នៅពេលដែលមានការព្រួយបារម្ភពីការកើនឡើងនៃការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពីសំណាក់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយចំនួន ៣០ ស្ថាប័ន បានជួបជុំគ្នា កាលពីថ្ងៃអាទិត្យ និងបានអំពាវនាវឲ្យ សភាដឹកនាំកំណែទម្រង់ជាតិ ឬ NSRA ធ្វើវិសោធនកម្មច្បាប់នេះដោយអះអាងថា ច្បាប់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ប៉ះពាល់ដល់សេរីភាពសារព័ត៌មានរបស់ប្រទេសថៃ។
ការភ័យខ្លាចការគ្រប់គ្រងរបស់រដ្ឋាភិបាល
លោក Thepchai Yong ប្រធានសហព័ន្ធអ្នកសារព័ត៌មានថៃបាននិយាយថាកិច្ចប្រជុំនេះមានគោលបំណងបង្ហាញពីការព្រួយបារម្ភពីអនាគតរបស់វិស័យសារព័ត៌មាន ចាប់តាំងពីការចូលកាន់អំណាចរបស់របបយោធាក្នុងឆ្នាំ ២០១៤។
លោក Thepchai ប្រាប់ VOA ថា៖ «កម្មវត្ថុគឺដើម្បីសម្ដែងការព្រួយបារម្ភ និងការប្រឆាំងរបស់យើងចំពោះច្បាប់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលកំពុងរង់ចាំគណៈកម្មាធិការធ្វើការកែទម្រង់ ដែលយើងគិតថាវាពិតជាគ្រោះថ្នាក់ព្រោះថាច្បាប់ថ្មីនេះនឹងផ្ដល់អំណាចឲ្យរដ្ឋាភិបាលរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយ»។
ការភ័យខ្លាចត្រូវបានផ្ដោតលើសេចក្ដីព្រាងច្បាប់ថ្មី
សេចក្ដីព្រាងច្បាប់ថ្មីត្រូវបានរិះគន់ដោយប្រព័ន្ធផ្សព្វផ្សាយភាសាថៃនិងភាសាអង់គ្លេស ទៅលើការការពារសិទ្ធិ វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយ និងស្តង់ដារនៃអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ។ ក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយជាតិ នឹងរួមបញ្ចូលថ្នាក់ដឹកនាំកំពូលពីរនៃក្រសួងបួន «ដើម្បីដាក់បញ្ជា និងដឹកនាំកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ»។ នេះបើតាមតាមចុះផ្សាយក្នុងបទវិចារណកថារបស់សារព័ត៌មាន Bangkok Post។
បទវិចារណកថានេះក៏បានឲ្យដឹងថា៖ «វត្តមានរបស់រដ្ឋាភិបាលនៅក្នុងក្រុមប្រឹក្សាសារព័ត៌មាន និងការផ្ដល់អាជ្ញាប័ណ្ណដល់អ្នកសារព័ត៌មាន មិនដែលជាផ្នែកនៃសារព័ត៌មានសេរីនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនដែលប្រព័ន្ធផ្សព្វផ្សាយបម្រើ មានសមត្ថភាពក្នុងការបន្តកែទម្រង់វិស័យសារព័ត៌មាន ឥតឈប់ឈរ»។
ប្រព័ន្ធបច្ចុប្បន្នមិនល្អឥតខ្ចោះ
ច្បាប់ថ្មីនេះ នឹងជំនួសប្រព័ន្ធច្បាប់ដែលអនុម័តដោយខ្លួនឯង ដែលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនិយាយថា ធានាបាននូវ ទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ និងតម្រូវតាមការទាមទារឲ្យមានការផ្លាស់ប្ដូររបស់សាធារណជន។
ក្រុមអ្នកវិភាគផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិយាយថា ពេលខ្លះប្រព័ន្ធច្បាប់ដែលអនុម័តដោយខ្លួនឯងបរាជ័យ។ លោក Thepchai ទទួលស្គាល់ថាជំនឿរបស់សាធារណជនលើប្រព័ន្ធផ្សព្វផ្សាយ ក៏ត្រូវបានប៉ះពាល់ដោយបរិយាកាសនយោបាយបែកបាក់របស់ថៃនិងជាញឹកញយដោយសារការរាយការណ៍តាមបែបប្រកាន់បក្ខពួក។
ច្បាប់ថ្មីនឹងចុះបញ្ជីអ្នកសារព័ត៌មាន និងបង្ខំឲ្យពួកគេកាន់ប័ណ្ណសម្គាល់ខ្លួន
លក្ខណៈចម្រូងចម្រាសនៃច្បាប់នេះតម្រូវឲ្យបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតត្រូវចុះឈ្មោះក្នុងបញ្ជីនិងកាន់ប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានជាមួយនឹងការគំរាមដកហូតប័ណ្ណនោះព្រមទាំងការពិន័យធ្ងន់ធ្ងរចំពោះការរំលោភវិជ្ជាជីវៈ។
លោក Thepchai ប្រាប់ VOA ទៀតថា៖ «ប្រសិនបើពួកគេ បង្កើតច្បាប់ថ្មីនេះដោយជោគជ័យ វានឹងក្លាយជាលើកទីមួយ ដែលប្រព័ន្ធផ្សព្វផ្សាយបែបផ្ដល់អាជ្ញាប័ណ្ណនឹងចាប់ផ្ដើមនៅក្នុងប្រទេសថៃ ហើយនេះជាអ្វីដែលយើងគិតថា ជារឿងគួរឲ្យខ្លាច ពីព្រោះ វានឹងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ»។
លោកបាននិយាយថាប្រសិនបើច្បាប់ថ្មីនេះជោគជ័យ «បងធំ» នឹងឃ្លាំមើលអ្នកសារព័ត៌មាន និងស្ថាប័នរបស់ពួកគេ។
ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតឹងរ៉ឹងបែបនេះ គឺប្រហាក់ប្រហែលនឹងច្បាប់នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី និងជាការបោះជំហានថយក្រោយមួយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ។ នោះបើតាមលោក Edgardo Legaspi ប្រធានសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA»។
អ្នកវិភាគនិយាយថាសេចក្ដីព្រាងច្បាប់ថ្មីនេះគំរាមដល់សេរីភាពសារព័ត៌មាន
លោក Legaspi លើកឡើងថា៖ «កំណែទម្រង់ច្បាប់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយថ្មី អាចផ្ដល់លទ្ធភាពឲ្យមានការគ្រប់គ្រង លើអ្នកដែលត្រូវចេញផ្សាយកាសែត ឬអ្នកដែលត្រូវរាយការណ៍ដំណឹង ឬក៏អត់។ ការពិតទៅ វាដូចជាត្រឡប់ទៅជាង ៤០ ឆ្នាំមុន ក្នុងឆ្នាំ ១៩៧៣ នៅពេលដែលចលនាប្រជាធិបតេយ្យឆ្នាំ ១៩៧៣ ដកហូតអំណាចនៃការបិទស្ថាប័នសារព័ត៌មានពីរបបយោធា»។
លោកបាននិយាយថា ច្បាប់នេះតំណាងឲ្យ «ការបិទ» ប្រព័ន្ធផ្សព្វផ្សាយ ដែលមានលក្ខណៈសេរីបំផុតមួយនៅតំបន់អាស៊ី និងអំពាវនាវឲ្យមាន «សាមគ្គីភាពក្នុងរង្វង់អ្នកសារព័ត៌មានថៃ» ដើម្បីប្រយុទ្ធប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ថ្មីនេះ»។
រដ្ឋាភិបាលនិយាយថាការតវ៉ាមានផលប៉ះពាល់តិចតួច
យ៉ាងណាក៏ដោយ លោក Kanit Suwannate ប្រធានក្រុមសភាដឹកនាំកំណែទម្រង់ជាតិ (NRSA) ដែលមានតំណែងនាយឧត្ដមសេនីយ៍ទ័ពអាកាស បាននិយាយថា ការតវ៉ានេះទំនងជាមិនប៉ះពាល់ដល់សេចក្ដីសម្រេចរបស់គណៈកម្មាធិការនេះទេ។
លោក Kanit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វាមានភាព «ចម្រូងចម្រាស» ដែលនិយាយថា ច្បាប់នេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលលូកដៃចូលក្នុងការងាររបស់ប្រព័ន្ធផ្សព្វផ្សាយ។
លោកនិយាយថា៖ «ប៉ុន្តែយើងត្រូវតែយល់ថា ប្រទេសមានរដ្ឋាភិបាល ហើយរដ្ឋាភិបាលត្រូវតែត្រួតត្រា រួមគ្នាជាមួយវិស័យឯកជន ដើម្បីធានាឲ្យមានសណ្ដាប់ធ្នាប់សង្គម»។
លោកបន្ថែមថា៖ «ទំនងជាមិនមានការផ្លាស់ប្ដូរធំដុំលើច្បាប់នេះទេ ប៉ុន្តែសំណើពីសមាជិកក្រុមប្រឹក្សា និងយោបល់ពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនានា នឹងត្រូវបាន «ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន» ឡើងវិញ។
គំរាមកំហែងលើស្តង់ដារអន្តរជាតិ
អ្នកស្រី Piyanuch Kosot តំណាងអង្គការ Amnesty International ប្រចាំប្រទេសថៃ បាននិយាយថា ប្រទេសថៃក្នុងនាមជាប្រទេសហត្ថលេខីនៃ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ឬ ICCPR ត្រូវតែគិតគូពីស្តង់ដារអន្តរជាតិ។
អ្នកស្រី Piyanuch និយាយថា៖ «យើងព្យាយាមស្វែងយល់ពីគោលបំណងនៃកំណែទម្រង់ទាំងនេះ ហើយនៅដំណាក់កាលចុងក្រោយខ្ញុំយល់ថា កំណែទម្រង់នេះ ជាមូលដ្ឋានធ្វើឡើងដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។ កង្វល់របស់ពួកយើងគឺថា ច្បាប់ថ្មីដែលពួកគេនឹងអនុម័ត ប្រាកដជាស្ថិតនៅក្រោមស្តង់ដាររបស់ ICCPR ឬច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
ប្រព័ន្ធផ្សព្វផ្សាយដ៏សកម្ម និងរស់រវើករបស់ថៃ ត្រូវបានទប់ស្កាត់ ដោយសារតែការផ្លាស់ប្ដូរទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយ និងសេដ្ឋកិច្ចថមថយ។
ច្បាប់តឹងរ៉ឹងក្នុងការផ្សព្វផ្សាយពីគ្រួសាររាជវង្ស
ចាប់តាំងពីរបបយោធាចូលកាន់អំណាច ក្នុងឆ្នាំ ២០១៤ មានការរឹតបន្តឹងច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិត និងគាំទ្រច្បាប់ដោយប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ដើម្បីការពារគ្រួសាររាជវង្សពីការរិះគន់ និងបរិហារកេរ្តិ៍។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុង New York និយាយថា ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៤ អាជ្ញាធរថៃ បានចោទប្រកាន់មនុស្សយ៉ាងហោចណាស់ ៦៨ នាក់ពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ដែលភាគច្រើន ដោយសារការបង្ហោះ និងចែករំលែកការចេញយោបល់តាមអ៊ីនធឺណិត និងបណ្ដាលឲ្យមនុស្សជាច្រើននាក់ជាប់ពន្ធនាគាររយៈពេលវែង។
ខណៈពេលដែលច្បាប់ថ្មីនេះ ភាគច្រើនផ្ដោតលើប្រព័ន្ធផ្សព្វផ្សាយធំៗ លោក Arthit Suriyawongkul មកពីបណ្ដាញសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត Thai Netizen Network បាននិយាយថា ច្បាប់នេះអាចនឹងប៉ះពាល់ដល់អ្នកសរសេរប្លុក និងអ្នកសារព័ត៌មានពលរដ្ឋផងដែរ។
លោក Arthit និយាយថា៖ «ច្បាប់នេះអាចរាលដាល ដល់អ្នកសារព័ត៌មានតាមអ៊ីនធឺណិត និងអ្នកសារព័ត៌មានពលរដ្ឋ ឬអ្នកសរសេរប្លុក ឬក៏អ្នកប្រើប្រាស់ទូទៅ។ ហើយខ្ញុំគិតថាវាជារឿងគួរឲ្យបារម្ភ ពីព្រោះ យើងទទួលស្គាល់ថា ប្លុកមួយចំនួននឹងមិនត្រូវបានគេចាត់ទុកជាសារព័ត៌មានពលរដ្ឋទៀតទេ»។
ប៉ុន្តែប្រធានសហព័ន្ធអ្នកសារព័ត៌មានថៃ លោក Thepchai បាននិយាយថា លោកមិនមានសុទិដ្ឋិនិយមថារដ្ឋាភិបាលស៊ីវិល នឹងបញ្ចប់ការគ្រប់គ្រងដ៏តឹងរ៉ឹងទៅលើប្រព័ន្ធផ្សព្វផ្សាយ ក្រោយពេលបោះឆ្នោតចូលកាន់អំណាចទេ។
លោកថ្លែងថា៖ «នេះជាអ្វីដែលអ្នកនយោបាយចង់បាន ហើយរបបយោធា បានបង្កើតរួចស្រេចទៅហើយសម្រាប់ឲ្យអ្នកនយោបាយប្រើប្រាស់ នៅពេលចូលកាន់អំណាច»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា