សមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានចេញពីកិច្ចប្រជុំកិច្ចយ៉ាងតានតឹងនៅសេតវិមានកាលពីថ្ងៃអង្គារ ជាមួយលោកប្រធានាធិបតី Joe Biden ស្តីពីកម្រិតប្រាក់បំណុល ដោយមានការមួរម៉ង និងមិនបានទទួលលទ្ធផល។ លោក Biden បានព្យាយាមរក្សាភាពស្ងប់ស្ងាត់ក្នុងវិស័យហិរញ្ញវត្ថុពិភពលោក ដោយថ្លែងថាលោកគិតថាកិច្ចប្រជុំបានធ្វើឡើងដោយមាន«ផ្លែផ្កា» ហើយថាក្រុមសមាជិកសភានិងលោក នឹងជួបគ្នាម្តងទៀតនៅថ្ងៃសុក្រ ខណៈដែលសហរដ្ឋអាមេរិក ប្រឈមនឹងលទ្ធភាពនៃការខកខានមិនអាចសងប្រាក់បំណុលរបស់ខ្លួន ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ។
កាលពីល្ងាចថ្ងៃអង្គារ លោក Biden បានជួបជាមួយប្រធានរដ្ឋសភា លោក Kevin McCarthy មេដឹកនាំព្រឹទ្ធសភាសំឡេងភាគតិច លោក Mitch McConnell ដែលមកពីគណបក្សសាធារណរដ្ឋនិង មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យ លោក Hakeem Jeffries មេដឹកនាំសំឡេងភាគតិចនៃរដ្ឋសភានិង មេដឹកនាំព្រឹទ្ធសភាសំឡេងភាគច្រើន លោក Chuck Schumer ដើម្បីធានាថារដ្ឋាភិបាលអាចខ្ចីប្រាក់បន្ថែមដើម្បីយកទៅសងប្រាក់បំណុលរបស់ខ្លួន។
ក្រោយកិច្ចប្រជុំ លោក Biden បានសម្តែងសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងគ្នានៅពេលអនាគត។ ប៉ុន្តែលោកបានបញ្ជាក់ឡើងវិញថាលោកនឹងទទូចជាបន្ត ឱ្យសភាអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចខ្ចីប្រាក់ចាយវាយថែមទៀត។
លោកបានថ្លែងថា៖ «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ក្នុងកិច្ចប្រជុំរបស់យើងថា ការអត់លុយសងបំណុល មិនមែនជាជម្រើសមួយទេ។ ខ្ញុំបាននិយាយម្តងហើយម្តងទៀតថា អាមេរិកមិនមែនជាប្រទេសអត់លុយសងបំណុលទេ»។
សមាជិកគណបក្សសាធារណរដ្ឋ ទទូចឱ្យរដ្ឋាភិបាលសហព័ន្ធ បន្ថយការចាយវាយ មុននឹងពួកគេយល់ព្រមបង្កើនប្រាក់កម្ចី។ ចំណែកលោក Biden ជជែកថាសភាមានតួនាទីសងបំណុលរបស់ខ្លួន ហើយថារឿងទាំងពីរ ត្រូវដោះស្រាយដាច់ពីគ្នា។ ភាគីទាំងសងខាងបន្ទោសគ្នាទៅវិញទៅមក ចំពោះការដោះស្រាយមិនចេញ ហើយលោក Biden បានថ្លែងថា៖ «ការអត់លុយសងបំណុលជាមហន្តរាយមួយ»។
ប៉ុន្តែលោកប្រធានរដ្ឋសភា McCarthy បានចេញពីកិច្ចប្រជុំ ដោយបានបង្ហាញការខកចិត្ត ពីព្រោះគ្មានការជឿនលឿនក្នុងកិច្ចប្រជុំ។ ប៉ុន្តែលោក McConnell បានធានារ៉ាប់រងពលរដ្ឋអាមេរិកាំងថា សហរដ្ឋអាមេរិក នឹងបន្តសងបំណុលរបស់ខ្លួន៕