រដ្ឋាភិបាលយោធាថៃបានបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះគម្រោងនយោបាយមួយសម្រាប់ឲ្យមានការបោះឆ្នោតថ្នាក់ជាតិនៅចុងឆ្នាំ ២០១៧ ខាងមុខ ទោះបីជាប្រទេសថៃកំពុងតែគ្របដណ្ដប់ដោយការកាន់ទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រ Bhumibol Adulyadej កាលពីសប្ដាហ៍មុនក្នុងព្រះជន្ម ៨៨ ព្រះវស្សាក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា គណៈរដ្ឋមន្ត្រី និងរដ្ឋបាលថៃកំពុងព្យាយាមធានាឲ្យស្ថានការណ៍ដំណើរការជាធម្មតា ដើម្បីឲ្យរដ្ឋាភិបាលអាចធ្វើការបន្តទៅមុខបាននៅក្នុងដំណាក់កាលអន្តរកាលនៃការស្នងរាជ្យរបស់ព្រះមហាក្សត្រថៃបន្ទាប់។
រដ្ឋាភិបាលយោធាថៃបានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ ២០១៤ ដោយសារការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី Yingluck Shinawatra ដែលជ្រើសរើសដោយការបោះឆ្នោត។ ប៉ុន្តែ អ្នកវិភាគបាននិយាយថា ពួកយោធាត្រូវបានគេរំពឹងថាធ្វើដូច្នេះគឺដើម្បីអន្តរាគមន៍នៅក្នុងអំឡុងពេលនៃដំណាក់កាលអន្តរកាលនៃការស្នងរាជ្យរបស់ព្រះមហាក្សត្របន្ទាប់ ដោយសារតួនាទីរបស់ពួកយោធាត្រូវបានគេមើលឃើញថា ជាការព្យាយាមក្នុងការផ្ដល់នូវស្ថិរភាពសម្រាប់ប្រទេស។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រ Bhumibol ប្រជាពលរដ្ឋថៃរាប់ម៉ឺននាក់បានធ្វើដំណើរសម្រុកមកកាន់ព្រះរាជវាំងនៅក្នុងកណ្ដាលទីក្រុងបាងកក ដើម្បីធ្វើការគោរពជាលើកចុងក្រោយដល់ព្រះសពរបស់ព្រះមហាក្សត្រ Bhumibol ដែលត្រូវបានរក្សាទុកនៅក្នុងព្រះវិហារ Dusit Maha Prasart។
ព្រះរាជពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាត្រូវបានធ្វើឡើងដោយរាជវង្សានុវង្សរបស់ព្រះមហាក្សត្រ Bhumibol ដែលមានព្រះអង្គម្ចាស់រជ្ជទាយាទ Maha Vajiralongkorn ដឹកនាំការរៀបចំព្រះរាជពិធីនេះ ដែលជាផ្នែកមួយនៃការកាន់ទុក្ខរយៈពេលពេញមួយឆ្នាំ។
រដ្ឋាភិបាលថៃបានណែនាំប្រជាពលរដ្ឋរបស់ខ្លួនឲ្យស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ឬពណ៌ស្រដៀងៗនឹងពណ៌ខ្មៅក្នុងអំឡុងពេល ១២ ខែនៃការកាន់ទុក្ខនេះ៕