អ្នក​ធ្វើកូដកម្ម​អត់អាហារ​ថៃជំរុញឱ្យមានការពិភាក្សា​លើច្បាប់បរិហាកេរ្តិ៍​​ព្រះ​មហាក្សត្រ

រូបឯកសារ៖ បាតុករម្នាក់​បង្ហាញ​ក្រដាស​ប្រាក់​​ក្លែង​ក្លាយ​មួយ​សន្លឹក​ ក្នុង​អំឡុងពេល​ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ថៃ​ប្រគល់​ព្រះរាជទ្រព្យ​ទៅ​ឱ្យ​ប្រជាជន ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រទេសថៃគ្រប់គ្រងដោយរបប​រាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ ប៉ុន្តែ​ព្រះមហាក្សត្រ Maha Vajiralongkorn ដែលមាន​ព្រះជន្ម ៧០ វស្សា មាន​ឥទ្ធិពល​នយោបាយ និងសេដ្ឋកិច្ច​យ៉ាងទូលំទូលាយ។

ក្រុមអ្នករិះគន់និយាយថា អំណាចទាំងនោះ​មិនអាចយកមក​ជជែកវែកញែក​បានទេ ដោយសារតែច្បាប់បរិហារកេរ្តិ៍​ព្រះមហាក្សត្រ នៅមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំចំពោះជនណាម្នាក់​ដែលត្រូវបាន​ចាត់ទុក​ថាមានទោស​ពីបទបរិហារកេរ្តិ៍ ប្រមាថ ឬការគំរាមកំហែងសមាជិក​រាជវង្សានុវង្ស​សំខាន់ៗ។

មនុស្សរាប់សិបនាក់ រួមទាំងយុវជន​ជំទង់ៗ ត្រូវបានចោទប្រកាន់​ក្រោមច្បាប់នេះ​ ចាប់តាំងពីការតវ៉ា​ដ៏ធំដែលដឹកនាំ​ដោយយុវជន​បានផ្ទុះឡើង​ក្នុងឆ្នាំ២០២០។ បាតុកម្ម​ទាំងនោះមាន​ការអំពាវនាវ​ជាសាធារណៈ​ដែលមិនធ្លាប់មាន​ពីមុនមកឲ្យធ្វើ​កំណែ​ទម្រង់​របបរាជានិយម និងការលុបចោល​មាត្រា ១១២។

បុរសអាយុ ២៦ ឆ្នាំម្នាក់ត្រូវបានកាត់ទោស​ឱ្យជាប់គុក ២ ឆ្នាំ កាលពីពេល​ថ្មីៗនេះ​ពីបទលក់​ប្រតិទិន​ដែលពណ៌នាអំពី​ទាកៅស៊ូ​ដែលតុលាការ​ព្រហ្មទណ្ឌ​ចាត់ទុកថា​បានប្រមាថ​ព្រះមហាក្សត្រថៃ។

សកម្មជនពីរនាក់​ដែលត្រូវបាន​ចោទប្រកាន់តាម​មាត្រា​១១២ ឈ្មោះនាង​ Tantawan Tuatulanont អាយុ ២១ ឆ្នាំនិងនាង​ Orawan Phupong អាយុ ២៣ ឆ្នាំ​បានធ្វើកូដកម្ម​អត់អាហារ​ចាប់តាំងពីថ្ងៃទី ១៨ ខែមករា​ដោយទាមទារ​ឱ្យតុលាការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់។

រូបឯកសារ៖ សកម្មជននយោបាយ​ថៃអ្នកស្រី Tantawan Tuatulanon ត្រូវ​បាន​បញ្ជូនតាម​រទេះដោយ​បន្ដ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​នៅ​ខាងក្រៅ​តុលាការ​កំពូល​ថៃ​ ក្រោយ​ពី​ចេញ​ពីមន្ទីរពេទ្យ​ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ (Tanat Chayaphattharitthee / Thai News Pix/ AFP)

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពួកគេបានចាកចេញ​ពីមន្ទីរពេទ្យ​ដោយខ្លួនឯង​ ដើម្បីបន្ត​ធ្វើកូដកម្ម​នៅមុខ​តុលាការកំពូល​ក្នុងទីក្រុង​បាងកក។

អ្នកទាំងពីរមានឈ្មោះ​ហៅក្រៅថា នាង​Tawan និង Bam។ ពួកគេត្រូវបាន​ចោទ​ប្រកាន់​ពីបទរៀបចំ​ការស្ទង់មតិមួយ​ក្នុងខែកុម្ភៈ ឆ្នាំ២០២២ លើផលប៉ះពាល់​នៃ​ក្បួនព្រះរាជទីនាំង​ ដែលជារឿយៗ​រំខាន​ដល់ចរាចរណ៍​ទីក្រុងបាងកក។

បច្ចុប្បន្ននេះ ពួកគេបដិសេធមិនហូបអាហារ និង​ផឹកទឹក​តិចតួច​ប៉ុណ្ណោះ។ នេះបើយោងតាម​មេធាវី​របស់​ពួកគេ ខណៈដែល​សុខភាព​របស់​ពួកគេ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃទី ៥០ នៃ​កូដកម្ម នេះ។

របបរាជានិយម​របស់ប្រទេសថៃ​ត្រូវបានគាំទ្រ​ដោយកងទ័ព​រាជានិយម ដែលបាន​បំបែក​កិច្ច​ប្រឹងប្រែង​ដើម្បីកសាង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ដោយធ្វើ​រដ្ឋប្រហារ​ជោគជ័យចំនួន ១៣ដង​ ចាប់តាំងពីឆ្នាំ១៩៣២មក។

នាយករដ្ឋមន្ត្រី លោក​ Prayuth Chan-ocha ដែលបានដឹកនាំ​រដ្ឋប្រហារ​ចុងក្រោយ​ក្នុងឆ្នាំ២០១៤ ជាមេទ័ព និងបន្ទាប់មក​បានប្តូរឈ្មោះ​ជាមេដឹកនាំ​ស៊ីវិលនោះ បាន​បង្ហាញថា ការបោះឆ្នោត​សកលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៧ ខែឧសភា។

លោកកំពុងស្វែងរក​ការវិលត្រឡប់​មកធ្វើជា​នាយករដ្ឋមន្ត្រី​ជាថ្មី ដោយ​ផ្លូវច្បាស់លាស់​បំផុតថា​ ទំនងជាដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ដោយមាន​គណបក្ស​ដែលគាំទ្រកងទ័ព​ចូលរួម។

ប៉ុន្តែនៅពេលដែល​ការបោះឆ្នោត​កាន់តែខិតជិត​មកដល់ ច្បាប់បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​កំពុង​ស្ថិតក្រោម​ការត្រួតពិនិត្យ​ជាថ្មី។

ករណីរបស់​នាង​ Bam និង Tawan បានទាក់ទាញ​ចំណាប់អារម្មណ៍​ពីតារាល្បីៗ អ្នកនយោបាយ និងក្រុមសិទ្ធិមនុស្ស ក៏ដូចជាពី លោក Clement Voule អ្នករាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិ​ស្តីពីសេរីភាពនៃសមាគម និង​ការជួបជុំ​ដោយ​សន្តិវិធី ដែលបានបង្ហោះសារ​តាម​ធ្វីតថឺ​កាលពី​ថ្ងៃទី១០​ ខែកុម្ភៈ ថាលោក​មានការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពីស្ថានភាព​សុខភាពដ៏​សំខាន់​នៃ​«អ្នកទាំងពីរ»។

សកម្មភាពរបស់ពួកគេ​ក៏បានបង្ហាញ​យោបល់ខុសគ្នា​នៃ​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លើ កម្រិត​នៃកំណែទម្រង់​ដែលពួកគេ​មានឆន្ទៈ​ទាមទារផងដែរ។

គណបក្សដ៏ធំបំផុត​របស់​ប្រទេសថៃ គឺ​គណបក្ស Pheu Thai សង្ឃឹមថា​នឹងឈ្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុងការបោះឆ្នោត​នាពេលខាងមុខ ដោយផ្តោតលើ​ភាពស្មោះត្រង់​របស់ប្រជាជន​ក្រីក្រ​នៅភាគខាងជើង និងភាគឦសាន​ចំពោះគ្រួសារ​មហាសេដ្ឋី អតីតនាយករដ្ឋមន្ត្រី​លោក​ Thaksin Shinawatra ដែលរដ្ឋាភិបាលរបស់​លោក​ត្រូវបានទម្លាក់​នៅក្នុងរដ្ឋប្រហារ​ឆ្នាំ២០០៦។

ប៉ុន្តែ​គណបក្ស​នេះ​បាន​ដកឃ្លា​ពីការ​ជំរុញ​ឲ្យ​មាន​ការ​កែទម្រង់​មាត្រា១១២។

លោកថាក់ស៊ីន បាននិយាយ​នៅក្នុងហ្វេសប៊ុក​កាលពីចុងខែមុន​ពីក្រៅប្រទេស​ជាកន្លែង​ដែលលោក​រស់នៅ​ដើម្បីគេចពីគុក​នៅក្នុងប្រទេសថៃ​ដោយការចោទប្រកាន់​ពីបទពុករលួយថា៖ «ប្រសិនបើ​គណបក្ស Pheu Thai នៅក្នុងរដ្ឋាភិបាល​ខ្ញុំជឿជាក់ថា​យើងនឹង​មិនឃើញច្បាប់នេះ​ត្រូវបានគេ​ប្រើប្រាស់​ជារៀងរាល់ថ្ងៃ​នោះទេ។

លោក​បាន​បន្ត​ថា​៖ «​វា​ងាយស្រួល​ក្នុង​ការ​ប្រើ​ស្តង់ដារ​អន្តរជាតិ​នៃ​នីតិរដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជា​ជាង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដោយ​ខ្លួនឯង​»​។

គណបក្សភឿថៃ​កំពុងដាក់កូនស្រី​របស់​លោកថាក់ស៊ីន គឺអ្នកស្រី​ Paetongtarn Shinawatra អាយុ ៣៦ឆ្នាំ ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​ដែលអាចប្រើឈ្មោះ​គ្រួសារ​ដើម្បីទទួលបាន​សន្លឹក​ឆ្នោត។

អ្នក​ជំនាញ​និយាយ​ថា គណបក្ស​ភឿថៃ​រក្សាជំហរស្ងាត់ស្ងៀម​ចំពោះ​ច្បាប់នេះ ដើម្បី​ជៀសវាង​ការ​ប្រឆាំង​នឹង​តុលាការ​ដែល​មាន​អន្តរាគមន៍​ខ្ពស់​របស់​ប្រទេស​ថៃ និង​បក្សពួក​រាជានិយម​ដែល​ស្អប់​លោក​ថាក់ស៊ីន។

ដីការបស់តុលាការ​បានរំលាយ​គណបក្ស និង​រដ្ឋាភិបាល​ដែលមាន​ទំនាក់ទំនង​នឹងត្រកូល​ Shinawatra ជាច្រើន​កាលពីអតីតកាល នៅមុន និងក្រោយ​ការបោះឆ្នោត។

ផ្ទុយទៅវិញ ការទទួល​ខុសត្រូវ​លើការកែទម្រង់ច្បាប់​បានធ្លាក់ទៅលើ​គណបក្ស​ Move Forward (ចលនាឆ្ពោះទៅមុខ) ដែលជាគណបក្ស​ចម្រើននិយម​ និងផ្តោតលើ​យុវជន។

ជាដំបូង​គណបក្ស​ចង់ឱ្យការផ្តន្ទាទោស​តាមច្បាប់​ត្រូវបាន​កាត់បន្ថយ​មកត្រឹម​រយៈពេល​អតិបរមា​មួយឆ្នាំ ប៉ុន្តែមេដឹកនាំ​គណបក្សនិយាយថា រហូតមកដល់​ពេលនេះ ប្រធានសភា​បានរារាំង​សំណើនេះ​មិនឱ្យ​យកមក​ជជែកគ្នា​នៅក្នុងសភា។

អ្នកស្រី Amornrat Chokepamitkul សមាជិកសភាគណបក្ស​ Move Forward ថ្លែងថា៖ «ដរាបណា​យើងនៅតែ​មានច្បាប់នេះ ​ប្រទេសថៃគ្មានផ្លូវ​អាចក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​បានទេ»។

អ្នកស្រី​បន្ថែម​ថា៖​«តើយើងអាចហៅ​ខ្លួនយើង​ថាជាប្រជាធិបតេយ្យ​ដោយ​របៀបណា នៅពេលដែលយើង​មានច្បាប់​ដែលហាមប្រាម​មនុស្ស​មិនឲ្យ​និយាយ ឬបញ្ចេញមតិ​ដោយសេរីនោះ?»

ប៉ុន្តែការផ្លាស់ប្តូរ​ណាមួយ​ចំពោះ​ច្បាប់ការពារស្ថាប័ន​ដ៏មានឥទ្ធិពលបំផុត​របស់​ប្រទេសថៃ ជាការប្រថុយប្រថាន​ដ៏ធំមួយ​នៅក្នុងប្រទេស​ដែលងាយប្រែប្រួល។

លោក Napon Jatusripitak អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ Yusof-Ishak Institute ក្នុងប្រទេស​សិង្ហបុរី​បានថ្លែងថា៖

«ខ្ញុំរំពឹងថា​គណបក្ស​ភាគច្រើន​នឹងមានការស្ទាក់ស្ទើរ​ក្នុងការធ្វើ​យុទ្ធនាការ​យ៉ាង​ខ្លាំងក្លា​លើបញ្ហានៃ​មាត្រា១១២ ដោយសារ​មានហានិភ័យ ច្រើនជាង​មាន​ផលចំណេញ​ដែល​អាច​ទទួលបាន» ៕

ប្រែសម្រួលដោយលោក ម៉ែន គឹមសេង