ក្រុមហ៊ុន​ធំៗ​ខាង​បច្ចេកវិទ្យា គ្រោង​បរិច្ចាគ​វ៉ាក់សាំង​កូវីដ​ឲ្យ​តៃវ៉ាន់​ដោយ​សម្រួល​ជាមួយ​ចិន

រូបឯកសារ៖ ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Foxconn នៅ​ខាងលើ​អាគារ​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់។

ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​របស់​តៃវ៉ាន់ ​គឺ ​Foxconn​ និង​ក្រុមហ៊ុន​ផលិត​ឧបករណ៍​គ្រឿង​អេឡិច​ត្រូនិក​តៃវ៉ាន់​ហៅកាត់​ TSMC ​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា​ ក្រុមហ៊ុន​នីមួយៗ ​នឹង​បរិច្ចាគ​វ៉ាក់សាំង​កូវីដ​ចំនួន​៥​លានដូស​ ដល់​រដ្ឋាភិបាល​តៃវ៉ាន់​ក្នុង​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។​

រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ កំពុង​តស៊ូ​រក​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​របស់ខ្លួន​ ហើយ​ឋានៈ​ខាង​នយោបាយ​មិន​ប្រាកដ​ប្រជា​របស់​ដែនដី​នេះ ​គឺជា​ឧបសគ្គ​ដ៏​ធំ។​

នៅពេល​រដ្ឋាភិបាល​តៃប៉ិ​ និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​វ៉ាក់សាំង​ ​ក្រុមហ៊ុន​ Foxconn​ និង​ TSMC​ បាន​ឈាន​មុខគេ​ជាមួយ​នឹង​ដំណោះ​ស្រាយ​ទុក​មុខទុកមាត់​ទាំង​សងខាង​ គឺ​ទិញ​ថ្នាំ​របស់​Pfizer-BioNTech​ ពី​ក្រុមហ៊ុន​ចែកចាយ​របស់​ប្រទេស​ចិន ​និង​បរិច្ចាគ​ទៅ​តៃវ៉ាន់។​

លោក​ Terry Gou ​ស្ថាបនិក​ក្រុមហ៊ុន ​Foxconn ​បាន​និយាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖​ «ខ្ញុំ​និង​ក្រុម​របស់​ខ្ញុំ​យល់​ពីការ​ព្រួយ​បារម្ភ​និង​ក្តី​រំពឹង​ទុក​របស់​សាធារណជនទៅ​លើ​វ៉ាក់សាំង​ ហើយ​យើង​មាន​អារម្មណ៍​ធូរ​ស្បើយ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ដល់​សាធារណ​ជន​ដោយ​បាន​ចុះ​កិច្ច​សន្យា​លើ​បញ្ហា​នេះ»។

លោក​បាន​និយាយ​ថា៖​ «អាជ្ញាធរ​ក្រុង​ប៉េកាំង ​មិន​បាន​ផ្តល់​ការ​ណែនាំ​ ឬ​ការ​ជ្រៀត​ជ្រែក​ក្នុង​ដំណើរ​ការ​ទទួល​វ៉ាក់សាំង​នោះ​ទេ» ដោយ​លោក​បន្ថែមថា​ វ៉ាក់សាំង​នេះ នឹង​ត្រូវ​ដឹក​ដោយ​ផ្ទាល់​ចេញពី​ក្រុមហ៊ុន​ BioNTech​ របស់​អាល្លឺម៉ង់។​

ក្រុមហ៊ុន ​Foxconn ​និង ​TSMC ​ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក ​និង​បន្ទះ​អេឡិចត្រូនិក​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​បាន​និយាយ​ថា​ ក្រុមហ៊ុន​នីមួយៗ​ នឹង​ចំណាយ​១៧៥​លាន​ដុល្លារ​ ទិញ​វ៉ាក់សាំង។​

ថ្នាក់​ដឹកនាំ​ផ្តាច់ការ​នៅទីក្រុង​ប៉េកាំង ​ចាត់ទុក​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​តាម​ប្រជាធិបតេយ្យ​ គឺ​ជា​ផ្នែក​មួយ​នៃ​បូរណភាពដែនដី​របស់​ចិន ​ហើយ​បាន​ប្តេជ្ញា​ថា​ នឹង​យក​កោះ​នេះ​ដោយ​ប្រើ​កម្លាំង ​ប្រសិន​បើ​ចាំបាច់។​ ប្រទេស​ចិន​ ព្យាយាមធ្វើ​ឱ្យ​កោះ​តៃវ៉ាន់​នៅ​ដាច់ឆ្ងាយ​ពី​អន្តរជាតិ​រួមទាំង​រារាំង​ទំនាក់ទំនង​ដែនដី​នេះ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក។​

រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ បាន​ព្យាយាម​ទិញ​វ៉ាក់សាំង​ក្រុមហ៊ុន ​Pfizer-BioNTech ​ដោយ​ផ្ទាល់ពី​ប្រទេស​អាល្លឺម៉ង់​ ប៉ុន្តែ​ ក្រុមហ៊ុន ​Fosun Pharma​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​សៀងហៃ​ មាន​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខ​សម្រាប់​ប្រទេស​ចិន​ ក្រុង​ហុងកុង​ ក្រុង​ម៉ាកាវ ​និង​តៃវ៉ាន់៕