ភាព​តានតឹង​ខ្លាំង​កំពុង​កើត​មាន​ក្នុង​ប្រទេស​ហៃទី ខណៈ​មាន​ការ​​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​​តំណែង

រូបឯកសារ៖ បាតុករម្នាក់ដែលពាក់អាវយឺតមានសរសេរអក្សរថា «ជីវិតមនុស្សគ្រប់រូបគឺសំខាន់» ចូលរួមធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីហៃទីលោក Jovenel Moise ចុះចេញពីតំណែង នៅទីក្រុង Port-au-Prince ប្រទេសហៃទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

ភាព​តាន​តឹង​ខ្លាំង​កំពុង​កើត​មាន​ក្នុង​ប្រទេស​ហៃ​ទី​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​ប៉ូលិស​បាន​ប៉ះទង្គិច​ជា​មួយ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ ដើម្បី​ទាម​ទារ​ឲ្យប្រធានាធិបតី​ហៃទី​លោក Jovenel Moise ចុះ​ចេញ​ពី​តំណែង។

ក្រុម​ប្រឆាំង​មាន​ការ​ខឹង​សម្បា​ដោយ​លើកឡើង​ថា ប្រធានាធិបតី​រូប​នេះ​បាន​ចប់​អាណត្តិដឹក​នាំ​ប្រទេស​របស់​លោក​តាំង​ថ្ងៃ​អាទិត្យ​មក​ម៉្លេះ។ ក្រុម​ប្រឆាំង​បាន​តែង​តាំងមេដឹកនាំ​របស់​ខ្លួន​សម្រាប់ឲ្យ​ដឹកនាំ​ប្រទេស​ដ៏​ក្រី​ក្រ​មួយ​នេះ។ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​អះ​អាង​ថា​ ក្រុម​ប្រឆាំង​មាន​បំណង​ចង់​ធ្វើ​ឃាត​ប្រធានាធិបតី ហើយធ្វើរដ្ឋប្រហារ​ដើម្បី​ផ្ដួល​រំលំរដ្ឋាភិបាល។

លោក​ Moise អះអាង​ថា ​អាណត្តិប្រធានាធិបតីរបស់​លោក​នឹង​ត្រូវ​ចប់ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ឯណោះ​ទេ ដោយលោក​លើកឡើងថា លោក​ទើប​តែ​បាន​ស្បថ​ចូល​កាន់​តំណែង ​កាល​ពី​ឆ្នាំ​ ២០១៧​កន្លង​ទៅ​នេះ​ សម្រាប់​អាណត្តិ​ដែល​មាន​រយៈ​ពេល ​៥ ​ឆ្នាំ។ កាល​ពី​ពេល​នោះ​ ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះ​ឆ្នោត​តែ ២០ ​ភាគ​រយ​ប៉ុណ្ណោះ​ បាន​ចេញ​ទៅ​បោះ​ឆ្នោត។

ការ​ព្យាយាម​របស់លោក Moise​ ដើម្បី​បន្ដ​កាន់​តំណែង​ជា​ប្រធានាធិបតី​ហៃទី​តទៅ​ទៀត​នោះត្រូវ​បាន​រារាំង​ដោយ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ ដែល​មិន​សូវ​រឹង​មាំ​។

ទីភ្នាក់ងារ​ព័ត៌មាន AFP រាយការណ៍​ថា មាន​ស្ថាប័ន​មួយ​ចំនួន​ដែល​អាច​ជួយ​ដោះស្រាយ​នូវ​ភាព​ជាប់​គាំង​ជុំវិញ​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី​ហៃទី​នេះ​បាន ប៉ុន្តែ​ពួកគេ​ពុំ​មាន​អំណាច​គ្រប់គ្រាន់​ដែល​ខ្លួន​ត្រូវ​ការ ដើម្បី​សម្រេច​លើ​រឿង​នេះ​បាន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ដើម​ដែល​មាន​តែ​ឈ្មោះ​នៅលើ​ក្រដាស​តែ​ប៉ុណ្ណោះ៕​