គ្រូបង្រៀននៅមីយ៉ាន់ម៉ា ទាំងអ្នកគាំទ្រនិងអ្នកដែលប្រឆាំងនឹងរបបយោធានៅក្រោយរដ្ឋប្រហារនៅក្នុងប្រទេសនេះ ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមនឹងការគំរាមកំហែងដែលរួមមានទាំងការគំរាមសម្លាប់ផងដែរពីសំណាក់ក្រុមប្រដាប់អាវុធដែលគាំទ្ររបបយោធានិងក្រុមប្រឆាំងនៅតាមតំបន់ជាច្រើននៅក្នុងប្រទេស ស្របពេលដែលរដ្ឋាភិបាលកំពុងធ្វើការដើម្បីបើកសាលារៀនឡើងវិញ។
សាលារៀននានាត្រូវបានបិទកាលពីឆ្នាំមុន ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ បន្ថែមពីនេះទៀត គ្រូបង្រៀនរាប់ពាន់នាក់បានចូលរួមនៅក្នុងចលនាមិនស្ដាប់បង្គាប់អាជ្ញាធរដើម្បីប្រឆាំងនឹងរបបយោធា និងបានធ្វើពហិការមិនចូលបង្រៀននៅតាមសាលារៀនដែលគ្រប់គ្រងដោយរបបយោធា។
ជាងនេះទៀត ឪពុកម្ដាយមិនឱ្យកូនទៅរៀនដោយសារតែមានការព្រួយបារម្ភអំពីសន្ដិសុខនិងការធ្វើពហិការមិនចូលរៀន។ របបយោធាបានអនុញ្ញាតឱ្យសិស្សានុសិស្សប្រឡងបញ្ចប់ការសិក្សាកាលពីខែមីនានិងខែមេសា និងបានបើកសាលារៀនឡើងវិញកាលពីថ្ងៃទី២ ខែមិថុនាដូចធម្មតា ដោយបានបញ្ជាក់ថា សិស្សានុសិស្សជាង ៥ លាននាក់បានចុះឈ្មោះចូលរៀននៅក្នុងឆ្នាំសិក្សាថ្មីនេះ។
ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នព័ត៌មានក្នុងស្រុកនិងកាសែតដែលគ្រប់គ្រងដោយរបបយោធាបានរាយការណ៍ព័ត៌មានអំពីគ្រូបង្រៀនដែលត្រូវបានគេសម្លាប់និងចាប់ខ្លួនដោយក្រុមប្រដាប់អាវុធដែលគេមិនស្គាល់អត្តសញ្ញាណ ហើយការវាយប្រហារនៅតាមសាលារៀនត្រូវបានគេរាយការណ៍ថាបានកើតឡើងជារៀងរាល់ថ្ងៃ។
ជាទូទៅ សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមិនបានបញ្ជាក់អំពីអត្តសញ្ញាណរបស់អ្នកវាយប្រហារនោះទេ។ សេចក្ដីរាយការណ៍ខ្លះបានបន្ទោសក្រុមដែលគាំទ្ររបបយោធាថាជាអ្នកប្រព្រឹត្តិ រីឯសេចក្ដីរាយការណ៍ខ្លះទៀតបានបញ្ជាក់ថាក្រុមប្រឆាំងបានអះអាងទទួលខុសត្រូវចំពោះរឿងនេះ។ របបយោធាតែងតែបន្ទោសកងកម្លាំងក្រុមប្រឆាំងថាជាអ្នកប្រព្រឹត្តិការវាយប្រហារនិងការសម្លាប់ទាំងនេះ។
បើយោងតាមអ្នកស្រុកដែល VOA បានសម្ភាស អ្នកស្រី Moe Moe Khaing ដែលជានាយកសាលារៀនមួយកន្លែងនៅក្នុងភូមិ Botae ឃុំ Wetlet នៃតំបន់ Sagaing និងអ្នកស្រី Kay Zar Khaing ដែលជាបងប្អូនស្រីរបស់អ្នកស្រី ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់កាលពីថ្ងៃទី ៦ ខែមិថុនា។ របបយោធាបានបន្ទោសកងកម្លាំងការពារប្រជាជនដែលជាក្រុមប្រឆាំងថាជាអ្នកប្រព្រឹត្តិរឿងនេះ ប៉ុន្តែមិនមានកងកម្លាំងការពារណាមួយក្នុងមូលដ្ឋានអះអាងទទួលខុសត្រូវចំពោះរឿងនេះនោះទេ។
លោកWin Bo ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Dawei នៅភាគអាគ្នេយ៍ប្រទេស និងលោក Mya Mya Moe ដែលជាមន្ត្រីនៃក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា ត្រូវបានសម្លាប់នៅក្នុងភូមិ Pan Tin Inn ឃុំ Laung Lone នៃស្រុក Dawei កាលពីថ្ងៃទី ១៣ ខែមិថុនា។ កងកម្លាំងការពារប្រជាជន Launglone ដែលជាក្រុមប្រឆាំង បានសារភាពនៅក្នុងសេចក្ដីប្រកាសមួយថា ខ្លួនបានសម្លាប់ពួកគេដោយសារតែពួកគេបានផ្ដល់ដំណឹងនិងសម្របសម្រួលជាមួយនឹងរបបយោធា។
គេឃើញមានហេតុការណ៍ជាច្រើនទៀតបានកើតឡើងដូចជា មន្ត្រីផ្នែកអប់រំចំនួន ៨ នាក់ បានរងរបួសនិងម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយនៅក្នុងក្រុង Naungcho នៃរដ្ឋ Shan នៅភាគខាងជើងប្រទេសកាលពីថ្ងៃទី ៣១ ខែឧសភា សាលារៀនចំនួន ៤ កន្លែងត្រូវបានរាយការណ៍ថាបានរងការវាយប្រហារនៅក្នុងតំបន់ Sagaing កាលពីថ្ងៃទី ៦ ខែមិថុនា វិទ្យាល័យមួយកន្លែងត្រូវបានគេដុតបំផ្លាញ និងហេតុការណ៍ផ្ទុះគ្រាប់បែកដែលបានកើតឡើងនៅក្បែរសាលារៀនមួយកន្លែងនៅក្នុងរដ្ឋ Kachin កាលពីសប្ដាហ៍ទីពីរនៃខែមិថុនា។
សេចក្ដីរាយការណ៍នានានៅក្នុងស្រុកមិនបានបញ្ជាក់អំពីអត្តសញ្ញាណរបស់អ្នកវាយប្រហារនោះទេ ហើយក៏គ្មានក្រុមប្រឆាំងណាមួយអះអាងទទួលខុសត្រូវថាខ្លួនជាអ្នកប្រព្រឹត្តិនោះដែរ ប៉ុន្ដែរបបយោធាបានបន្ទោសថារឿងនេះគឺជាស្នាដៃរបស់កងកម្លាំងការពារប្រជាជន ដែលជាក្រុមប្រឆាំង។
ស្របពេលជាមួយគ្នានេះដែរ អ្នកល្បាតព្រៃនៃកងកម្លាំងរំដោះប្រជាជនដែលប្រឆាំងនឹងរដ្ឋប្រហារយោធាបានអះអាងទទួលខុសត្រូវថាខ្លួនជាអ្នកប្រព្រឹត្តិ និងបានសុំអភ័យទោសចំពោះការសម្លាប់បុរសវ័យ ២១ ឆ្នាំម្នាក់ដោយចៃដន្យ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយនៅការិយាល័យអប់រំក្នុងឃុំ North Okkalapa នៃទីក្រុងរ៉ង់ហ្គូនកាលពីថ្ងៃទី ១៩ ខែមិថុនា។
ទោះជាយ៉ាងនេះក្ដី ក្រុមនេះបានព្រមានជាថ្មីម្ដងទៀតមិនឱ្យគ្រូបង្រៀនធ្វើការ «នៅក្រោមរបបផ្ដាច់ការយោធា» និងថា ពួកគេនឹងមិនទទួលខុសត្រូវនោះទេ ប្រសិនបើមានការខូចខាតណាមួយកើតឡើងនៅក្នុងការផ្ទុះគ្រាប់បែកនាពេលអនាគត។
គ្រូបង្រៀនក៏ប្រឈមនឹងគ្រោះថ្នាក់ដូចទៅនឹងគ្រោះថ្នាក់ដែលប្រជាពលរដ្ឋទូទៅផ្សេងទៀតប្រឈមផងដែរ។
កាលពីថ្ងៃទី ១០ ខែមិថុនា មនុស្ស ៥ នាក់ ដែលរួមមានទាំងគ្រូបង្រៀនពីរនាក់នៃចលនាមិនស្ដាប់បង្គាប់អាជ្ញាធរផងដែរ ត្រូវបានចាប់ខ្លួននិងសម្លាប់ដោយកងកម្លាំងសន្ដិសុខរបស់របបយោធានៅក្នុងភូមិ Dan Pin Kan ឃុំ Yezagyo នៃតំបន់ Magway។ នេះបើតាមការបញ្ជាក់ប្រាប់ VOA ពីសំណាក់អ្នកភូមិ និងកងកម្លាំងទ័ពព្រៃឃុំ Yezagyo ខាងជើង (Northern-Yezagyo Guerrilla Force) ដែលជាក្រុមប្រឆាំងមួយនៅមូលដ្ឋាន។
ក្រុមនេះបានបញ្ជាក់ថា កងកម្លាំងរបស់របបយោធាបានចាប់ខ្លួនអ្នកភូមិកាលពីថ្ងៃទី ១០ ខែមិថុនា បន្ទាប់ពីពួកគេត្រូវបានកងកម្លាំងទ័ពព្រៃវាយប្រហារ។ កាលពីថ្ងៃទី ១៤ ខែមិថុនា អ្នកភូមិបានរកឃើញសាកសពមនុស្សចំនួន ៥ នាក់ ដោយក្នុងនោះរួមមានទាំងគ្រូបង្រៀនម្នាក់ដែលមានគភ៌ ៥ ខែនៃចលនាមិនស្ដាប់បង្គាប់អាជ្ញាធរផងដែរ។
អ្នកភូមិម្នាក់បាននិយាយដោយសុំមិនបញ្ចេញអត្តសញ្ញាណដោយភ័យខ្លាចពីសុវត្ថិភាពថា៖ «សាកសពទាំងអស់ទំនងជាត្រូវបានគេដុតទាំងរស់។ វាគួរឱ្យភ័យរន្ធត់ណាស់»។
លោកនាយឧត្តមសេនីយ៍ Zaw Min Tun ដែលជាអ្នកនាំពាក្យរបស់របបយោធា បានថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃទី ១៦ ខែមិថុនាថា មន្ត្រីផ្នែកអប់រំចំនួន ៤៤ នាក់ ដែលក្នុងនោះរួមមានទាំងគ្រូបង្រៀនផងដែរ ត្រូវបានសម្លាប់ ហើយសាលារៀនជាង ៥០០ កន្លែងត្រូវបានបំផ្លិចបំផ្លាញនៅចន្លោះពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ នេះ។
របបយោធាបានចោទប្រកាន់ម្ដងហើយម្ដងទៀតថាកងកម្លាំងការពារប្រជាជនមានការពាក់ព័ន្ធនៅក្នុងការសម្លាប់នេះ បើទោះបីជាសមាជិកជាច្រើននាក់នៃក្រុមនេះបានបដិសេធថាខ្លួនមិនមានការពាក់ព័ន្ធណាមួយនៅក្នុងការសម្លាប់ទាំងនេះក៏ដោយ។
លោក Ko Hlat See មេដឹកនាំនៃរណសិរ្សបដិវត្តន៍ប្រជាជាន Pakokku (People's Revolutionary Front-Pakokku) ដែលមូលដ្ឋាននៅក្នុងឃុំ Pakokku នៃតំបន់ Magway បានថ្លែងថា៖ «យើងមិនដែលសម្លាប់ជនស៊ីវិលនោះទេ ដោយគ្រាន់តែព្រមានដល់អ្នកដែលបម្រើការឱ្យរបបយោធាតែប៉ុណ្ណោះ។ យើងក៏មានគោលនយោបាយមិនវាយប្រហារលើអាគារសាសនានិងសាលារៀនផងដែរ»។
គណៈកម្មាធិការការពាររួមទឹកដីរដ្ឋ Chin (The Chinland Joint Defense Committee) ដែលមានក្រុមការពារថ្នាក់តំបន់ចំនួន ១៨ ក្រុមនៅក្នុងរដ្ឋ Chin ជាសមាជិក បានចាប់ឃុំខ្លួនមន្ត្រីផ្នែកអប់រំជាង ២០ នាក់។ នេះបើយោងតាមការបញ្ជាក់របស់លោក Salai Timmy អ្នកនាំពាក្យរបស់គណៈកម្មាធិការនេះ ដែលបានប្រាប់ VOA កាលពីថ្ងៃទី ២០ ខែមិថុនា។
លោកបានថ្លែងថា គណៈកម្មាធិការនេះបានចាប់ឃុំខ្លួនអ្នកទាំងនោះ បន្ទាប់ពីបានព្រមានពួកគេចំនួន ២ ដងរួចមក ប៉ុន្តែមិនបានធ្វើបាបពួកគេនោះទេ។
លោក Salai Timmy និយាយដូច្នេះថា៖ «យើងមិនបានធ្វើបាបនរណាម្នាក់នោះឡើយ។ យើងបានចាប់ឃុំខ្លួនគ្រូបង្រៀនដើម្បីរកមូលហេតុថាហេតុអ្វីបានជាពួកគេបម្រើការឱ្យរបបយោធា ដោយហេតុថាយើងកំពុងទប់ស្កាត់មិនឱ្យមានការដឹកនាំរបស់ពួកយោធានៅក្នុងរដ្ឋរបស់យើង។ ប្រសិនបើគ្រូបង្រៀនណាសន្យាថានឹងឈប់បម្រើការឱ្យរបបយោធា នោះយើងនឹងដោះលែងពួកគេទៅវិញ ហើយរៀបចំធានាសុវត្ថិភាពជូនពួកគេ»។
សុវត្ថិភាពរបស់គ្រូបង្រៀនប្រឈមនឹងហានិភ័យនៅក្រោមរដ្ឋប្រហារយោធា។
គ្រូបង្រៀនម្នាក់នៃចលនាមិនស្ដាប់បង្គាប់អាជ្ញាធរដែលបង្រៀននៅសាលារៀនមួយកន្លែងនៅក្នុងឃុំ Myaing នៃតំបន់ Magway ដែលសាលារៀននោះគ្រប់គ្រងដោយរដ្ឋាភិបាលឯកភាពជាតិ ដែលជារដ្ឋាភិបាលស្រមោលប្រឆាំងនឹងរបបយោធា បានថ្លែងប្រាប់ VOA ថា កងកម្លាំងរបស់របបយោធាបានចូលទៅក្នុងភូមិ លួចគាស់និងបំផ្លាញទ្រព្យសម្បត្តិនិងបានចាប់ខ្លួនអ្នកភូមិ បន្ទាប់ពីបានវាយប្រយុទ្ធជាមួយនឹងក្រុមជីវពលនៅក្នុងមូលដ្ឋានមក។
គ្រូបង្រៀនម្នាក់នោះបាននិយាយថា៖ «យើងបានរត់គេចខ្លួនមុនពេលដែលពួកគេបានទៅដល់ទីនោះ ហើយបានត្រឡប់ទៅក្នុងភូមិវិញក្រោយពេលដែលពួកគេបានចាកចេញទៅបាត់»។
គ្រូបង្រៀនម្នាក់ទៀតដែលមានបទពិសោធន៍បង្រៀន ១៦ ឆ្នាំ ដែលបង្រៀននៅសាលារៀនមួយកន្លែងរបស់របបយោធានៅក្នុងឃុំ Monywa នៃតំបន់ Magway បានបញ្ជាក់ថា៖ «ការបង្រៀននៅតាមសាលារៀនដែលគ្រប់គ្រងដោយរបបយោធាមិនមែនមានន័យថាជាការគាំទ្រការដឹកនាំរបស់ពួកយោធានោះទេ។ ការបង្រៀនគឺជាអាជីពរបស់ខ្ញុំ ហើយក្នុងនាមជាឪពុកម្នាក់ ខ្ញុំមានកាតព្វកិច្ចជាច្រើន ដែលក្នុងនោះរួមមានទាំងកាតព្វកិច្ចផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមគ្រួសាររបស់ខ្ញុំផងដែរ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា