មេធាវីរបស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ស្នើតុលាការពន្យារពេលឱ្យកូនក្តីចូលបំភ្លឺពាក់ព័ន្ធនឹងដំណើររឿងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរដ្ឋាភិបាល ដោយហេតុថា កូនក្តីរបស់លោកកំពុងស្ថិតនៅក្រៅប្រទេស។
ក្នុងពាក្យសុំពន្យារពេលរបស់លោកមេធាវី ជូង ជូងី ចេញនៅថ្ងៃទី៨ ខែមេសា និងត្រូវបានគណបក្សភ្លើងទៀនយកមកផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃអង្គារនេះ បញ្ជាក់ពីមូលហេតុថា ៖ លោក ទាវ វណ្ណុល មានភារកិច្ចនៅក្រៅប្រទេស មិនទាន់វិលត្រឡប់មកប្រទេសវិញ។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ត្រូវបានមេធាវីតំណាងរាជរដ្ឋាភិបាល គឺលោក ផូ សុធាផល និងលោក ម៉ម ចាន់ណែត ប្តឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ពាក់ព័ន្ធនឹងការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានNikkei Asia ក្នុងប្រទេសជប៉ុន និងវិទ្យុបារាំង (RFI) អំឡុងពេលលោកស្ថិតនៅប្រទេសជប៉ុន កាលពីខែកុម្ភៈកន្លងទៅ។ នេះបើតាមគណបក្សភ្លើងទៀន។
បើតាមដីកាកោះលើកទី២ ចេញដោយលោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែមីនា លោក ប្លង់ សុផល បានកោះហៅលោក ទាវ វណ្ណុល ដើម្បីសាកសួរនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក ពីករណីធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល។
វីអូអេមិនអាចសុំការបញ្ជាក់ពីលោក ប្លង់ សុផល តំណាងអយ្យការ បាននៅឡើយទេ ជុំវិញការស្នើសុំពន្យារពេលរបស់មេធាវីការពារក្តីប្រធានគណបក្សភ្លើងទៀននេះ។
លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យលោក ទាវ វណ្ណុល ប្រាប់វីអូអេនៅរសៀលថ្ងៃអង្គារនេះថា លោកមិនទាន់ទទួលបានការឆ្លើយតបពីតុលាការវិញនៅឡើយ។ ហើយលោកក៏មិនចូលទៅតុលាការនៅថ្ងៃស្អែកនេះដែរ ដោយសារមិនមានវត្តមានកូនក្តី។
បើតាមលោកមេធាវី ជូង ជូងី លោកមិនដឹងថាដីកាកោះលើកទី១ ចេញតាំងពីពេលនោះទេ ដោយសារលោកមិនដែលទទួលបាន៕
មេធាវី ស្នើតុលាការលើកពេលឱ្យលោក ទាវ វណ្ណុលចូលបំភ្លឺ

លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ផ្តល់បទសម្ភាសដល់ VOA អំពីវិសោធនកម្មច្បាប់ស្តីអំពីគណបក្សនយោបាយ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)