សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចាត់ទុកការតម្រូវរបស់សាលារាជធានីភ្នំពេញទាក់ទងនឹងគម្រោងប្រមូលផ្តុំរបស់ពួកគេនៅទីលានប្រជាធិបតេយ្យនាចុងខែធ្នូនេះគ្រាន់តែជា«លេស»របស់អាជ្ញាធរក្នុងការរឹតត្បិតពួកគេ។
កាលពីព្រឹកថ្ងៃពុធ មន្រ្តីសាលារាជធានីភ្នំពេញបានជួបជាមួយមន្រ្តីរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដើម្បីពិភាក្សាអំពីគម្រោងតវ៉ារបស់ពួកគេនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វីអូអេថា សាលារាជធានីភ្នំពេញបានស្នើឱ្យសមាគមផ្លាស់ប្តូរចំណុចមួយចំនួន ជាពិសេសកម្មវត្ថុនៃការតវ៉ា ដោយត្រូវកែប្រែពីការតវ៉ាទាមទារឱ្យដោះលែងសកម្មជនជាទូទៅ មកជាការតវ៉ាទាមទារឱ្យដោះលែងត្រឹមតែគ្រូបង្រៀនដែលជាប់ពន្ធនាគារបានហើយ។ ការតម្រូវនេះក្រោមហេតុផលថា សមាគមចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាសមាគមគ្រូបង្រៀនតែប៉ុណ្ណោះ។ អ្នកស្រីចាត់ទុកការតម្រូវនេះគ្រាន់តែជាលេសដើម្បីរឹតត្បិតការជួបជុំរបស់ពួកគេ។
អ្នកស្រីថ្លែងថា៖ «ចំពោះខ្ញុំ ខ្ញុំថា នេះគ្រាន់តែជាលេសមួយថា គេចង់ឱ្យធ្វើដែរ ប៉ុន្តែថា ខុសនីតិវិធីបែបហ្នឹងទេ។ បើសិនជាគ្រាន់តែដាក់ឯកសារ ដែលខ្ញុំដាក់ទៅហ្នឹង វាគ្រប់គ្រាន់បាត់ទៅហើយ»។
បើតាមលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចុះថ្ងៃទី១៦ ខែធ្នូ ដែលជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញ សមាគមគ្រោងនឹងរៀបចំការប្រមូលផ្តុំគ្នាមានចំនួនមនុស្សយ៉ាងតិច១០០នាក់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ដើម្បីសម្តែងមតិទាមទារឱ្យដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីពឱ្យមានសេរីភាពឡើងវិញ។
ពួកគេក៏មានគម្រោងដង្ហែយកញត្តិទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីផងដែរ។ នេះបើតាមលិខិតដដែលនោះ។
អ្នកស្រី អ៊ុក ឆាយ៉ាវី បន្តថា សាលារាជធានីភ្នំពេញក៏តម្រូវឲ្យសមាគមបញ្ជាក់អំពីចំនួនអ្នកចូលរួមឲ្យបានជាក់លាក់ មិនមែនប្រើពាក្យយ៉ាងតិច១០០នាក់ឡើយ។ សាលារាជធានីភ្នំពេញក៏តម្រូវឲ្យសមាគមបញ្ជាក់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ និងបញ្ចប់ទៅវិញ។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់វីអូអេថា ការស្នើសុំរបស់សមាគមហួសព្រំដែនកំណត់និងខុសលក្ខន្តិកៈនៃសមាគមដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ លោកបន្ថែមថា សំណើរបស់ពួកគេមិនមានកាលវេលាជាក់លាក់ ដែលលោកថា វាខុសពីច្បាប់នៃការធ្វើបាតុកម្មដោយសន្តិវិធី។
លោកថ្លែងថា៖ «គាត់ធ្វើអី ធ្វើទៅ យើងអត់មានអីទៅយកលេសអីទេ។ គាត់ធ្វើឱ្យត្រឹមត្រូវតាមលក្ខន្តិកៈ ហើយបើគាត់ចង់ធ្វើអី គឺធ្វើកុំយកឈ្មោះគ្រូបង្រៀនឯករាជ្យមកប្រើទៅ! គាត់ប្រើជាបុគ្គលគាត់។ អាហ្នឹងគាត់ធ្វើបាន»។
ទោះជាយ៉ាងណា អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អះអាងថា សមាគមនឹងបន្តប្រមូលផ្តុំតាមគ្រោងទុក បើទោះត្រូវដូរតាមការតម្រូវរបស់សាលារាជធានីភ្នំពេញក៏ដោយ។ អ្នកស្រីចាត់ទុកការឃុំខ្លួនសកម្មជននយោបាយ និងសង្គមជារឿងអយុត្តិធម៌មួយ៕