គណបក្ស Move Forward (MFP) ត្រូវបានប្រកាសក្រៅផ្លូវការណ៍ថា ជាគណបក្សឈ្នះការបោះឆ្នោតដែលត្រូវបានធ្វើឡើងកាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ដោយទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភាជាន់ទាបរបស់ប្រទេសថៃ និងបានយកឈ្នះលើគណបក្សអភិរក្សនិយម និងគណបក្សដែលមានការគាំទ្រពីយោធា។
គណបក្សនយោបាយចំនួន ៧ ផ្សេងទៀត រួមទាំងគណបក្ស Pheu Thai ដ៏មានប្រជាប្រិយភាព បានយល់ព្រមគាំទ្រគណបក្ស Move Forward ឱ្យធ្វើជាមេដឹកនាំនៃសម្ព័ន្ធនេះ និងគាំទ្រដល់ការជំរុញឱ្យមេដឹកនាំគណបក្ស Move Forwardលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ។
គណបក្សនយោបាយរាប់សិបបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងប្រទេសថៃ ដែលជានេះជាលើកទី ១ហើយបើគិតចាប់ពីឆ្នាំ២០១៩មក។ ប្រជាពលរដ្ឋថៃរាប់លាននាក់បានបោះឆ្នោតជ្រើសរើសសមាជិកសភាថៃចំនួន ៥០០ នាក់សម្រាប់សភាជាន់ទាប ដោយមានសន្លឹកឆ្នោតពីរប្រភេទដើម្បីជ្រើសរើសសមាជិកសភាតាមមណ្ឌលចំនួន ៤០០ អាសនៈ តាមរយៈប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល និងសមាជិកសភាតាមបញ្ជីបេក្ខជនរបស់គណបក្សចំនួន ១០០ អាសនៈ។
មេដឹកនាំគណបក្ស Move Forward លោក Limjaroenrat បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងបាងកកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ថា សម្ព័ន្ធភាពគណបក្សប្រឆាំងនេះកំពុង «ត្រូវបានបង្កើត»។
លោកបានថ្លែងក្នុងសម្តីដើមថា «ខ្ញុំគិតថា វាច្បាស់ណាស់ថា យើងមានការយល់ព្រមគ្រប់គ្រាន់ក្នុងការបង្កើតសម្ព័ន្ធមួយនៅពេលនេះ។ សារសំខាន់នៃសន្និសីទសារព័ត៌មានថ្ងៃនេះគឺដើម្បីធានាដល់សាធារណជនថា សម្ព័ន្ធរបស់ខ្ញុំកំពុងដំណើរការយ៉ាងរឹងមាំ មានសន្ទុះ និងមានការរីកចម្រើនទៅមុខ»។
លោក Limjaroenrat បញ្ជាក់ថា គណបក្សនានាកំពុងធ្វើការជាមួយគ្នា។ ការលើកឡើងបែបនេះធ្វើឡើងចំពេលមានពាក្យចចាមអារ៉ាមអំពីការបែកបាក់ដែលអាចកើតមានរវាងគណបក្សនានា។
លោក Limjaroenrat បានថ្លែងក្នុងសម្តីដើមថា «យើងក៏មានផែនទីបង្ហាញផ្លូវច្បាស់លាស់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃដែលខ្ញុំក្លាយជានាយករដ្ឋមន្ត្រី ដែលមានក្រុមការងារមួយចំនួនដើម្បីដោះស្រាយភាពខុសគ្នា និងធ្វើឱ្យប្រាកដថា មានការបន្តអំណាច កាត់បន្ថយហានិភ័យ និងកាត់បន្ថយកត្តាអស្ថិរភាពដែលអាចបំផ្លាញប្រទេស ឬសេដ្ឋកិច្ច ឬទីផ្សារហិរញ្ញវត្ថុ»។
លោកបានបន្ថែមថា «ក្រុមចរចាកំពុងធ្វើការជំនួសមុខប្រជាពលរដ្ឋ… ហើយក្រុមមួយទៀតគឺជាក្រុមអន្តរកាលដើម្បីធ្វើឱ្យប្រាកដថា មានការផ្ទេរអំណាច ប្រសិនបើមានអ្វីមួយដែលយើងចង់បន្ត យើងនឹងបន្ត ប្រសិនបើមានអ្វីមួយដែលយើងចង់ឈប់ យើងនឹងឈប់»។
បើយោងតាមបែបបទនៃការបោះឆ្នោត គណបក្សឈ្នះការបោះឆ្នោតត្រូវការអាសនៈភាគច្រើនចំនួន ៣៧៦ អាសនៈ ដោយសារសភាជាន់ខ្ពស់របស់ថៃក៏មានសមាជិកព្រឹទ្ធសភាចំនួន ២៥០ អាសនៈផងដែរ។ គណបក្ស Move Forward ទទួលបាន ១៥២ អាសនៈពីអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតប៉ុន្តែជាមួយនឹងសម្ព័ន្ធនយោបាយ ៨ គណបក្សដែលបានប្រកាសថ្មីៗនេះ ចំនួនអាសនៈនឹងកើនឡើងទ្វេដងដល់ ៣១៣ អាសនៈក្នុងជួររដ្ឋាភិបាល។
លោក Limjaroenrant បានបានថ្លែងក្នុងសម្តីដើមថា «ក្នុងរយៈពេលពីរបីខែខាងមុខនេះ ខ្ញុំជឿថាយើងអាចចាប់ផ្តើមធ្វើការងារសម្រាប់ប្រជាជនដើម្បីឆ្ពោះទៅមុខភ្លាមៗ»។
អ្នកបោះឆ្នោតថៃចំនួន ៣៩ លាននាក់បានចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសាកលកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា កន្លងទៅ។ បើយោងតាមរបាយការណ៍ អ្នកចេញទៅបោះឆ្នោតមានចំនួនលើស ៧៥%។ ការបោះឆ្នោតបានបើកនៅម៉ោង ៨ ព្រឹក និងបិទនៅម៉ោង ៥ ល្ងាចនៅថ្ងៃអាទិត្យ។
មានពាក្យចចាមអារ៉ាមក្នុងពេលប៉ុន្មានថ្ងៃនេះថា គណបក្ស Pheu Thai អាចនឹងព្យាយាមប្រកួតប្រជែងជាមួយគណបក្ស Move Forward ដោយបង្កើតសម្ព័ន្ធមួយទៀត។
ប៉ុន្តែគណបក្ស Pheu Thai បានបដិសេធរបាយការណ៍ទាំងនោះ និងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងចូលរួមជាមួយក្រុមប្រឆាំង។ ˆ
គណបក្សក្នុងសម្ព័ន្ធនេះរួមមានគណបក្ស Pheu Thai គណបក្ស Prachachart គណបក្ស Thai Sang Thai គណបក្ស Seri Ruam Thai គណបក្សយុត្តិធម៌ គណបក្ស Pue Thai Rumphlang និងគណបក្ស Plung Sungkom Mai។
សម្ព័ន្ធភាពគណបក្សប្រឆាំងនេះនឹងបន្ថែមអាសនៈចំនួន ១៦១ ទៀត។ គណបក្ស Move Forwardបានសន្យាថា គណបក្សនឹងធ្វើយុទ្ធនាការកាត់បន្ថយឥទ្ធិពលយោធាលើរដ្ឋាភិបាលថៃ និងបញ្ចប់ការកេណ្ឌទាហាន។ ការសន្យាដ៏ធំបំផុតគឺការធ្វើកំណែទម្រង់របបរាជានិយមថៃ និងធ្វើវិសោធនកម្មច្បាប់ប្រឆាំងរាជាធិបតេយ្យ ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីយុវជនថៃ។ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ការតវ៉ាប្រឆាំងរដ្ឋាភិបាល និងរបបរាជានិយមដែលដឹកនាំដោយយុវជនថៃបានធ្វើឱ្យភាពច្របូកច្របល់ក្នុងប្រទេសថៃ។
ការប៉ះទង្គិចនិងភាពចម្រូងចម្រាសបានកើតឡើងនៅពេលដែលបាតុករ និងសកម្មជនរាប់រយនាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ដែលហាមឃាត់ការរិះគន់របបរាជានិយម និងផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរចំពោះជនល្មើស។ លោក Napon Jatusripitak អ្នកវិទ្យាសាស្ត្រនយោបាយថៃនៅវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរីបានថ្លែងថា គណបក្ស Pheu Thai គឺជាការបន្ថែមដ៏សំខាន់មួយ។
លោកបានប្រាប់ VOA ថា «គណបក្ស Pheu Thai គឺជាតួអង្គដ៏សំខាន់បំផុត និងអាចទទួលបានផលប្រយោជន៍ច្រើនជាងគេ ប្រសិនបើលោក Pita ត្រូវបានដកសិទ្ធិ ឬប្រសិនបើសម្ព័ន្ធភាពបក្សប្រឆាំងនេះមិនអាចបង្កើតបានក្រោមការដឹកនាំរបស់គណបក្ស Move Forward។ ដោយសារចំនួនអាសនៈដែលគណបក្ស Pheu Thai មាន សម្ព័ន្ធណាមួយអាចសម្រេចបានលុះត្រាតែមានវត្តមានរបស់គណបក្សនេះ»។
គណបក្ស Pheu Thai ដឹកនាំដោយអ្នកស្រី Paetongtarn Shinawatra ក្នុងការបោះឆ្នោតសកល និងជាគណបក្សដែលមានប្រជាប្រិយភាពជាងគេនៅមុនការបោះឆ្នោតដែលគេរំពឹងថានឹងទទួលបានអាសនៈច្រើនជាងគេ។
អ្នកស្រី Paetongtarn ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra ដែលរត់ភៀសខ្លួន មិនមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា នោះទេ។
លោក Jatusripitak បានកត់សម្គាល់ថា «សម្ព័ន្ធភាពគណបក្សប្រឆាំងនេះនឹងត្រូវបង្កើនសម្ពាធលើព្រឹទ្ធសភា និងគណបក្សនៅក្រៅសម្ព័ន្ធដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីរបស់ខ្លួនដោយឈរលើគោលការណ៍មួយ ដែលនេះជាការបញ្ចុះបញ្ចូលដ៏លំបាក ដោយសារគណបក្សទាំងនេះនឹងប្រឆាំងនឹងការចង់បានរបស់អ្នកគាំទ្ររបស់ពួកគេបើបោះឆ្នោតឱ្យលោក Pita។ សម្ព័ន្ធដែលដឹកនាំដោយ គណបក្ស Move Forward ក៏អាចត្រូវបានបង្ខំឱ្យបន្ទន់ជំហររបស់ខ្លួនចំពោះមាត្រា ១១២ [ទាក់ទងនឹងច្បាប់ប្រមាថព្រះមហាក្សត្រ] ដើម្បីទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាមួយចំនួន ឬគណបក្សផ្សេងទៀត»។
អង្គការបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី ឬ ANFREL ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានថ្លែងកាលពីថ្ងៃពុធ ទី១៧ ខែឧសភា ថា តម្លាភាពនៃការបោះឆ្នោតនៅឆ្នាំនេះមានភាពល្អប្រសើរជាងមុនច្រើន។
នៅក្នុងការបោះឆ្នោតសាកលឆ្នាំ ២០១៩ អង្គការបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី ANFREL បានរិះគន់ដំណើរការបោះឆ្នោតថា មានកំហុសច្រើន។ នៅឆ្នាំនោះ នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន លោក Prayut Chan-Ocha បានជាប់ឆ្នោតជាមេដឹកនាំស៊ីវិល ៥ ឆ្នាំបន្ទាប់ពីលោកបានដឹកនាំរដ្ឋប្រហារយោធា។
លទ្ធផលនៃការបោះឆ្នោតឆ្នាំនេះអាស្រ័យលើសមាជិកព្រឹទ្ធសភា និងអាស្រ័យទៅលើថាតើព្រឹទ្ធសភានឹងគាំទ្រសម្ព័ន្ធរបស់គណបក្ស Move Forward ដែរឬយ៉ាងណា។
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ មានពេលរហូតដល់ ៦០ ថ្ងៃដើម្បីបញ្ជាក់លទ្ធផលបោះឆ្នោត៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា