ស្ថានទូតថៃប្រចាំនៅកម្ពុជាលើកឡើងថា ពួកគេមិនមានព័ត៌មានទាក់ទងនឹងការបាត់ខ្លួនលោកWanchalearm Satsaksit សកម្មជនថៃដែលរិះគន់រដ្ឋាភិបាលថៃនោះទេ ខណៈអាជ្ញាធរកម្ពុជាអះអាងថា ពួកគេក៏មិនស៊ើបអង្កេតករណីនេះដែរ ប្រសិនបើមិនមានការប្តឹងពីក្រុមគ្រួសារជនរងគ្រោះនិងការសហការពីរដ្ឋាភិបាលថៃ។
កាលពីថ្ងៃសុក្រ សាក្សី ៣ នាក់បានប្រាប់ VOA ថា ពួកគេបានឃើញជនជាតិថៃលោក Wanchalearm អាយុ៣៧ឆ្នាំ ត្រូវបានបុរស ៣ នាក់ ចាប់ដាក់ក្នុងរថយន្ត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅមុខខុនដូមួយដែលសកម្មជនរូបនោះស្នាក់ច្រើនឆ្នាំមកហើយ ក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
VOA បានព្យាយាមទាក់ទងទៅស្ថានទូតថៃប្រចាំនៅភ្នំពេញ តាំងពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែពួកគេមិនបានឆ្លើយតបនឹងសំណួរនោះទេ។
នៅពេលទាក់ទងនៅព្រឹកថ្ងៃច័ន្ទនេះ បុគ្គលិកខាងស្ថានទូតថៃលើកទូរស័ព្ទ ហើយអះអាងថា លោកមានព័ត៌មានដែលខាងស្ថានទូតប្រាប់ថា បើមានអ្នកសារព័ត៌មានណាទាក់ទងមក ប្រាប់ព័ត៌មាននោះទៅពួកគេ។
បុគ្គលិកម្នាក់នោះបានថ្លែងប្រាប់ VOA ថា៖ «ខាងស្ថានទូតគាត់បានផ្តល់ព័ត៌មានឲ្យរូបខ្ញុំថា អត់បានទទួលព័ត៌មានអីអារឿងការចាប់ខ្លួនជនជាតិថៃហ្នឹងទេ»។
នៅពេលសួរបន្តអំពីការស៊ើបអង្កេត ឬការស្នើសុំអន្តរាគមន៍ណាមួយពីអាជ្ញាធរកម្ពុជា បុគ្គលិករូបនោះលើកឡើងថា លោកមិនមានព័ត៌មានបន្ថែមនោះទេ គឺគ្រាន់តែខាងស្ថានទូតប្រាប់ថា មិនមានព័ត៌មាននៃការចាប់ជនជាតិថៃដាក់រថយន្តនោះទេ។
ឆ្លើយតបនឹងសំណួរតាមអ៊ីម៉ែល នៅថ្ងៃច័ន្ទនេះ ស្ថានទូតថៃបានបង្វែរសំណួរទៅនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសថៃ នៅទីក្រុងបាងកក វិញដែល VOA មិនទាន់អាចសុំការឆ្លើយតបបាននៅឡើយទេ។
អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃកម្ពុជាលោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថាអាជ្ញាធរកម្ពុជាមិនស៊ើបអង្កេតករណីនេះនោះទេ បើទោះមានការចុះផ្សាយព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយ។ លោកបន្តថា ករណីនេះត្រូវមានការដាក់ពាក្យបណ្តឹងពីក្រុមគ្រួសារ និងការស្នើសុំពីរដ្ឋាភិបាលថៃ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បើអ៊ីចឹង ទាល់តែគាត់ដាក់ពាក្យបណ្តឹងមក ពីព្រោះយើងអត់មានព័ត៌មានអីទាំងអស់។ យើងអត់មានព័ត៌មានទេ»។
លោកបន្ថែមថា៖ «អ៊ីចឹងបានថា ទាំងរដ្ឋាភិបាលថៃអីៗក៏ដោយ បើបាត់ខ្លួន សូមឲ្យរដ្ឋាភិបាលថៃគាត់សហការជាមួយយើងដែរហ្នឹងណា៎។ ធម្មតាថៃ គាត់មានតំណាងរបស់គាត់ផលប្រយោជន៍របស់ពលរដ្ឋថៃនៅទីនេះ។ បើបាត់ខ្លួនជនជាតិគាត់ គាត់មិនធ្វើប្រតិកម្មអី យើងធ្វើម៉េច? ហើយយើងទៅយកចិត្តទុកដាក់អី។ និយាយរួម យើងគ្រាន់តែជាគម្របឆ្នាំងទៅក្តៅអី បើឆ្នាំងគេអត់ក្តៅផង»។
កាលពីថ្ងៃអាទិត្យ កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា ក្រុមគ្រួសាររបស់សកម្មជនថៃ លោក Wanchalearm Satsaksit បានអំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិជួយស្វែងរកសកម្មជនថៃ ដែលបាត់ខ្លួននៅកម្ពុជា។
កាសែតបាងកកប៉ុស្តិ៍ក៏បានដកស្រង់សម្តីរបស់អ្នកនាំពាក្យប៉ូលិសថៃលោក Krissana Pattanacharoen ដែលថា កន្លងទៅប៉ូលិសថៃបានទាក់ទងទៅអាជ្ញាធរកម្ពុជា អំពីការចាប់បញ្ជូនលោក Wanchalerm និងសកម្មជនផ្សេងទៀតដែលគេចខ្លួនមករស់នៅកម្ពុជា។ ប៉ុន្តែលោកនិយាយថា លោកមិនច្បាស់ថា តើអាជ្ញាធរកម្ពុជាពាក់ព័ន្ធនឹងការបាត់ខ្លួនសកម្មជន Wanchalerm ឬយ៉ាងណា។
នៅថ្ងៃច័ន្ទនេះផងដែរ ប្រជាជនថៃមួយចំនួនដែលគាំទ្រសកម្មជនរូបនោះបានតវ៉ានៅមុខស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកផងដែរ ដោយមានកាន់ក្រដាសបង្ហាញសារថា ជួយដល់សកម្មជនWanchalerm។ ពួកគេក៏ជំរុញឲ្យអាជ្ញាធរកម្ពុជាជួយស្វែងរកសកម្មជន ដែលបាត់ខ្លួននេះផងដែរ។
កាលពីថ្ងៃសុក្រអ្នកយកព័ត៌មាន VOA បានចុះទៅកន្លែងដែលសកម្មជនថៃរូបនោះត្រូវចាប់ដាក់ក្នុងរថយន្ត ហើយសាក្សីដែលបានឃើញហេតុការណ៍នោះលើកឡើងថា សកម្មជនថៃនេះត្រូវបានចាប់ដាក់ក្នុងរថយន្តពណ៌ខ្មៅម៉ាក Toyota Highlander នៅវេលាម៉ោងជិត ៥ ល្ងាច នៅក្បែរខុនដូដែលលោកស្នាក់នៅយូរឆ្នាំមកហើយ ក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
សាក្សី ៣ នាក់ដែលបានឃើញហេតុការណ៍នេះបានប្រាប់ VOA ថា ពួកគេបានឃើញលោកWanchalearm ដើរចេញពីអគារខុនដូមកទិញស្រាបៀរ បារីនិងទឹកដោះគោ ដាក់ស្បោងផ្លាស្ទិកមុននឹងចូលទៅអង្គុយនៅលើគ្រែតូចមួយក្បែរចិញ្ចើមផ្លូវ។ ពេលនោះលោកបានកុម្ម៉ង់ប្រហិតដែលគេលក់តាមរទេះ។
ខណៈលោក Wanchalearm ដែលពាក់អាវផ្កាដៃខ្លីស្លៀកខោខ្លីត្រឹមជង្គង់ កំពុងអង្គុយរង់ចាំប្រហិតរបស់គាត់ ស្រាប់តែមានរថយន្តពណ៌ខ្មៅមួយគ្រឿងមកដល់។ មានបុរស ៣ នាក់ស្លៀកពាក់ស៊ីវិលពាក់ម៉ាសបិទមុខចេញពីរថយន្ត។ ពេលនោះសកម្មជនថៃនោះត្រូវបានវាយត្រង់កញ្ចឹងក ហើយក្រៀកក្បាលពីខាងក្រោយព្យាយាមអូសចូលរថយន្ត ដែលមិនមានអ្នកណាចាប់ភ្លឹកមើលចាំផ្លាកលេខនោះទេ។
សាក្សីដែលឃើញការចាប់នោះបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភអំពីសុវត្ថិភាព។ ពួកគេថា បុរសជាតិជាតិថៃនោះបានស្រែកជាភាសាខ្មែរថា «ជួយផងជួយផង» ជាច្រើនដង ហើយលោកក៏ធ្លាក់វែនតា។ បុរសជនជាតិថៃក៏ត្រូវបានចាប់យកទៅ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ជំរុញឲ្យមានការស៊ើបអង្កេតការចាប់នេះ បើទោះជាមិនមានពាក្យបណ្តឹងក៏ដោយ ដោយសារករណីនេះកំពុងត្រូវបានតាមដានដោយសហគមន៍អន្តរជាតិ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងតែបារម្ភនៅក្នុងមូលហេតុហ្នឹង ហើយប្រសិនបើបាត់មនុស្សជាទូទៅយើងឃើញថាច្បាស់ណាស់សមត្ថកិច្ចនឹងមិនទុកឲ្យអ្នកហ្នឹងបាត់ខ្លួនអ៊ីចឹងទេ។ ច្បាស់ជាចាត់វិធានការស្រាវជ្រាវជាធម្មតាហើយ។ ហើយប្រសិនបើអត់ប្រើវិធានការហ្នឹងធ្វើការស្រាវជ្រាវ គេអាចយល់ថា រឿងហ្នឹងជារឿងមួយផ្សេង។ វាអាចថាពាក់ព័ន្ធនឹងបញ្ហានយោបាយហ្នឹងច្រើនជាង»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ការបាត់ខ្លួនសកម្មជនថៃនេះជាករណីមានការចាប់អារម្មណ៍ពីសហគមន៍ជាតិ និងអន្តរជាតិហើយវាជា «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាអាជ្ញាធរកម្ពុជាមិនគួរណាលឿនពេកនៅក្នុងការបដិសេធក្នុងការស៊ើបអង្កេតឬស្រាវជ្រាវករណីនេះទេ ពីព្រោះរឿងហេតុកើតនៅលើទឹកដីកម្ពុជា អ៊ីចឹងបើសិនជាមានទទួលព័ត៌មានហើយ ទោះជាព័ត៌មានហ្នឹងយ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាត្រូវតែធ្វើការស្រាវជ្រាវឲ្យបានលម្អិត»។
លោក Wanchalearm គឺជាសកម្មជនប្រជាធិបតេយ្យល្បីឈ្មោះម្នាក់ដែលតែងរិះគន់រដ្ឋាភិបាលយោធារបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha)។ មួយថ្ងៃមុនការចាប់ដាក់ក្នុងរថយន្តនោះសកម្មជនរូបនេះបានបង្ហោះវីដេអូចុងក្រោយមួយលើហ្វេសប៊ុករបស់លោករិះគន់នាយករដ្ឋមន្រ្តីថៃ។ នៅក្នុងវីដេអូប្រមាណ១នាទី សកម្មជនរូបនេះបាន «ជេរប្រមាថ» លោកប្រាយុទ្ធ ថាជាមេដឹកនាំនិយាយបានតែមាត់ដឹកនាំប្រទេសមិនកើតនិងជា «មេដឹកនាំល្ងង់ខ្លៅ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លើកឡើងថា សកម្មជនរូបនេះបានគេចមកនៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅប្រទេសថៃក្នុងខែឧសភា ឆ្នាំ២០១៤។ អង្គការ Human Rights Watch បញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ ២០១៨ អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនលោក Wanchalearm៕