អ្នកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃកាលពីថ្ងៃសុក្រ ដោយធ្វើឱ្យអ្នកស្រីក្លាយជាសមាជិកទី ៣ នៃគ្រួសារដ៏មានឥទ្ធិពលមួយនេះក្នុងការដឹកនាំប្រទេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកស្រី Paetongtarn វ័យ ៣៧ ឆ្នាំ គឺជាមេដឹកនាំវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រថៃសម័យរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនិងជានាយករដ្ឋមន្ត្រីជាស្រ្តីទី ២ បន្ទាប់ពីអ្នកស្រី Yingluck ដែលជាមីងរបស់អ្នកស្រី។
អ្នកស្រី Paetongtarn បានឡើងកាន់តំណែងក្រោយពីតុលាការធម្មនុញ្ញថៃបានបណ្តេញនាយករដ្ឋមន្ត្រីមុនគឺលោក Srettha Thavisin ចេញពីតំណែង ដោយសារលោកបានតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីម្នាក់ដែលមានប្រវត្តិជាប់ទោសឧក្រិដ្ឋ។
អ្នកស្រីសង្ឃឹមថានឹងមានជោគវាសនាខុសពីឪពុកនិងមីងរបស់អ្នកស្រី ដែលអ្នកទាំងពីរសុទ្ធតែត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយកងទ័ពក្នុងអំឡុងការដណ្តើមអំណាចគ្នារយៈពេល ២០ ឆ្នាំរវាងលោក Thaksin និងក្រុមអភិរក្សនិយមដែលមានទំនោរទៅរកយោធានិងរាជានិយម។
ក្រុមតំណាងរាស្ត្របានបោះឆ្នោតអនុម័តឱ្យអ្នកស្រី Paetongtarn នៃគណបក្សភឿថៃ (Pheu Thai) ក្លាយជានាយករដ្ឋមន្ត្រីក្នុងសំឡេង ៣១៩ ទល់នឹង ១៤៥។ នេះបើយោងតាមការថ្លែងរបស់ប្រធានរដ្ឋសភាថៃលោក Wan Muhamad Noor Matha ក្នុងការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។
អ្នកស្រី Paetongtarn ថា អ្នកស្រី «មានកិត្តិយសនិងរំភើបណាស់»។
អ្នកស្រីថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានទៀតថា៖ «ខ្ញុំពិតជាសង្ឃឹមថាខ្ញុំអាចធ្វើឱ្យប្រជាជនមានទំនុកចិត្ត។ ខ្ញុំសង្ឃឹមថានឹងធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេប្រសើរជាងមុននិងផ្តល់អំណាចដល់ប្រជាជនថៃទាំងអស់»៕