ប្រព័ន្ធ​ទូរស័ព្ទ​ជំនួយ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​អាច​ទស្សន៍​ទាយ​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម

  • Jessica Berman

ស្រ្តី​ម្នាក់​អោប​កូន​ប្រុស​របស់​គាត់ ដែល​មាន​ជំងឺ​គ្រុន​ឈាម នៅ​ពេល​គាត់​អង្គុយ​នៅ​ក្រោម​មុង​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ស្រុក​មួយ​ នៅ​ក្នុង​ក្រុង Rawalpindi ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។

ប្រព័ន្ធ​ទូរស័ព្ទ​ជំនួយ​មួយ​កំពុង​ជួយ​ដល់​ក្រុម​មន្រ្តី​សុខាភិបាល​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ការ​ទស្សន៍ទាយ​ពី​ការ​កើត​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម។ ដោយ​សារ​ពួក​គេ​អាច​ដឹង​មុន​ថា​ តើការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម​មាន​សភាព​ធ្ងន់ធ្ងរ​ប៉ុណ្ណា​នោះ​ ក្រុម​មន្ត្រី​អាច​ចាត់​វិធានការ​ការពារ​ដើម្បី​កម្រិត​ផល​ប៉ះពាល់​នៃ​ជំងឺ​ដែល​ឆ្លង​ដោយ​សត្វ​មូស​មួយ​នេះ​ទៅ​លើ​សហគមន៍​បាន។

នៅ​ក្នុង​ឆ្នាំ​២០១១ ​ខេត្ត​ Punjab ​របស់ប្រទេស​ប៉ាគីស្ថាន​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម​យ៉ាង​ខ្លាំង​ក្លា​មួយ​ ដែល​បាន​ឆ្លង​ទៅ​មនុស្ស​ជាង​២១.០០០​នាក់ ​និង​បាន​សម្លាប់​មនុស្ស​ចំនួន​៣៥០​នាក់។

មនុស្ស​ប្រមាណ​ជា​២.៥០០​លាន​នាក់​នៅជុំវិញ​ពិភព​លោក​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឡើង​កម្តៅ​ក្នុង​ខ្លួន​ភ្លាមៗ​ ការ​ឈឺ​ក្បាល​ខ្លាំង និង​ឈឺ​ចាប់​ខ្លាំង​លើសាច់ដុំ​ និង​សន្លាក់។ សត្វ​មូស​ដែល​មាន​ផ្ទុក​ប៉ារ៉ាសិត​មេរោគ​ ចម្លង​ជំងឺ​នេះ​ដែល​មិន​ទាន់អាច​ព្យាបាល​ជា​សះ​ស្បើយ​ ឬមិន​ទាន់​មាន​វ៉ាក់​សាំង​ការពារ​នៅ​ឡើយ។

ដោយសារ​តែ​មិន​បាន​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ការ​ផ្ទុះ​ឡើង​យ៉ាង​លឿន​នៃ​ជំងឺ​នេះ មន្ទីរ​ពេទ្យ​នៅ​ក្នុង​ខេត្ត​ Punjab ​មាន​អ្នក​ជំងឺ​យ៉ាង​ច្រើន​សន្ធឹក។

ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក ​និង​នៅ​ប៉ាគីស្ថាន​បាន​បង្កើតប្រព័ន្ធ​ទូរស័ព្ទ​ជំនួយ​មួយ​ដើម្បី​ជួយ​ធ្វើ​ការ​ទស្សន៍​ទាយ​ពី​ទំហំ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឹ​គ្រុន​ឈាម​នេះ។

អ្នក​ស្រាវជ្រាវ​បាន​បង្កើត​កម្មវិធី​កុំព្យូទ័រ​មួយ​ដែល​បញ្ចូល​ព័ត៌មាន​ពី​អ្នក​ទូរស័ព្ទ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទស្សន៍​ទាយ​នោះ។

មក​ដល់​ពេល​នេះ ​មាន​មនុស្ស​៣០០.០០០​នាក់​ហើយ​ដែល​បាន​ទូរស័ព្ទ​ទៅ​កាន់​ប្រព័ន្ធ​ទូរស័ព្ទគ្រា​មាន​អាសន្ននោះ​ ដោយ​បាន​សួរ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​នេះ។ ពួក​គេ​ក៏​បាន​រាយការណ៍​ពី​តំបន់​ដែល​នៅ​មាន​ទឹក ឬ​លូ​ទឹក​ស្អុយបើក​ចំហ​ ដែល​អាច​ជា​ទី​បង្ក​កំណើត​របស់​សត្វ​មូស​ទាំង​នោះ។

លោក​ស្រី​ Lakshmi Subramanian ​សាស្រ្តាចារ្យ​ផ្នែ​វិទ្យាសាស្រ្ត​គណិតវិទ្យា​នៅ​សាកល​វិទ្យាល័យ​ញូវយ៉ក​ និង​ជា​អ្នក​និពន្ធ​ជាន់​ខ្ពស់​នៃ​របាយការណ៍​ស្រាវជ្រាវ​មួយ​នេះ។

ផ្អែក​លើ​ការ​ហៅ​ទូរស័ព្ទ​ចូល​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទគ្រា​មាន​អាសន្ន សាស្រា្តចារ្យ​ Subramanian ​និយាយ​ថា ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ពួក​គេ​អាច​ធ្វើ​ការ​ទស្សន៍​ទាយ​លើ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​បាន​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឬ​បី​សប្តាហ៍​មុន​ពេល​មាន​ការ​ផ្ទុះ​ឡើង​ជាក់​ស្តែង ដែល​ស្ទើរ​តែ​អាច​តាម​ដាន​ដឹង​យ៉ាង​ច្បាស់​ពី​ចំនួន​នៃ​ករណី​ជំងឺ​គ្រុន​ឈាមនៅ​ក្នុង​ក្រុង​នោះ។ លោក​ស្រី​និយាយ​ថា៖

«នេះ​មាន​ន័យ​ថា​ នៅ​ក្នុង​តំបន់​ជាក់​លាក់​ទាំង​នេះ​ តួ​លេខ​អាច​ខុស​គ្នា​ពី​៥​ទៅ​៧ ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍។​ វា​អាច​ខុស​គ្នា​ពី១៧​ទៅ​១៩​ក្នុង​រយៈ​ពេល​ពីរ ​ឬ​បី​សប្តាហ៍។ ប្រព័ន្ធ​នេះ​ផ្តល់​នូវ​គម្លាត​តួលេខ​ជាក់​លាក់​មួយ ហើយ​វា​ច្បាស់​ណាស់ ​មិន​មែន​ត្រឹម​តែ​ជា​សូចនាករ​ដែលនិយាយ​ថា​ អូ!​ខ្ញុំ​គិត​ថា​ជំងឺ​នេះ​នឹងផ្ទុះ​ឡើង​ ឬ​ក៏​ជំងឺ​នេះ​អាចនឹង​មិន​កើតនោះ​ទេ»។

ប្រព័ន្ធដើរ​ដោយ​កុំព្យូទ័រ​នេះ​ត្រូវ​បាន​គេ​ពិពណ៌នា​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ Science Advances។

ជំងឺ​គ្រុន​ឈាម​ប្រមាណ​ជា​៤០០.០០០​ករណី​ ត្រូវ​បាន​រាយការណ៍​ថា​ បាន​កើត​ឡើង​ជារៀង​រាល់​ឆ្នាំ។

ព័ត៌មាន​ដែល​បាន​ពី​ប្រព័ន្ធ​រូបមន្ត​នេះ​អាច​នឹង​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ទូលំ​ទូលាយ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​ជា​ច្រើន​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម។ អ្នក​និពន្ធ​នៃ​អត្ថបទ​នេះ​និយាយ​ថា ប្រព័ន្ធ​ដែល​ពឹង​ផ្អែក​លើ​ការ​ហៅ​ទូរស័ព្ទ​គ្រា​មាន​អាសន្ន​នេះ​មាន​លក្ខណៈ​សន្សំ​សំចៃ ​និង​មិន​តម្រូវ​ឲ្យ​មានការ​ប្រមូល​និង​វិភាគ​ព័ត៌មាន​អំពី​ការ​កើត​ឡើង​នៃ​ជំងឺ​នោះ​ទេ។

លោក ​Nabeel Abdur Rehman អ្នក​និពន្ធ​ទី១​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​និយាយ​ថា​ ប្រព័ន្ធ​ទូរស័ព្ទគ្រា​មាន​អាសន្ន​នេះ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចង្អុល​បង្ហាញ​នូវ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ផង​ដែរ ​ជា​ជំងឺ​ដែល​ត្រូវ​បាន​គេ​លុប​បំបាត់​រួច​ហើយ​នៅ​ទូទាំង​ពិភព​លោក​ លើក​លែង​តែ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ​និង​អាហ្វហ្គានីស្ថាន​ ដែល​នៅ​តែ​មាន​ករណី​ជំងឺ​នេះ​តិច​តួច​នៅឡើយ។

លោក​ Rehman ​ដែល​ជា​និស្សិត​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ញូវយ៉ក​និយាយ​ថា​ ប្រព័ន្ធ​ផ្សេង​ទៀត​ដែល​ស្រដៀង​គ្នា​នេះ​អាច​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កំណត់​លើ​ករណី​ដែល​គេ​សង្ស័យ​ថា​ជា​ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​ផ្តាសាយ​ធំ​ផង​ដែរ។

«ដូច្នេះ ​ក្នុង​កម្រិត​ណា​មួយ​នោះ​ វា​មាន​លក្ខណៈ​ទូទៅ និង​អាច​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​នេះ​ និង​នៅ​ប្រទេស​ដទៃ​ទៀត​ ដោយ​សារ​តែ​វា​មាន​ការ​សន្សំ​សំចៃ ​ហើយ​អាច​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​តាមដានជំងឺ​ផ្សេង​ទៀត»។

ដោយ​មាន​ព័ត៌មាន​ដែល​បានពី​ប្រព័ន្ធ​ទូរស័ព្ទ​ជំនួ និង​ការ​ប្រឹងប្រែង​ទប់​ស្កាត់​ជំងឺ​នេះ​ អាជ្ញាធរ​និយាយ​ថា​ ចំនួន​នៃ​ករណី​ជំងឺ​គ្រុន​ឈាម​នៅ​ក្នុង​ក្រុង ​Lahore ​បាន​ធ្លាក់​មក​នៅ​ត្រឹម​១.៦០០​ករណី​នៅ​ក្នុង​ឆ្នាំ​២០១៣៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ