ស្ថានទូតថៃប្រចាំនៅកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ននៅក្នុងការមកធ្វើការនៅប្រទេសកម្ពុជា ខណៈមានជនរងគ្រោះជាជនជាតិថៃជាច្រើនត្រូវបានបង្ខំឱ្យធ្វើការនៅកន្លែងជើងកាងប្រើប្រាស់ទូរស័ព្ទដើម្បីបោកបញ្ឆោត ឬហៅថាCall-centre gangs។ នេះបើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតថៃកាលពីពេលថ្មីៗនេះ។
ស្ថានទូតថៃបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រជាជនថៃដែលចង់មកធ្វើការនៅក្នុងប្រទេសកម្ពុជាគួរតែពិនិត្យមើលព័ត៌មានឱ្យបានច្បាស់លាស់អំពីក្រុមហ៊ុនដែលពួកគេនឹងដាក់ពាក្យធ្វើការ»។
ស្ថានទូតថៃបន្ថែមថា ប្រសិនបើពលរដ្ឋថៃត្រូវបាននិយោជករត់ពន្ធចូលមកក្នុងប្រទេសកម្ពុជា ពួកគេច្បាស់ជាត្រូវបង្ខំឱ្យធ្វើការឱ្យក្រុមជើងកាងខុសច្បាប់។ បើតាមស្ថានទូតថៃដើម្បីធ្វើការនៅក្រៅប្រទេស ប្រជាជនថៃគួរតែចាកចេញពីប្រទេសថៃ ហើយចូលទៅក្នុងប្រទេសគោលដៅដោយស្របច្បាប់ ហើយបន្ទាប់មកស្វែងរកបណ្ណការងារពីប្រទេសម្ចាស់ផ្ទះ។
កាលពីចុងខែធ្នូ ឆ្នាំ ២០២៣ សារព័ត៌មានថៃ ឈ្មោះ The Nation បានចេញផ្សាយអត្ថបទមួយថា ជនជាតិថៃ ៩ នាក់ បានរត់ចេញពីកាស៊ីណូនៅទីក្រុងប៉ោយប៉ែត ដើម្បីគេចពីការបង្ខាំងនិងការបង្ខំឱ្យហៅទូរស័ព្ទបោកបញ្ឆោតជនជាតិថៃដូចគ្នា។ ជនជាតិថៃ ៩ នាក់ ក្នុងនោះមានស្រ្តីម្នាក់ បានដុតភ្លើងនៅកាស៊ីណូមួយឈ្មោះ Puli ដើម្បីគេចចេញពីអគារដែលគ្រប់គ្រងដោយក្រុមជើងកាង។ តម្រួតថៃបានជួយជនជាតិថៃទាំង ៩ នាក់នោះនៅក្បែរច្រកព្រំដែនក្នុងខេត្តសាកែវ ក្រោយពួកគេរត់គេចចេញពីកាស៊ីណូ។ ពួកគេភាគច្រើនមានស្នាមរបួសធ្ងន់ធ្ងរនៅលើដៃ ជើង និងខ្លួន ហើយខ្លះមានស្នាមជាំពេញខ្លួន។ នេះបើតាមអត្ថបទដែលបានដកស្រង់សម្តីតម្រួតថៃ។
ប៉ុន្តែអាជ្ញាធរកម្ពុជាបានបដិសេធថា មិនមានការបង្ខំមនុស្សឱ្យធ្វើការដើម្បីបោកបញ្ឆោតជនជាតិថៃ និងបង្ខាំងមនុស្សទុក ដូចការចុះផ្សាយរបស់សារព័ត៌មានថៃឡើយ។ នគរបាលកម្ពុជាបញ្ជាក់ថា ជនជាតិថៃមានរបួសស្នាមលើខ្លួន ប្រហែលដោយសារតែពួកគេឡើងរបងកាស៊ីណូដែលមានបន្លា មិនមែនជាការវាយដំឡើយ។
អ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេថា ការចេញសេចក្តីថ្លែងការណ៍របស់ស្ថានទូតថៃជាសិទ្ធិរបស់គេ និងថា អាជ្ញាធរកម្ពុជាតែងចុះពិនិត្យមើល និងបង្រ្កាប នៅពេលមានសេចក្តីរាយការណ៍ ឬក៏ពាក្យបណ្តឹង។
អ្នកស្រីថ្លែងថា៖ «វាជាការល្អ បើសិនជាពលរដ្ឋថៃ គាត់មិនចូលមកធ្វើការនៅកម្ពុជា ពីព្រោះថា បច្ចុបន្ននេះ បទល្មើសដែលកើតមាននៅកម្ពុជា យើងមិនដែលបណ្តោយឱ្យវានៅកើតមានបន្តទៀតទេ ឱ្យតែមានសេចក្តីរាយការណ៍ឬក៏ឱ្យតែមានបណ្តឹងណាមួយមកដល់ យើងតែងតែធ្វើប្រតិបត្តិការ»។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ រាល់ករណីទាំងអស់មិនមែនសុទ្ធតែជាជនរងគ្រោះនោះទេ និងថា ករណីខ្លះជាការបំភាន់ភ្នែកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា មានសេចក្តីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងការបង្ខាំងមនុស្សទុកនៅកម្ពុជា ដែលលោកថា នេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កម្ពុជា ជាពិសេសដល់វិស័យទេសចរណ៍។
លោកថ្លែងថា៖ «ដូច្នេះកម្ពុជាត្រូវតែពង្រឹងបន្ថែមនូវយន្តការដើម្បីធ្វើការទប់ស្កាត់និងការបង្ក្រាបទៅលើការឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរិត និងបទល្មើសបច្ចេកវិទ្យាផ្សេងៗទៀត ដែលកើតឡើងតាមប្រព័ន្ធឌីជីថល ឬក៏អ៊ីនធឺណិតដើម្បីឱ្យមានលក្ខណៈល្អប្រសើរ និងមានទំនុកទុកចិត្តឡើងវិញ»។
បើតាមលោក អំ សំអាត រាល់ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ អាជ្ញាធរកម្ពុជាមិនគួរបដិសេធភ្លាមៗឡើយ ប៉ុន្តែត្រូវធ្វើការស៊ើបអង្កេតជាមុន។
ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លា ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជនដែលភាគច្រើនជាជនបរទេស បានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ៕