ក្រសួង​ប្រៃសណីយ៍​ព្រមាន​ក្រុមហ៊ុន Smart ក្នុង​ជម្លោះ​ជាមួយ​អតិថិជន​ម្នាក់​រឿង​កាត់​លេខ​ខុស

រូបឯកសារ៖ ស៊ីមកាតទូរស័ព្ទជាច្រើនត្រូវបានថតកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៥។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​បង្ហោះ​សារ​ព្រមាន​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​លើ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ (Axiata Smart) នៅ​ក្នុង​ជម្លោះ​រឿង​កាត់​លេខ​ទូរស័ព្ទ​ខុស​សម្រាប់​អតិថិជន​ម្នាក់ ដែល​ក្រុមហ៊ុន​បាន​អះ​អាង​ថា ​ខ្លួន​កំពុង​ដោះ​ស្រាយ​ជម្លោះ​នេះ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​បាន​បដិសេធ​មិន​ចង់​បញ្ចប់​ជម្លោះ​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២២ ខែ​កក្កដា ក្រសួង​ប្រៃស​ណីយ៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​លើក​ឡើង​ថា​ ខ្លួន​រក​ឃើញ​ថា ​ក្រុម​ហ៊ុន​សេវា​កម្ម​ទូរស័ព្ទ​ចល័ត​ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata ) «បាន​ប្រព្រឹត្ត​ខុស​នីតិវិធី» ក្នុង​ការ​បើក​លេខ​ទូរស័ព្ទ​ជូន​អតិថិជន ដោយ​បាន​ផ្តាច់​លេខ​ទូរស័​ព្ទ​របស់​អតិថិជន​ដែល​កំពុង​ប្រើ​ប្រាស់​រាល់​ថ្ងៃ ហើយ​យក​ទៅ​លក់​បន្ត​ឲ្យ​អតិថិជន​ថ្មី ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ម្ចាស់​ដើម​។

ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​ថា ​តើ​អតិថិ​ជន​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ស្មាត​អំពី​បញ្ហា​នេះ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ក៏​មិន​បាន​បញ្ជាក់​ឈ្មោះ​របស់​ម្ចាស់​ពាក្យ​បណ្តឹង និង​អង្គ​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ប្តឹង​ក្រុមហ៊ុន​ស្មាត​នោះ​ទេ។

ក្រសួង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​សុំ​ទោស​ជា​សាធារ​ណៈ ដោយ​ចុះ​ផ្សាយ​ក្នុង​គេហ​ទំព័រ​ផ្លូវ​ការ​របស់​ខ្លួន ផ្តល់​លេខ​ទូរ​ស័ព្ទ​ដល់​អតិថិជន ផុ្តល់​សំណង​ការ​ខូច​ខាត​ដល់​ម្ចាស់​ដើម និង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​រាល់​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ។

VOA​ បានព្យាយាម​ទាក់​ទង​លោក មាស ប៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃស​ណីយ៍ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ទាំង​តាម​លេខ​ទូរស័ព្ទ និង​តាមប្រព័ន្ធ​តេឡេក្រាម ​(Telegram) ប៉ុន្តែ​លោក​មិន​ឆ្លើយ​តប និង​ឲ្យទាក់​ទង​ទៅ​លោក សូ វិសុទ្ធី ជា​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ម្នាក់​ទៀត​ដែល​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន។

ការ​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​ជា​ការ​ព្រមាន​ដល់​ក្រុមហ៊ុន​ស្មាត ធ្វើ​ឡើង​បន្ទាប់​ពី​បុគ្គល​ម្នាក់បាន​ដាក់​ពាក្យ​បណ្តឹង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ ទៅ​កាន់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ក្រសួង​មហាផ្ទៃ ដែល​បាន​ប្តឹង​ក្រុម​ហ៊ុន​ស្មាត​ពី​ការ​លួច​កាត់​លេខ​ទូរស័​ព្ទ​ពី​ម្ចាស់​ដើម ទៅឲ្យ​អ្នក​ដទៃ ​ដោយ​មិន​មាន​ការ​ព្រម​ព្រៀង​ពី​ម្ចាស់​ដើម។ បុគ្គល​ដែល​ប្តឹង​នោះ​បាន​ផ្សព្វ​ផ្សាយ​ពាក្យ​បណ្តឹង​នេះ តាម​រយៈ​ហ្វេស​ប៊ុក​ឡាយ ​(Facebook Live) ​មួយ ដោយ​បាន​ចោទ​ក្រុម​ហ៊ុន​ស្មាត​ថា​ បាន​ឃុំឃិត​ជាមួយ​ក្រុម​ចោរ​បច្ចេក​វិទ្យា​ (Hacker) ចំពោះ​ករណី​លួច​កាត់​លេខ​ទូរស័ព្ទ​នេះ​ទៅ​ឲ្យ​បុគ្គល​ផ្សេង​ដែល​មិន​មែន​ជា​ម្ចាស់​ដើម។

ជម្លោះ​នេះ​ត្រូវ​បាន​អះអាង​ថា​ ពាក់​ព័ន្ធ​នឹង​បុគ្គល​ម្នាក់​ដែល​ជា​បុគ្គលិក​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​លក់​កាវ​វិទ្យាសាស្រ្ត និង​សម្ភារៈ​ផ្សេង​ៗ ឈ្មោះ​ K.R.N.A Rachana Product

លោក គឹម មករា អគ្គ​នាយក​ក្រុមហ៊ុន​ខាង​លើ បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក សុន សុភ័ន្ត ដែល​ជា​ម្ចាស់​បណ្តឹង និង​ជា​បុគ្គលិក​មួយ​រូប​ប្រចាំ​ក្រុមហ៊ុន មិន​ទាន់​ទទួល​បាន​ការ​ទាក់​ទង​ពី​ក្រុម​ហ៊ុន​ស្មាត​នោះ​ទេ ពាក់​ព័ន្ធ​នឹង​ដំណោះ​ស្រាយ​ផ្តល់​លេខ​ទូរ​ស័ព្ទ​ឲ្យ​វិញ និងការ​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ផ្តល់​សំណង។

លោក​បញ្ជាក់​ថា៖ «មក​ដល់​ពេល​ហ្នឹង​ គឺ​ក្រុមហ៊ុន ​Smart គ្រាន់​តែ​ចេញ​សេចក្តី​ថ្លែង​ការណ៍ ប៉ុន្តែ​ក្រុម​ហ៊ុន ​Sma​rt មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ឲ្យ​ខាង​យើង​ដឹង​ទេ ហើយ​ក៏​មិន​បាន​ទាក់​ទង​មក​ខាង​ជន​រង​គ្រោះ​ ក៏​ដូច​ជា​ខាង​ខ្ញុំ​ផ្ទាល់​ដែរ។ ហើយ​ក្រុមហ៊ុន ​Smart អត់​មាន​បាន​បញ្ចេញ​ឈ្មោះ​ជន​ខិល​ខូច​ ឬ​មួយ​ជា​បុគ្គលិក​ហ្នឹង​ទេ។ អត្ត​សញ្ញាណ​ គឺ​អត់​បានចេញ​ហ្មង គ្រាន់​តែ​ថា ​ព្យួរ​ការងារ»។

លោក​បន្ថែម​ថា​ លេខ​ទូរស័ព្ទ​របស់បុគ្គលិក​លោក គឺ​លោក សុន សុភ័ន្ត មាន​ភ្ជាប់​ទៅ​នឹង​គណនី​ធនាគារ គណនី​ទីភ្នាក់​ងារ​ផ្ទេរ​ប្រាក់​ និងស្ថិតក្នុង​កម្មវិធី​ផ្ញើ​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​របស់​ក្រុម​ការងារ​ក្នុង​ក្រុមហ៊ុន។ លោក​បន្ថែម​ថា ​មាន​ករណី​ជន​អនាមិក​យក​លេខ​ទូរស័ព្ទ​នេះ ដើម្បី​លួច​ចូល​មើល​ក្នុង​កម្មវិធី​ផ្ញើ​សារ​តេឡេ​ក្រាម​របស់​ក្រុមហ៊ុន​របស់​លោក​ផង​ដែរ។

លោក​បាន​ឲ្យ​ដឹង​ថា​កាល​ពី​កន្លង​ទៅ ក្រុមហ៊ុន​ស្មាត​ មិន​បាន​បិទ​លេខ​ទូរស័ព្ទ​នេះ​តាម​សំណើ​របស់​ម្ចាស់​កម្ម​សិទ្ធិ​នោះ​ទេ ដោយ​លើក​ឡើង​ថា ការ​ធ្វើ​ដូច​នេះ​ខុស​នឹង​នីតិវីធី​ច្បាប់។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុមហ៊ុន​ស្មាត​ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឆ្លើយ​តប​នឹងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ ដោយលើក​ឡើង​ថា ​ក្រុមហ៊ុន​បានចាត់​វិធាន​ការ​ចាំបាច់​ភ្លាមៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ ក្រុមហ៊ុន​បាន​ផ្អាក​ដំណើរ​ការ​លើ​លេខ​ទូរស័ព្ទ​នៅ​ក្នុង​ពាក្យ​បណ្តឹង មុន​ពេល​ប្រគល់​ត្រឡប់​ទៅ​ម្ចាស់​កម្ម​សិទ្ធិ​ស្រប​ច្បាប់​វិញ។ កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា ក្រុមហ៊ុន​បាន​ពិភាក្សា​និង​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ករណី​នេះ​ទៅ​និយ័តករ​ទូរ​គមនា​គមន៍​កម្ពុជា និង​ស្ថាប័ន​មាន​សមត្ថកិច្ច។ ហើយ​ក្រុមហ៊ុន​បាន​ទាក់​ទង​ជាមួយ​អតិថិជន​នោះ ​និង​ស្នើ​ផ្តល់​ជា​ដំណោះ​ស្រាយ ក៏​ប៉ុន្តែ​សំណើ​នោះ ​ត្រូវ​បាន​បដិសេធ។

បន្ថែម​លើ​សេចក្តី​ជូន​ដំណឹង​នេះ តំណាង​ក្រុមហ៊ុន​ស្មាត​ បាន​ប្រាប់​វីអូអេ​ថា​ ខ្លួន​បាន​ទាក់​ទង​ទៅអតិថិជន​នោះ ដើម្បី​ផ្តល់​លេខ​ទូរស័ព្ទ​ឲ្យ​វិញ ប៉ុន្តែ​ថា​ បុគ្គល​នោះ​ បាន​បដិសេធ​មិនពិភាក្សា និង​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ ដោយ​មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា។

ទោះ​ជាយ៉ាងណា តំណាង​ក្រុម​ហ៊ុន​ស្មាត​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ថា​ តើ​ក្រសួង​ប្រៃសណីយ៍​បាន​ទាក់​ទង​ទៅ​ក្រុម​ហ៊ុន ដើម្បី​សួរ​នាំ មុន​នឹង​ផ្សព្វ​ផ្សាយ​សេចក្តី​ប្រកាស​ជា​លក្ខណៈ​ព្រមាន​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ ឬ​យ៉ាងណា។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​ស្មាត ក្រុមហ៊ុន​បាន​រក​ឃើញ​ថា​ បុគ្គលិក​មួយ​រូប​មាន​កំហុស​លើ​បញ្ហា​កាត់​លេខ​ទូរស័ព្ទ​នេះ​ទៅ​ឲ្យ​ភាគី​មួយ​ទៀត ហើយ​ត្រូវ​បាន​ព្យួរ​ពី​ការងារ និង​ទទួល​ទណ្ឌ​កម្ម​វិន័យ​នានា តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុម​ហ៊ុន។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​តើ​បុគ្គល​ដែល​បាន​ស្នើ​សុំ​កាត់​លេខ​ទូរស័ព្ទ​ពី​ក្រុមហ៊ុន​ស្មាត រហូត​បណ្តាល​ឲ្យ​មាន​ជម្លោះ​រឿង​ម្ចាស់​កម្មសិទ្ធិ​នេះ ជា​អ្នក​ណា​នោះ​ទេ។

លោក យង់ គិម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ទោះ​បី​ជា​ករណី​កាត់​ផ្តាច់​លេខ​ទូរស័ព្ទ ហើយ​លក់​បន្ត​ឲ្យ​អតិថិជន​ថ្មី មាន​តែ​មួយ​ករណី​ក៏​ដោយ លោក​ចាត់​ទុក​នេះ​ ជា​បញ្ហា​សំខាន់​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ និង​ថា​ ជាការ​រំលោភ​បំពាន​កិច្ច​សន្យា​រវាង​ក្រុមហ៊ុន​និង​អតិថិ​ជន។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​ក្រុមហ៊ុន​ហ្នឹង​គាត់​ចេះ​តែ​អនុវត្ត​ការ​ផ្តល់​លេខ​ឲ្យ ដោយ​អត់​មាន​ការ​សួរ​នាំ អត់​មាន​ដឹង​ហេតុ​ផល​អី​អញ្ចឹង ​គឺ​អាហ្នឹង​ វា​ផល​ប៉ះ​ពាល់​ធំ​ណាស់​ដល់​បុគ្គល​ដែល​គាត់​បាន​ទិញ​លេខ​ទូរស័​ព្ទ​ហ្នឹង​ពី​មុន​មក​បាទ។ ហើយ​ម្យ៉ាង​វិញ​ទៀត​ វា​ជា​ការ​រំលោភ​មួយ​ធំ​នៅ​ក្នុង​កិច្ច​សន្យា​ទិញ​ដូរ​ដែរ​បាទ»។

លោកបន្ត​ទៀត​ថា​ ការ​ចាត់​ចេញ​ជា​ចំណាត់​ការ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​រឿង​ត្រឹម​ត្រូវ​មួយ ដើម្បី​បញ្ចៀស​បញ្ហា​ដូច​នេះ​កើត​មាន​ឡើង​នា​ពេល​អនាគត។ ទោះ​ជា​យ៉ាងណា លោក​ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​ មុន​នឹង​ចេញ​ជា​សេចក្តី​ប្រកាស ឬ​ការ​ព្រមាន​ណា​មួយ៕