​ដែល​មាន​ឆ្លុះបញ្ចាំងនៅ​ក្នុង​ការបោះឆ្នោត​ពីរ​លើក​ចុងក្រោយ​នេះ។

លោក Attapon Buapat សកម្មជន​ម្នាក់ដែល​បាន​ប្រឈម​នឹង​ការចោទប្រកាន់​ក្នុង​ករណី​មាត្រា១១២​មួយ​ចំនួន​ បាន​និយាយប្រាប់វីអូអេ​ថា៖ «ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​បារម្ភ​ខ្លាំង​ណាស់»។

លោក​បាន​ចោទ​សួរថា៖ «តុលាការ​នេះ​បាន​ពង្រីក​អំណាចខ្លួនដល់ចំណុច​មួយ​ដែល​នៅ​ពេល​នេះ​ហាក់​ដូច​ជា​[ស្ថាប័នតុលាការ]​ក៏​គ្រប់គ្រង​ស្ថាប័ន​នីតិ​បញ្ញត្តិ​និង​នីតិប្រតិបត្តិ។ ប្រសិន​បើដូច្នេះ​មែន តើ​យើង​អាច​មានផ្ទៀងផ្ទាត់​តុល្យភាពអំណាចយ៉ាង​ដូច​ម្តេច​ទៅ?»

មនុស្សជា​ច្រើន​នាក់បានជាប់ពន្ធនាគារ​តាមរយៈ​ច្បាប់​នេះតាំងពី​មានបាតុកម្មគាំទ្រប្រជាធិបតេយ្យដឹកនាំ​ដោយ​ពួក​និស្សិត​ដែលបាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ២០២០ ដោយ​គូស​បញ្ជាក់បញ្ហាកំណែទម្រង់របប​រាជាធិបតេយ្យ។

ពួកអ្នកជំនាញ​ព្រមាន​ថា​ ​គណបក្ស​ឆ្ពោះទៅមុខ​នៅតែអាច​រងគ្រោះ​ដោយ​ងាយ​បាន​ដោយ​សារ​មានញត្តិមួយ​សុំ​ឱ្យរំលាយបក្ស​នេះ ជា​មួយសេចក្តី​សម្រេច​របស់​តុលាការកាលពី​ថ្ងៃ​ទី៣១​ខែ​មករា​ ​អាច​ជាកូន​អុកមួយ​សម្រាប់​ពួក​អ្នក​កាន់​អំណាចទុក​ប្រើ​នៅ​ពេល​បន្ទាប់មក។

តុលាការ​ធម្មនុញ្ញដដែល​នេះធ្លាប់​បាន​រំលាយគណបក្ស​លម្អៀង​ទៅ​ខាង​ប្រជាធិបតេយ្យមួយ​ចំនួន​រួច​ទៅ​ហើយ មាន​រួម​គណបក្ស​អនាគត​ឆ្ពោះទៅមុខ ឬ Future Forward ដែល​ជា​បក្សមាន​កំណើត​មុនគណបក្ស​ឆ្ពោះទៅមុខ Move Forward ដែលបាន​ទទួល​សន្លឹកឆ្នោត​គាំទ្រ​៦លាន​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៩។

បួន​ឆ្នាំ​បន្ទាប់​មក គណបក្ស​ឆ្ពោះទៅមុខ​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ជិត១៥លាន។

លោក Prinya Thaewanarumitkul ដែល​ជា​សាស្ត្រាចារ្យច្បាប់​នៅ​សាកលវិទ្យាល័យ Thammasat ក្នុង​ទី​ក្រុង​បាងកក បាន​និយាយ​ថា៖ «គណបក្ស​នានា​នៅ​ថៃ អាច​ត្រូវគេ​រំលាយ​ដោយ​ងាយៗ ដែលនេះ​បំផ្លាញឧបករណ៍​សភាដែលសម្រាប់​ក្រុម​ជន​ស៊ីវិលដោះស្រាយ​ជាមួយ​មតិ​ផ្សេងៗ​គ្នា»។

លោកបាន​ថ្លែង​ទៀត​ថា៖ «ប៉ុន្តែប្រសិន​បើ​គណបក្ស​ឆ្ពោះទៅមុខ​ Move Forward​ ត្រូវ​រំលាយ​ គណបក្ស​កើត​ថ្មី​បន្ត​ទី​បី​របស់​បក្ស​នេះ​នឹង​ប្រុងប្រៀប​រះ​ឡើង។ វា​មិនមែន​ជា​បក្សដែល​ទាក់ទាញ​ចិត្តប្រជាពលរដ្ឋទេ ប៉ុន្តែ​ទស្សនៈ[កំណែទម្រង់​]ជាអ្វី​ដែល​ទាក់ទាញ​នោះ»។

នៅ​ពេលនេះ រដ្ឋាភិបាល​ថៃ​ត្រូវ​ដឹកនាំ​ដោយ លោក Srettha Thavisin មហា​សេដ្ឋី​អចលនទ្រព្យ​ ​ដែល​គណបក្ស Pheu Thai របស់​លោក​ធ្លាប់​គាំទ្រ​បុព្វហេតុ​ប្រជាធិបតេយ្យ​ ​តែ​ក្រោយ​មក​បានសម្របសម្រួលដើម្បី​ឱ្យ​បាន​កាន់​អំណាច​នៅ​ក្នុង​ក្រុមចម្រុះ​មួយ​ជាមួយ​ក្រុម​អភិរក្សនិយម។

គណបក្ស​ Pheu Thai ​ថ្លែង​ថា ​ខ្លួនចង់​ឱ្យ​មាន​ប្រទេស​ថៃ​មួយបើក​ចំហ​ជាង​មុន​ និង​មាន​សមភាព​ជាង​មុន តែ​ថា ​របប​រាជាធិបតេយ្យ​មិន​អាច​ត្រូវ​ប៉ះពាល់បាន​ដោយកំណែ​ទម្រង់​ណា​មួយ​ឡើយ៕


ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ