មេធាវី​ និង​សកម្មជន​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​តវ៉ា​ប្រឆាំង​នឹង​រាជវង្ស

រូប​ឯកសារ៖ លោក Anon Nampa ដែល​ជា​មេធាវី​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​ទៅ​ស្ថានីយ​ប៉ូលិស​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

ការ​ចាប់ខ្លួនលោក Anon Namp ដែលជា​សកម្មជន​ កើត​មាន​ឡើង​ ខណៈ​មាន​បាតុកម្ម​ពី​សំណាក់​និស្សិតប្រឆាំង​នឹង​រដ្ឋាភិបាល​ និងរាជាធិបតេយ្យថៃ​ដ៏​មាន​អំណាច។ ពួក​និស្សិត​ទាំង​នោះ​បាន​រៀបចំ​បញ្ជី​ស្តីពី​កំណែទម្រង់​ចំនួន​១០​ចំណុច​ថ្វាយ​ជូនព្រះ​មហាក្សត្រ​ Maha Vajiralongkor។

ប៉ូលិស​ថៃ​បាន​ចាប់ខ្លួនលោក Anon Nampa ជា​សកម្មជន​និងមេធាវីកាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​សីហា​កន្លង​ទៅ​នេះ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក​នៅក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី០៣ ខែ​សីហា​ដែល​លោក​បាន​អំពាវនាវ​ឱ្យ​មាន​កំណែទម្រង់រាជាធិបតេយ្យ​ថៃ។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បានឆាប​ឆេះ​ឡើង​នៅក្នុង​ប្រទេស​ថៃ​ចាប់​តាំង​ពី​ពាក់កណ្តាល​ខែ​កក្កដា​មក ប៉ុន្តែ​បាតុករខ្លះ​បាន​ផ្តោត​លើ​រាជាធិបតេយ្យ​ថៃ។ លោក Anon អាយុ ៣៦​ឆ្នាំជាសកម្មជន​ឈាន​មុខ​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​កំណែទម្រង់។

លោក Anon បាន​ប្រាប់ពួក​បាតុករ​ជាង​មួយ​ម៉ឺន​នាក់អំឡុងនៃបាតុកម្ម​កាល​ពី​ថ្ងៃ​ទី០៣ ខែ​សីហា​ថា៖ «យើង​នឹក​ស្រមៃចង់​ឃើញរបប​រាជាធិបតេយ្យ​ អាច​រួមរស់​ជាមួយ​លទ្ធិ​ប្រជាធិបតេយ្យ​បាន»។ នេះ​បើ​យោង​តាមសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រហូត​មក​ទល់​ពេល​នេះ ពួក​បាតុករ​ បានផ្តោតលើ​កិច្ចខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ ដោយ​អំពាវនាវ​ឱ្យ​គណៈរដ្ឋមន្រ្តី​លាលែង​ពី​តំណែង​ ​រំលាយ​រដ្ឋសភា ហើយ​នឹង​ធ្វើសេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី។

ច្បាប់​ប្រមាថ​ព្រះចេស្តាព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​របស់ថៃ​ផ្តន្ទាទោសអ្នក​ដែល​និយាយ​ប្រឆាំង​រាជាធិបតេយ្យ​ ដោយ​ជាប់​ពន្ធនាគាររហូត​ដល់​១៥​ឆ្នាំ។ ច្បាប់​នេះ​ការពារ​យ៉ាង​មុតមាំលើ​ស្ថាប័ន​រាជវង្សានុវង្ស​ពី​ការ​បរិហារកេរ្តិ៍ ប៉ុន្តែ​ក៏​បាន​ចាត់ទុក​ជា​បទឧក្រិដ្ឋ​កម្ម​ដល់​ការ​រិះគន់​ផ្សេងៗ​ទៀត​ដែរ។ ​

បន្ទាប់ពី​កំណត់​សម្គាល់​ត្រួស​ត្រាយ​ផ្លូវរបស់​លោក Anon មក ក្រុម​និស្សិត​ បាន​រៀបចំ​បញ្ជី​ស្តីពី​កំណែទម្រង់​ចំនួន​១០​ចំណុច​ថ្វាយ​ជូនរាជាធិបតេយ្យរបស់​ព្រះ​មហាក្សត្រ​ Maha Vajiralongkor។

​អ្នកនាំពាក្យប៉ូលិស​ថៃ​បាន​ព្រមានក្រុម​បាតុករ​និស្សិតកាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ឱ្យគោរព​ច្បាប់​នៅ​ក្នុង​ការ​ទាមទារ​របស់​ពួកគេ។ ​

និស្សិត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​លើក​ម្រាម​ដៃ​ចំនួន​បី ក្នុង​បាតុកម្ម​មួយ​នៅ​សាកលវិទ្យាល័យ Thammasat ក្បែរ​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

កាសែត The New York Times របស់​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​ថា លោក​វរសេនីយ៍​ Kissana Phathanacharoen បាន​និយាយ​ថា៖ «ចំពោះ​នរណា​ក៏​ដោយ​ដែល​នឹង​ទៅធ្វើបាតុកម្ម ខ្ញុំ​ជឿ​ថា​ ពួកគេ​ដឹងពីអ្វី​ដែល​អាច​ធ្វើ ហើយ​នឹង​ពី​អ្វី​ដែល​មិន​អាច​ត្រូវ​ធ្វើ។ អ្វី​ដែល​អ្នក​និយាយ​នឹង​ត្រូវ​បាន​ភ្ជាប់ជាមួយអ្នក។ អ្វីៗ​ដែល​អ្នក​និយាយ​នឹង​ស្ថិត​នៅ​ជាមួយ​អ្នក។ ​ហើយ​នឹង​មាន​ភស្តុតាង​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ពេល​អនាគត»។

ប៉ូលិស​ថៃ​បាន​ប្រាប់​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា លោក Anon ដែល​មាន​ករណី​ ចោទ​ប្រកាន់មួយចំនួន​ប្រឆាំង​នឹង​រូបលោក​រួច​ទៅ​ហើយ ត្រូវ​បានរងការ​ចោទប្រកាន់​ពី​បទ​ការ​បង្ក​ការ​បះបោរ។ បទចោទប្រកាន់​នេះអាច​ធ្វើ​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រហូត​ដល់​៧​ឆ្នាំ។ នេះ​គឺ​ជា​ការ​ចាប់ខ្លួនមេធាវី​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ​លើកទី២នៅ​ខែ​នេះ។​ លោក​ត្រូវ​បាន​ដោះលែង​ដោយសារ​ប្រាក់​ធានានៅ​ក្រៅ​ឃុំ​មក​ពី​ការ​ចាប់ខ្លួន​លើកទី១កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​សីហា​កន្លង​ទៅ​នេះ។

ប៉ូលិស​មាន​ដីកា​ចាប់​ខ្លួន​លោក Anon និង​សកម្មជន​ប្រាំ​នាក់​ផ្សេង​ទៀត ពួកគេ​ទាំង អស់​មាន​វត្តមាន​នៅ​ក្នុង​បាតុម្មដ៏​ធំ​មួយ​កាល​ពី​ថ្ងៃ​ទី០៣ ខែសីហា។ ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ដែល​ជា​អតីត​មេដឹកនាំ​យោធា​បាន​និយាយ​ថា ព្រះមហាក្សត្រ​បាន​ស្នើថា មិនមាន​ការ​ចោទប្រកាន់​ក្រោម​ច្បាប់ប្រមាថ​ព្រះចេស្តាព្រះ​មហាក្សត្រ​សម្រាប់​ពេល​ឥឡូវ​នេះ​ទេ។

លោក​ Prayuth បាន​និយាយ​ទៀត​ថា ពួក​បាតុករ ​គួរតែ​ជៀសវាង​ការទាម​ទារ​របស់​ពួកគេ​ទាក់ទិន​នឹង​រាជាធិបតេយ្យ។ លោក​បាន​ប្រាប់ពួកអ្នក​យកព័ត៌មាន​ថា៖ «មាន​ប្រជារាស្ត្រថៃ​៦៧​លាន​នាក់។ ខ្ញុំ​ជឿ​ថា​ ប្រជារាស្ត្រ​ភាគ​ច្រើន​មិន​យល់ស្រប​ជាមួយ​នឹង​ពួក​បាតុករ​នោះ​ទេ»។ ​

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា សកម្មជនស្តាំនិយមថៃប្រមាណ ២០០​នាក់​ បាន​បង្កើតក្រុម​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី១៩ ខែ​សីហា ដើម្បី​តតាំង​នឹង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។ មកទល់​ពេល​នេះ ការ​តវ៉ា​ប្រឆាំង​តបត​វិញរ​បស់​ពួកគេ​បាន​ទាក់ទាញ​អ្នក​ចូលរួមតិច​តួច​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្ត្របញ្ញា