កាសែតថៃ Bangkok Post បានរាយការណ៍ថា គ្មានការប៉ះទង្គិចគ្នារវាងកងទ័ពរបស់ភាគីកម្ពុជា និងថៃនៅកោះគុតនោះទេ ហើយក៏គ្មានស្ថានភាពតានតឹងផ្នែកសន្តិសុខនៅកោះទេចរណ៍មួយនេះដែរ ខណៈអាជ្ញាធរថៃកំពុងចាត់វិធានការប្រឆាំងនឹងបុគ្គលដែលផ្សព្វផ្សាយដំណឹងក្លែងក្លាយតាមប្រព័ន្ធអនឡាញដែលថា មានការប្រឈមមុខដាក់គ្នារវាងទាហានកម្ពុជា និងថៃនៅដែនកោះនោះ។
មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាមួយរូបក៏បានច្រានចោលការផ្សព្វផ្សាយព័ត៌មានអំពីការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងថៃនោះថា ជា«ព័ត៌មានមិនពិត»។
បើតាមសេចក្តីរាយការណ៍របស់កាសែត Bangkok Post ដែលចេញផ្សាយនៅថ្ងៃចន្ទ ស្ថានភាពទេសចរណ៍នៅលើកោះគុតស្ថិតក្នុងភាពល្អប្រសើរ បន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ក្លែងក្លាយអំពីការប្រឈមមុខដាក់គ្នារវាងកងទ័ពថៃ និងកម្ពុជានៅទីនោះ។
កាសែតនេះបានស្រង់សម្តីលោក Jirayu Houngsub ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រីថៃអ្នក ស្រី Paetongtarn Shinawatra កាលពីថ្ងៃអាទិត្យថា៖ «ដំបូងគឺថា គ្មានស្ថានភាពតានតឹងផ្នែកសន្តិសុខរវាងប្រទេសថៃ និងកម្ពុជានៅលើកោះគុតដូចពាក្យចចាមអារ៉ាមនោះឡើយ»។
លោកត្រូវបានកាសែត Bangkok Post ដកស្រង់សម្តីបន្ថែមថា៖ «ហើយក៏គ្មានការលើកគ្នាទាំងហ្វូងរបស់អ្នករស់នៅលើកោះគុតចេញពីកោះនេះ ដូចពាក្យចចាមអារ៉ាមនោះដែរ។ ក្នុងស្ថានភាពពិត គឺថា មានអ្នកកម្សាន្តឈរបន្តកន្ទុយគ្នារង់ចាំឡើងកប៉ាល់ឆ្លងទៅកោះនោះ»។
បើតាម លោក Jirayu Houngsub កម្លាំងមានសមត្ថកិច្ចថៃបានកំពុងចាត់វិធានការប្រឆាំងនឹងជនទាំងឡាយណាដែលរំលោភច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ ដោយការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីកោះគុតតាមប្រព័ន្ធអនឡាញ។ ជនល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគារដល់៥ឆ្នាំ និងពិន័យជាប្រាក់ខ្ពស់បំផុតដប់សែនបាត ឬជិត ៣០០០ ដុល្លារអាមេរិក។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ តែគ្មានការឆ្លើយតបសំណួរដែលបានផ្ញើតាមសារអ៊ីមែល។
នាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យវីអូអេដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ការផ្សព្វផ្សាយព័ត៌មានអំពីការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ នៅកោះគុតជា «ព័ត៌មានមិនពិត» ហើយ «គ្មានការប៉ះទង្គិច ឬការប្រឈមមុខគ្នាទេ»។
លោកបានបន្ថែមថា កម្ពុជាក៏មិនបានបញ្ជូនកម្លាំងទ័ពទៅឈរជើងលើកោះគុតដែរ។លោកលើកឡើងថា៖ «កម្លាំងយើងអត់មាននៅកោះគុតទេ»។
ទាក់ទិននឹងបច្ចុប្បន្នភាពនៅកោះគុត វិទ្យុអាស៊ីសេរីដែលផ្សាយជាខេមរភាសាបានរាយការណ៍កាលពីថ្ងៃទី ១០ ខែវិច្ឆិកាថា កោះគុតត្រូវបានរដ្ឋាភិបាលថៃអភិវឌ្ឍបង្កើតទៅជាតំបន់ទេសចរណ៍ ដោយមានភ្ញៀវមកកម្សាន្តប្រហែល ៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ ហើយកោះនេះ ក៏ជាកន្លែងទាហានជើងទឹករបស់ថៃយកធ្វើជាកន្លែងសមយុទ្ធផងដែរ។
សេចក្តីរាយការណ៍ដដែលបានឱ្យដឹងទៀតថា តំបន់ដែលភាគីថៃអះអាងថា ជាតំបន់ «ត្រួតស៊ីគ្នា» នេះអាចមានកំណប់ប្រេង និងឧស្ម័នដែលមានតម្លៃយ៉ាងហោចណាស់ ៣០០ ពាន់លានដុល្លារ។
យោងតាមសេចក្តីរាយការណ៍របស់កាសែត Bangkok Post ដែលចេញផ្សាយនៅថ្ងៃចន្ទ កោះគុតបានក្លាយជាការចាប់អារម្មណ៍របស់សាធារណជន ខណៈមានការអំពាវនាវជាច្រើនឱ្យមានការបន្តការចរចាជាមួយកម្ពុជា លើការអភវិឌ្ឍរួមគ្នារកធនធានប្រេង និងឧស្ម័ននៅក្នុងឈូងសមុទ្រថៃនៅក្រោមក្របខណ្ឌអនុស្សរណៈឆ្នាំ ២០០១ ដ៏ចម្រូងចម្រាស ដែលអ្នករិះគន់បានជជែកវែកញែកថា វាអាចធ្វើឱ្យថៃបាត់បង់ទឹកដី។
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលបានបន្តតាមដានបញ្ហាព្រំដែនកម្ពុជា បានថ្លែងក្នុងកិច្ចសន្ទនាមួយតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកថា បើតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧ និងផែនទីដែលភ្ជាប់ក្នុងឧបសម្ព័ន្ធ កម្ពុជាត្រូវទទួលបានកោះគុត ២/៣ ខណៈថៃមានចំណែក១ភាគ៣នៃកោះនោះ។ លោកបញ្ជាក់ទៀតថា កោះគុតមានផ្ទៃ ១០៥ គីឡូម៉ែត្រការ៉េ បណ្ដាយ ២៣ គីឡូម៉ែត្រ ទទឹង ៩ គីឡូម៉ែត្រ ដែលថៃជាអ្នកគ្រប់គ្រងទាំងស្រុង។
លោកបន្តថា កម្ពុជាមិនអាចទាមទារកោះគុតពីថៃបានដោយការចរចាទេ្វភាគីទេ តែត្រូវប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (International Court of Justice) ហើយថា បើកម្ពុជាបាត់បង់កោះនេះទាំងស្រុងនោះ ផ្នែកខ្លះទៀតនៃដែនសមុទ្រកម្ពុជានឹងបាត់បង់ទៅខាងថៃ ព្រោះនៅចំណុចខ្ពស់បំផុតនៃកោះគុតជាចំណុចមូលដ្ឋានមួយនៃការកំណត់ព្រំដែនសមុទ្រកម្ពុជាថៃ។
លោកថ្លែងថា៖ «យើងមានបទពិសោធន៍។ បទពិសោធន៍កាលឆ្នាំ ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំងពេលហ្នឹង។ ថៃបានដាក់កម្លាំងមកគ្រប់គ្រងនៅប្រាសាទព្រះវិហារទាំងស្រុងតែម្ដង ឈ្លានពានទឹកដីយើងរហូតដល់ពេលហ្នឹងសម្ដេចតាអត់មានទៅចរចាជាមួយភាគីថៃទេណ៎ា! បើចរចាទ្វេភាគីជាមួយភាគីថៃ! ប្រាសាទព្រះវិហារថៃអត់ឱ្យមកវិញទេ ព្រោះថៃគ្រប់គ្រងឆ្នាំ ១៩៥៤ មួយរយភាគរយទៅហើយហ្នឹង។ ដូចកោះគុតអញ្ចឹង កោះគុតសព្វថ្ងៃ គឺថៃគ្រប់គ្រងមួយរយភាគរយហើយ រឿងអីថៃឱ្យមកវិញ? ចរចាទ្វេភាគី ថៃមិនឱ្យមកវិញទេ អា ២ភាគ៣ហ្នឹង។ ចំណែក ២ភាគ៣របស់យើងហ្នឹង? ដូច្នេះមានតែប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិទេ»។
បើតាមលោក អ៊ុំ សំអាន ថ្នាក់ដឹកនាំកម្ពុជា រួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra ដែលបានបកស្រាយនៅមុខអ្នកនយោបាយ សកម្មជន និងសង្គមស៊ីវិលថៃថា កោះគុតជារបស់ថៃ ហើយរដ្ឋាភិបាលកម្ពុជាថៃបានឯកភាពគ្នាថា កោះគុតស្ថិតក្នុងទឹកដីថៃ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែន បូណា តាមប្រព័ន្ធទំនាក់ទំនង WhatsApp តែគ្មានការឆ្លើយតប។ វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោកឡាំ ជា ប៉ុន្តែក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននៅឡើយដែរ។
ក្នុងសេចក្តីរាយការណ៍ដាច់ដោយឡែកមួយទៀត របស់កាសែត Bangkok Post ដែលចុះកាលពីថ្ងៃទី ៩ ខែវិច្ឆិកា អ្នកស្រី Paetongtarn Shinawatra បានឱ្យដឹងថា ប្រទេសកម្ពុជាត្រូវបានផ្តល់ដំណឹងរួចហើយថា ការចរចានានាលើតំបន់សមុទ្រដែលមានជម្លោះក្រោមអនុស្សរណៈយោគយល់ឆ្នាំ ២០០១ នឹងបន្តទៀត បន្ទាប់ពីគណៈកម្មាធិការបច្ចេកទេសរួមមួយហៅកាត់ថា JTC ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែនេះ។ អ្នកស្រីបានបញ្ជូនសារនេះបន្តទៅនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន ម៉ាណែត អំឡុងពេលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៨ នៅទីក្រុង Kunming ប្រទេសចិន។
បើតាមកាសែត Bangkok Post នៅក្នុងការខិតខំដោះស្រាយកង្វល់នានាដែលថា ថៃអាចមានហានិភ័យនឹងការបាត់បង់អធិបតេយ្យពាក់ព័ន្ធនឹងកោះគុតនៅខេត្តត្រាតទៅប្រទេសកម្ពុជាប្រសិនបើរដ្ឋាភិបាលថៃបន្តចរចានៅក្រោមអនុស្សរណៈយោគយល់នោះ អ្នកស្រី Paetongtarn បានថ្លែងថា ប្រទេសកម្ពុជាមិនមានបញ្ហា ទាក់ទិនកោះគុតទេ ហើយកង្វល់របស់កម្ពុជាតែមួយគត់គឺនៅពេលណាដែល គណៈកម្មាធិការបច្ចេកទេសរួម (JTC) បានត្រៀមខ្លួនរួចរាល់នោះ។
អ្នកតាមដានភូមិសាស្រ្ដនយោបាយ លោក សេង វណ្ណលី បានកត់សម្គាល់ថា បញ្ហាកោះគុតកំពុងក្លាយជារឿងចម្រូងចម្រាសនៅក្នុងនយោបាយថៃ ដែលអាចបង្កជាឧបសគ្គសម្រាប់រដ្ឋាភិបាលថៃ និងកម្ពុជាក្នុងការដោះស្រាយតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រដែលស្ថិតក្នុងជម្លោះរវាងភាគីទាំងពីរ និងការកំណត់តំបន់អភិវឌ្ឍរួមគ្នា។
ទោះយ៉ាងណា លោកស្នើឱ្យភាគីកម្ពុជាធ្វើការចរចា ដោយមិនត្រូវញែកចេញពីគ្នានៃការកំណត់ព្រំដែនទឹក និងតំបន់អភិវឌ្ឍរួមគ្នា ដើម្បីបញ្ចៀសការចាញ់ប្រៀបទៅភាគីថៃ ដែលយល់ថា កម្ពុជាហាក់ដូចជាផ្តល់អាទិភាពលើការអភិវឌ្ឍរួមដើម្បីប្រយោជន៍សេដ្ឋកិច្ច ជាជាងការកំណត់ព្រំដែនខណៈកម្ពុជាកំពុងប្រឈមនឹងការខ្វះចន្លោះនៃការត្រួតពិនិត្យអំណាចក្នុងស្ថាប័នទាំងបីរបស់រដ្ឋាភិបាល ហើយសំឡេងគណបក្សជំទាស់ក៏កាន់តែខ្សោយទៅ៕