អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលមានបញ្ហាសុខភាព នៅថ្ងៃសុក្រនេះ បានស្នើសុំតុលាការកំពូលឱ្យប្រើឆន្ទានុសិទ្ធិសម្រេច ឱ្យលោកបាននៅក្រៅឃុំ ដោយសំអាងថាមិនគេចវេស និងសូមតម្កល់ប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះទៅតាមការសម្រេចរបស់ចៅក្រម។
លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភាអតីតគណបក្សសង្គ្រោះជាតិ បានជាប់ពន្ធនាគារជិត៤ខែ ក្រោយលោកត្រូវបានតុលាការចោទប្រកាន់ កាលពីដើមឆ្នាំ២០២៣នេះ ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់។
ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះក្នុងតុលាការកំពូល លោក ថាច់ សេដ្ឋា ពន្យល់តុលាការថា លោកត្រូវការនៅក្រៅឃុំដើម្បីអាចឱ្យរូបលោកបានសម្រាកព្យាបាលជំងឺប្រចាំកាយដែលបណ្តាលមកពីការដាក់«បេះដូងសិប្បនិមិ្មត» និងដើម្បីអាចឱ្យលោកមានពេលរកលុយដើម្បីសងទៅក្រុមហ៊ុនរិនឆាយ ផនសប(Rin Chhay Pawn Shop) ដែលទាមទារសំណងជាង៥ម៉ឺនដុល្លារនោះ។
លោក ថាច់ សេដ្ឋា ដែលពាក់អាវដៃវែងពណ៌ទឹកក្រូច និងមានពុកចង្កាស្កូវស្រមូម ហើយឈរក្នុងក្រចកសេះ បានប្រាប់តុលាការទៀតថា លោកធានាថានឹងមិនគេចវេះពីនីតិវិធីតុលាការ នៅពេលលោកត្រូវបានដោះលែងឱ្យបានស្ថិតនៅក្រៅឃុំ ហើយបានធានាតម្កល់ប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះ យោងទៅតាមការសម្រេចរបស់ចៅក្រម។
នៅក្រៅតុលាការកំពូល ភរិយាលោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបុប្ផាក៏ស្នើសុំតុលាការកំពូលដោះលែងស្វាមីឱ្យបានស្ថិតនៅក្រៅឃុំ ដោយហេតុថា សុខភាពស្វាមីទ្រុឌទ្រោមខ្លាំង ពេលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស(ម១)។
អ្នកស្រីប្រាប់អ្នកសារព័ត៌មានថា៖ «សូមស្នើតុលាការដោះលែងប្តីខ្ញុំ ឱ្យនៅក្រៅឃុំ ដោយសារគាត់មានជំងឺប្រចាំកាយ [សុខភាព]ទ្រុឌទ្រោម... ដឹងស្រាប់ហើយបេះដូង គាត់លេបថ្នាំ[ជា]ប្រចាំ ហើយមួយទៀត ដូចថា ឃុំពន្ធនាគារ ក្តៅហើយហប់ ក្តៅ។ អ៊ីចឹង ដូចថា សុខភាពគាត់មិនប្រក្រតី»។
បើតាមដីការបស់តុលាការរាជធានីភ្នំពេញ ចេញដោយចៅក្រមស៊ើបសួរឈ្មោះ ទិត ដាលីន ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ«មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ តាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង។
សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយ ក្រោយការសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា ដោយលើកឡើងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិនឆាយ ផនសប (Rin Chhay Pawn Shop) ដែលប្តឹងលោក ថាច់ សេដ្ឋា ពីរឿងចេញសែកគ្មានសាច់ប្រាក់ចំនួន៥សន្លឹក។ តុលាការបញ្ជាក់ថា លោក ថាច់ សេដ្ឋា មិនបានចូលខ្លួនបំភ្លឺតាមដីកាចំនួន២លើក ដោយពុំមានមូលហេតុ។
លោក សំ សុគង់ សហមេធាវីមួយរូបការពារក្តីឱ្យលោក ថាច់ សេដ្ឋា បានលើកយកមាត្រាជាច្រើនក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ មកធ្វើជាអង្គច្បាប់ ក្នុងការការពារ ដោយរួមមានមាត្រា៧ មាត្រា១២ មាត្រា២០៩ មាត្រា៤៨៨ មាត្រា២០៣ និងមាត្រា២២៣ជាដើម។ លោកមេធាវីរូបនេះ ក៏លើកយកហេតុផល ដូចទៅអ្វី ដែលលោក ថាច់ សេដ្ឋា លើកឡើង ដូចជាជំងឺប្រចាំកាយ និងការធានាអះអាងតម្កល់ប្រាក់ និងបញ្ហាផ្សេងៗទៀត ដើម្បីស្នើតុលាការពិចារណា ឱ្យកូនក្តីរបស់លោកបាននៅក្រៅឃុំផងដែរ។
ចំណែកមេធាវីការពារក្តីឱ្យក្រុមហ៊ុន រិន ឆាយ ផនសប (Rin Chhay Pawn Shop) ក៏បានតទល់ជាមួយក្រុមមេធាវីការពារក្តីលោក ថាច់ សេដ្ឋា ដោយបានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះឱ្យបដិសេដបណ្តឹងសារទុក្ខរបស់លោក ថាច់ សេដ្ឋា ដោយយោងតាមមាត្រា៤១៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ក្នុងអំឡុងពេលដំណើរការសវនាការរឿងក្តីលោក ថាច់ សេដ្ឋា កាលពីព្រឹកថ្ងៃសុក្រ តំណាងអយ្យការនៃតុលាការកំពូល លោក ង៉ែត សារ៉ាត់ បានលើកឡើងថា សាលដីការបស់សាលាឧទ្ធរណ៍ត្រឹមត្រូវ និងស្នើឱ្យតម្កល់ទុកជាបានការ។ លោកលើកយកអំណះអំណាងការពារ និងតវ៉ាទៅនឹងការលើកឡើងរបស់លោក ថាច់ សេដ្ឋា និងមេធាវីការពារឱ្យលោក ថាច់ សេដ្ឋា ថា បើទាក់ទងបញ្ហាសុខភាព នៅក្នុងពន្ធនាគារ គឺមានពេទ្យសម្រាប់ព្យាបាលទាន់ពេល ហើយបើចំពោះការស្នើចេញក្រៅឃុំដើម្បីរកប្រាក់សងក្រុមហ៊ុន លោក ង៉ែត សារ៉ាត់ ថ្លែងថា៖ «បើចង់រកប្រាក់សងគឺរកសងយូរមកហើយ មិនមែនដល់ពេលឃុំខ្លួន បានត្រូវចំពេលរកសងនោះទេ» និងបានលើកឡើងចំណុចមួយចំនួនទៀត។
ប៉ុន្តែលោកមេធាវី សំ សុគង់ បានការពារតបទៅនឹងការលើកឡើងរបស់តំណាងអយ្យការថា កូនក្តីរបស់លោកបានដាក់ប្លង់បញ្ចាំចំនួន៦ នៅក្រុមហ៊ុន រិន ឆាយ ផនសប ដូច្នេះបើកូនក្តីរបស់លោកមិនសងប្រាក់ គួរណាស់តែក្រុមហ៊ុនប្តឹងទៅតុលាការក្នុងសំណុំរឿងរដ្ឋប្បវេណី ក្នុងការទាមទាររឹបអូស។
លោកសំ សុគង់ ក៏ទទូចសុំឱ្យតុលាការដោះលែងកូនក្តីឱ្យបានស្ថិតនៅក្រៅឃុំ ដោយលើកឡើងថា ដើម្បីធានាថា កូនក្តីរបស់លោកនៅពេលចេញក្រៅឃុំមិនរត់គេចទៅណា ហើយតុលាការគួរតែកំណត់ឱ្យកូនក្តីស្នាក់នៅទីតាំងណាមួយ ឬបង្ហាញខ្លួនតាមពេលកំណត់តាមការត្រួតពិនិត្យរបស់តុលាការ ឬដកលិខិតឆ្លងដែនដែលជាជម្រើសល្អ ហើយបើឃុំខ្លួន ដើម្បីតែសវនាការគឺជាការបាត់បង់សេរីភាព និងខាតពេលរកប្រាក់ដើម្បីទូទាត់សងក្រុមហ៊ុន។
សហមេធាវីមួយរូបទៀត ដែលការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅតុលាការកំពូលថា ក្រុមហ៊ុន រិនឆាយ ផនសប ដែលជាដើមបណ្តឹង បានប្តឹងទាមទារជាង៥ម៉ឺនដុល្លារអាមេរិកជាសំណងជំងឺចិត្ត និងការខូចខាតផ្សេងទៀត។ ទោះយ៉ាងណា លោកសង្ឃឹមថា តុលាការកំពូលនឹងពិចារណា ដោយសម្រេចឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ ដោយថា កូនក្តីរបស់លោកមានជំងឺ«បេះដូងសិប្បនិមិ្មត» ដែលអាចគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ។
លោកថ្លែងថា៖ «ក្នុងនាមជាសហមេធាវី គឺយើងមានក្តីសង្ឃឹមថា តុលាការ នឹងពិចារណាដើម្បីឱ្យគាត់មានសេរីភាពឡើងវិញ»។
លោកបន្ថែមថា៖ «ពាក្យបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីគឺទាមទារជាង៥ម៉ឺនដុល្លារ។ ទាមទារជាង៥ម៉ឺនដុល្លារ រួមទាំងសំណងជំងឺចិត្តបូកជាមួយគ្នា ហើយយើង ក្នុងនាមជាសហមេធាវី ក៏យើងបានពិភាក្សាជាមួយក្រុមគ្រួសារដែរ ដើម្បីរកលទ្ធភាពតម្កល់ប្រាក់នេះ ៣ម៉ឺនដុល្លារ ឬអាចជាង៣ម៉ឺនដុល្លារ»។
លោក ថាច់ សេដ្ឋា ប្រាប់ អ្នកសារព័ត៌មាន នៅពេលលោកចេញពីបន្ទប់សវនាការថា លោកសង្ឃឹមថា អំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមតុលាការកំពូលអាចឲ្យលោកបានស្ថិតនៅក្រៅឃុំ។ លោកឱ្យដឹងទៀតថា លោកត្រូវបានសាលាដំបូងរាជធានីចោទប្រកាន់ចំនួន២បទចោទផ្សេងទៀត គឺបទ «ញុះញង់ និងរើសអើង»។
ទាក់ទិនបទចោទប្រកាន់បន្ថែមនេះ លោកមេធាវី សំ សុគង់ ប្រាប់អ្នកកាសែតថា៖«ទាក់ទងទៅនឹងរឿងឯកឧត្តម ថាច់ សេដ្ឋា គឺត្រូវបានតុលាការ គាត់បើកការស៊ើបសួរ ២បទចោទទៀត គឺ បទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង។ ហើយថ្ងៃនេះ ចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងដដែលនេះ បានកោះហៅគាត់ដើម្បីមកធ្វើការសាកសួរ ប៉ុន្តែឯកឧត្តម ថាច់ សេដ្ឋា ដែលជាកូនក្តីសម្រេចចិត្តដាក់ពន្យារពេលសវនាការ»។
បើតាមលោក សំ សុគង់ អង្គហេតុនៃបទចោទទាំង២នេះពាក់ព័ន្ធនឹងការថ្លែងរបស់លោក ថាច់ សេដ្ឋា នៅតាមវេទិការសាធារណៈនានាកាលពីកន្លងមក។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់លម្អិតថា អ្នកណាជាអ្នកប្តឹងទាក់ទងការថ្លែងរបស់លោក ថាច់ សេដ្ឋាកាលពីពេលមុនៗនោះទេ។
សកម្មជនគណបក្សភ្លើងទៀននៅខេត្តព្រៃវែង លោក ស៊ាប ពិសិដ្ឋ អាយុ៣៤ ឆ្នាំប្រាប់អ្នកសារព័ត៌មានថា ក្នុងនាមលោកជាសមាជិកគណបក្សភ្លើងទៀនមួយរូប លោកចង់ឃើញថ្នាក់ដឹកនាំដែលមានប្រជាប្រិយភាព ដែលហ៊ានលះបង់ ដូចលោក ថាច់ សេដ្ឋា មានសេរីភាពពេញលេញ ដើម្បីអាចចូលរួមឃោសនានយោបាយ និងឈានទៅប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣នេះ។
លោកថ្លែងថា៖ «ចិត្តរបស់ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋ ក៏ដូចជាសកម្មជនដទៃទៀត គឺចង់ឃើញលោកអនុប្រធាន ថាច់ សេដ្ឋា នៅក្រៅឃុំ ហើយមានឱកាសធ្វើនយោបាយ ទាមទារសិទ្ធិឱ្យប្រជាពលរដ្ឋ កុំមានការភ័យខ្លាច ហើយគិតថា ការបោះឆ្នោតនាពេលខាងមុខមានសិទ្ធិសេរីភាពពិតប្រាកដ។ បើសិនជាអត់មានការចូលរួមពីថ្នាក់ដឹកនាំ ដែលមានការគាំទ្រ ក៏ដូចជាឥស្សរជននយោបាយជាន់ខ្ពស់ហ្នឹងមានសិទ្ធិសេរីភាពទេ អាហ្នឹងសម្រាប់ខ្ញុំ គឺមានអារម្មណ៍មួយថា ដូចជាការបិទសិទ្ធិសេរីភាព នយោបាយមុនការបោះឆ្នោតនេះ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត លើកឡើងថា ការកត់សម្គាល់លើអង្គហេតុ អង្គច្បាប់ និងតាមអ្វីដែលលោក ថាច់ សេដ្ឋា និងមេធាវីការពារក្តីលើកឡើង បានបង្ហាញថា ករណីឃុំខ្លួនលោក ថាច់ សេដ្ឋា ហាក់ដូចមានចរិតនយោបាយច្រើនជាង ព្រោះករណីនេះកើតចេញពីរឿងខ្ចីលុយតែប៉ុណ្ណោះ ដែលគួរដោះស្រាយតាមច្បាប់រដ្ឋប្បវេណី។
លោកថា តុលាការគួរតែផ្តល់សិទ្ធិឱ្យលោក ថាច់ សេដ្ឋា បានចេញនៅក្រៅឃុំ ដើម្បីព្យាបាលជំងឺបេះដូងរបស់គាត់។
លោកថ្លែងថា៖ «រឿងនេះ ហាក់ដូចជាមានចរិតនយោបាយ។ ធម្មតា អ្នកខ្ចីលុយ ហើយម្ចាស់បំណុលចង់បានលុយមកវិញ ប៉ុន្តែហាក់ដូចជានៅពេលដែលកូនបំណុលយកលុយទៅឱ្យវិញ ហាក់ដូចជាមិនចង់យក។ ចំណុចនេះហាក់មានលក្ខណៈនយោបាយ។ ទី២ យើងមើលឃើញមួយទៀតថា កូនបំណុល ជាពិសេសលោក ថាច់ សេដ្ឋា បានខ្ចីលុយតាំងឆ្នាំ២០១២ ហើយលោកបានធ្វើកិច្ចសន្យាម្តងទៀត នៅឆ្នាំ២០១៦ ហើយដោយមានប្លង់តម្កល់ដល់ទៅ៦។ ដូច្នេះ ធម្មតាបើសិនជាមានតម្កល់ប្លង់ នៅពេលដែលកូនបំណុលហ្នឹងគ្មានលុយទេ គេអាចលក់ឡៃឡុង តុលាការអាចសម្រេចលក់ឡៃឡុងប្លង់ហ្នឹងដើម្បីកាត់ទូទាត់សងនូវបំណុល។ វាចប់បាត់ហើយ»។
លោកបន្ថែមថា៖ «ហើយមួយទៀតគឺ បើសិនជាលោក ថាច់ សេដ្ឋា លោកគេចវេះ ហេតុអ្វីពីឆ្នាំមុនៗ ពីឆ្នាំ២០១៦មក ដែលថា លោក សេដ្ឋា មិនសង ម៉េចក៏មិនចាប់ពីពេលហ្នឹង? ហើយនៅពេលលោកចូលធ្វើនយោបាយ ស្រាប់តែដើមបណ្តឹង ស្រាប់តែចាប់ផ្តើមប្តឹងពាក់ព័ន្ធសែក។ ហើយបើតាមសែកហ្នឹង បើតាមមេធាវីបញ្ជាក់មិញថា គេបានទាត់ចោល តាំងពីសាលាដំបូង សាលាឧទ្ធរណ៍បានទាត់ចោលហើយ»។
ក្រោយការសួរដេញដោលក្នុងសាលសវនាការកាលពីព្រឹកថ្ងៃសុក្រនេះ លោក ជីវ កេង ប្រធានអង្គជំនុំជម្រះ បានថ្លែងថា តុលាការកំពូលនឹងប្រកាសសាលក្រមករណីរបស់លោក ថាច់ សេដ្ឋា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក៕