សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ក្នុង​ប្រទេស​ថៃ

  • Steve Herman

ពួកយោធា​ថៃ បានធ្វើ​រដ្ឋ​ប្រហារ​នៅ​​ថ្ងៃ​ព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០១៤។

សហរដ្ឋ​អាមេរិក ​កំពុង​អំពាវនាវឲ្យ​ដោះលែង​ពួក​មេដឹកនាំនយោបាយ​ជាន់​ខ្ពស់​របស់ប្រទេស​ថៃ​ដែល​នៅពេល​នេះ​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​របស់់​ពួកយោធា​បន្ទាប់​ពីរដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បត៍។ ​

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​កំពុង​ជំរុញ​ឲ្យ​ពួក​យោធា​ដាក់ឲ្យ​មាន​រដ្ឋាភិ​បាលស៊ី​វិល​ឡើង​វិញ ​ធ្វើ​ឲ្យ​ប្រទេស​វិល​ត្រឡប់​ទៅ​កាន់​ប្រជា​ធិបតេយ្យ​វិញហើយ​នឹង​គោរព​សិទ្ធិ​មនុស្សនិង​សេរីភាព​សំ​ខាន់ៗ។

​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ John Kerry ​បាន​និយាយ​ខ្លាំង​ៗ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «​គ្មាន​មូលហេតុ​សម​រម្យ​សម្រាប់​រដ្ឋប្រហារ​យោ​ធា​នេះទេ»។

លោក Steve Herman នៃ​វីអូអេ សម្ភាស​លោកស្រី​ Kristie Kenney ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ នៅក្នុងទីក្រុងបាងកក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤. (VOA News)


​លោកស្រី​ Kristie Kenney ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ ​បាន​ប្រាប់​ VOA ថា ​ការ​ដណ្តើម​អំណាច​ខាង​យោ​ធា ​នឹង​មាន​ភាព​សាំ​ញ៉ាំ​សម្រាប់​ទំនាក់​ទំនង​ការទូតរវាង​ប្រទេស​ទាំង​២​ដែលមាន​តាំងពី​ឆ្នាំ​១៨៨៣។

«​រដ្ឋ​ប្រហារ​ក្នុង​ប្រទេស​ថៃ ​នឹង​មាន​ផល​អវិជ្ជមាន​។ មាន​ការ​សើរើ​ពិនិត្យ​មើល​ថ្នាក់​ខ្ពស់​ឡើង​វិញនៅ​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីន​តោនដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកពី​ជំនួយ​របស់​យើងហើយ​នឹង​ការ​ពាក់​ព័ន្ធ​របស់​យើង​ជាមួយ​ថៃ ​ជាពិសេសជាមួយ​យោ​ធា​ថៃ»។

​ថៃ ​ជា​សម្ព័ន្ធ​មិត្តដ៏​សំខាន់​មួយរបស់​អាមេរិកនៅ​ក្នុង​តំបន់​ភូមិភាគ​អាស៊ី​អាគ្នេយ៍។ ​ប្រទេស​ទាំង​២ ​បាន​ធ្វើ​សមយុទ្ធ​យោ​ធាប្រចាំ​ឆ្នាំ​ដ៏​ធំបំផុតនៅ​ក្នុង​តំបន់​ហៅ​ថា «ពស់​វែក​មាស ឬ Cobra Gold » ​ក៏ប៉ុន្តែ ​ក៏​មាន​កិច្ច​សហប្រតិបត្តិ​ការសំខាន់​ៗ​នៅ​ក្នុង​វិស័យ​នានាចាប់​តាំង​ពី​សុខភាព​សាធារណៈ​ដល់​ការ​ការពារ​សត្វ​ព្រៃ។

លោក​ស្រី​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ ​មានប្រសាសន៍​បន្ត​ទៀត​ថា ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​ដែល​បាន​ព្យួរ​រដ្ឋ​ធម្មនុញ្ញ​ដែរ​នោះ ហើយ​បាន​ដាក់​បម្រាម​គោចរណ៍នៅពេល​យប់​ជា «ការ​ភ្ញាក់​ផ្អើលបន្តិចដល់​យើង​ទាំងអស់​គ្នា» ​ថ្វីបើ​មាន​ការលំបាក​ខាង​នយោបាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ដែល​បាននាំ​ឲ្យ​មាន​រដ្ឋ​ប្រ​ហារហើយ​ការ​ដាក់​ច្បាប់​អាជ្ញាសឹកដោយ​អគ្គ​មេបញ្ជារការ​យោធាកាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។

«មាន​សញ្ញា​ថា ​អ្វី​ៗ ​មិនជា​ធម្មតា។ ក៏ប៉ុន្តែ ​និយាយ​តាម​ការពិត​ មុនពេល​ការ​ប្រកាស​ ​បាន​កើត​មាន​ឡើង​ ​ភាគី​ពាក់​ព័ន្ធ​ទាំ​ង​អស់​ ​បាន​ជួប​ជុំ​គ្នា ​ខ្ញុំ ​គិត​ថា ​យើង​ទាំងអស់​គ្នា​ ​បាន​គិតថា ​មាន​ឱកាស​យ៉ាង​ច្រើន​នៃ​ការ​សន្ទនាគ្នា​ពិត​ប្រាកដ​ដែល​យើង​ទាំងអស់​គ្នា ​បាន​ស្វែង​រក»។

​បន្ទាប់​ពី​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​សេចក្តី​រាយការណ៍​ ​ចុះ​ផ្សាយ​នៅក្នុង​ប្រព័ន្ធ ​Internet ​បាន​និយាយ​ស្មាន​ៗ​ថា ​នាយករដ្ឋ​មន្រ្តី​ស្តីទី​និង​សមា​ជិក​ផ្សេង​ទៀត​របស់​គណៈ​រដ្ឋ​មន្រ្តីដែល​ត្រូវ​បាន​គេបណ្តេញ​ចេញ​ពី​តំណែង​ ​បាន​ជ្រក​ពួន​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក។

លោក​ស្រីឯក​អគ្គ​រដ្ឋ​ទូត​ Kenney ​បាន​បដិសេធ​សេចក្តី​រាយការណ៍​នោះ​ហើយ ​បាន​មាន​ប្រសាសន៍​ថា ​សេចក្តី​រាយការណ៍​ទាំង​នោះ ​ចង្អុល​បង្ហាញដល់​ភាព​គ្រោះ​ថ្នាក់នៃ​ការ​រឹតត្បិត​របស់មេដឹកនាំ​រដ្ឋ​ប្រហារលើ​សេរីភាពហើយ​នឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន។

«លោក​និង​ខ្ញុំ ​អាចសន្ទនាគ្នានៅ​ទី​នេះ​ដែល​ប្រជា​រាស្រ្ត​ក្នុង​ប្រទេស​ថៃ មិន​មាន​លទ្ធភាព​សន្ទនាគ្នា។ ​ដូច្នេះ ការណ៍​នេះ នាំ​ឲ្យ​មានពាក្យ​ចចាម​អារ៉ាម​យ៉ាង​ច្រើន​ ពីព្រោះ​តែ ​គ្មាន​ទូរទស្សន៍ ​វិទ្យុ​ ​ការពិភាក្សា​ជាធម្មតា។ ​ហើយ ​ខ្ញុំ ​គិតថា ​នេះ ​ជា​គ្រោះ​ថ្នាក់​បំផុតនៅ​ក្នុង​សង្គម»។

សេចក្តី​ថ្លែងការណ៍​ប្រើ​ពាក្យពេចន៍​ខ្លាំង​ៗរបស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេ​រិក​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ បាន​ហៅ ​ការ​ដណ្តើម​យក​អំណាចដោយ​កម្លាំងយោ​ធា​របស់​ថៃថា ​ជា​ «រដ្ឋ​ប្រហា»​ ​ដែល​ផ្ទុយពី​ប្រតិកម្ម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកដល់​ស្ថាន​ភាព​ក្នុង​ប្រទេស​អេហ្ស៊ីបកាល​ពី​ឆ្នាំ​ទៅ។ ​នៅ​ពេល​ដែល​យោធា​របស់អេហ្ស៊ីប ​បានទម្លាក់​រដ្ឋាភិបាល​ស៊ី​វិល​ដែល​ជាប់​ឆ្នោត ​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​ ​មិន​បាន​ចាត់​ទុក​សកម្មភាព​នោះ​ថា ​ជា​រដ្ឋ​ប្រហារ​ទេ។

​ពួក​អ្នក​វិភាគ ​និយាយ​ថា ​ប្រតិកម្ម​ខុសគ្នា​ ​អាច​ត្រូវពន្យល់​មួយផ្នែក​ដោយ​ពី​របៀប​នៃ​ការ​ប្រើវាក្យស័ព្ទ​ ​អាច​មាន​ផល​ប៉ះ​ពាល់​ជំនួយ​បរទេស។

​នៅ​ក្រោម​ច្បាប់​ជំនួយ​បរទេស​ ​សហរដ្ឋ​អាមេរិក ​ត្រូវព្យួរ​ជំនួយ​ដល់​ប្រទេស​នានា​ដែល​ ​មាន​រដ្ឋ​ប្រហារ​យោ​ធា។

អេហ្ស៊ីប ​ទទួលជំនួយ​បរទេសប្រហែល​១ពាន់​៥រយ​លាន​ដុល្លា​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន។

​បន្ទាប់​ពី​រដ្ឋ​ប្រហារក្នុង​ប្រទេសថៃ ​កាល​ពី​ឆ្នាំ​២០០៦​ ​សហរដ្ឋ​អាមេរិក ​បាន​ព្យួរ​ជំនួយ​ខាង​ហ្វឹកហាត់​យោធា​និង​ការ​ថែររក្សា​សន្តិភាព​ ​ក៏ប៉ុន្តែ ​មាន​តម្លៃសរុប​តែ​២៤​លាន​ដុល្លា​ទេ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន