លោក Maulana Fazlur Rehman ប្រធានសម្ព័ន្ធភាពគណបក្សប្រឆាំងក្នុងប្រទេសប៉ាគីស្ថាន បានព្រមានពីការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងយោធា ប្រសិនបើយោធាសម្រេចបញ្ឈប់ពួកគេ មិនឲ្យធ្វើដំណើរទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដដើម្បីទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន។
លោក Rehman បាននិយាយថា៖ «ចេញពីផ្លូវរបស់ប្រជាពលរដ្ឋ»។ លោកបានបន្ថែមថា លោកមើលឃើញថា ភាពច្របូកច្របល់នឹងកើតឡើង ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅបន្តដូចនេះ។
លោក Rehman បានថ្លែងដូច្នេះ នៅក្នុងទីក្រុង Lahore កាលពីថ្ងៃអាទិត្យម្សិលមិញ ទៅកាន់ក្រុមអ្នកចូលរួមរបស់ចលនាប្រជាធិបតេយ្យប៉ាគីស្ថាន (Pakistan Democratic Movement) ដែលជាសម្ព័ន្ធភាពមួយដែលមានគណបក្សប្រឆាំងចំនួន ១១ ជាសមាជិក។
ចលនានេះ មានបំណងទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Imran Khan។ ចលនានេះបានប្រកាសថា ខ្លួននឹងដើរក្បួនតវ៉ានៅរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រសិនបើលោក Khan មិនចុះចេញពីតំណែងនៅត្រឹមចុងខែមករាឆ្នាំក្រោយទេ។
លោក Rehman ដែលជាមេដឹកនាំរបស់គណបក្សនយោបាយឥស្លាមដែលមានឈ្មោះថា Jamiat e Ulema e Islam គឺជាអ្នករិះគន់រដ្ឋាភិបាលបច្ចុប្បន្ននេះ តាំងពីរដ្ឋាភិបាលនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ មក។
គណបក្សប្រឆាំងបានចោទប្រកាន់ថ្នាក់ដឹកនាំយោធាប៉ាគីស្ថាន និងថ្នាក់ដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Inter Services Intelligence ថាបានលួចបន្លំការបោះឆ្នោតដើម្បីតែងតាំងលោក Khan ជានាយករដ្ឋមន្ត្រី៕