កម្ពុជា​ពិចារណា​ទិញ​យន្តហោះ​ចម្បាំង​ពី​ចិន​​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ដែន​អាកាស

រូបឯកសារ៖ រដ្ឋមន្រ្តី​ការពារ​ប្រទេស​ចិន លោក Chang Wanquan (ឆ្វេង) ចាប់​រលាក់ដៃ​ជាមួយ​លោក​នាយ​ឧត្តម​សេនីយ៍​ ទៀ​ បាញ់ មុន​កិច្ច​ប្រជុំ​នៅ​ឯ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ៦ខែ វិច្ឆិកា ឆ្នាំ២០១៥។

នាយ​ឧត្តម​សេនីយ៍​ ទៀ​ បាញ់​ បាន​ថ្លែងថា​ កម្ពុជា បាន​សម្រេច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គម្រោង​​ដាក់​ឲ្យ​មាន​ការ​ដំឡើង​​ប្រព័ន្ធ​ការពារ​ម៉ីស៊ីល​ តែគ​ម្រោង​នេះ​នៅ​មិន​ទាន់​អនុវត្តន៍​នៅឡើយ​ផងដែរ​ ដោយ​ត្រូវ​រងចាំ​មើល​ស្ថាន​ការណ៍​ជាក់​ស្តែង​។​

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ​ ​បាញ់​ ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ​នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ រដ្ឋា​ភិបាល​មាន​ផែន​ការ​ទិញ​យន្ត​ហោះ​ចម្បាំង​ពី​ប្រទេស​ចិន​ តែ​ថា​ ផែន​ការ​នេះ​ ​នឹង​មិន​អាច​កើត​មាន​ឡើង​ឆាប់​ៗ​នោះ​ទេ ដោយ​រដ្ឋាភិបាល​មិន​ទាន់​មាន​លទ្ធភាព​ពង្រីក​កម្លាំង​ទ័ព​អាកាស​បាននៅ​ឡើយ។​ លោក​និយាយ​ថា​ ​ជំហ៊ាន​បន្ទាន់​ ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ ក្នុង​កិច្ច​ការការ​ពារ​ជាតិ​នោះ គឺ​ការ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិ​កាន់​តែ​ខ្លាំង​ នៃប្រព័ន្ធ​ការពារ​សកម្ម​ភាព​វាយ​ប្រហារពី​ដែនអាកាស​។​

​ការ​ថ្លែង​របស់​នាយ​ឧត្តម​សេនីយ៍​ ​ទៀ​ បាញ់​ កើត​មាន​ឡើង​ ​បន្ទាប់​ពី​ជំនួប​លោក​ ជាមួយ​នឹង​លោក​ Wang Hong Li មេបញ្ជាការ​មួយរូប​នៃ​កងកម្លាំង​ការ​ពារ​ដែន​ទឹក​ចិន​ ដែល​ធ្វើ​ឡើង​នៅ​ឯទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លងទៅ។​

អ្នក​វិភាគ​កិច្ច​ការ​អន្តរជាតិ​ ថ្លែង​ថា​ ការ​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​ គឺ​ជា​តម្រូវ​ការ​ចាំបាច់​របស់​រដ្ឋ​អធិបតេយ្យ​នីមួយៗ​ ដើម្បី​ការ​ពារ​ខ្លួន​។​ ប៉ុន្តែ​ អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​ និង​នយោបាយ​ខ្មែរ​ ថ្លែង​ថា​ វិស័យ​ការពារ​ជាតិ​អាច​ខ្លាំង​ទៅបាន​ ល្គឹក​ណា​គ្រឹះសេដ្ឋកិច្ច​រឹងម៉ាំ​ និង​អ្នក​នយោបាយ​ពុំ​បង្ក​ឲ្យ​មាន​ទំនាស់​ផ្ទៃក្នុង​ដែល​នាំ​ឲ្យ​កើត​ជា​វិបត្តិ​។​ ​

​លោក​ទៀ បាញ់​ ដែល​ទើបវិល​ត្រឡប់​ពី​ការ​ចូលរួម​វេទិកា​ Xiangshan​ លើក​ទី៧​ជាកិច្ច​ប្រជុំ​កំពូល​សន្តិ​សុខ​ថ្នាក់​តំបន់​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ បានថ្លែងថា​ រដ្ឋាភិបាល​មិន​ទាន់​អាច​បង្កើន​កង​កម្លាំង​ទ័ព​អាកាស​បាន​នោះ​ទេ​ ដូច្នេះ​អ្វីដែល​រដ្ឋាភិបាល​អាច​ធ្វើបាន​ គឺ​ការ​បង្កើន​ការ​ការ​ពារ​ខ្លួន​ ពី​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​។​

​«​ជំហ៊ាន​នេះ​ គឺ​យើង​បង្កើត​ជា​ការ​គិត​គូ​ពី​រឿង​ការពារ​ ហៅ​ថា​ ការពារ​យន្តហោះ​ បានន័យ​ការ​ពារ​រួច​ហើយ​ យើង​ការ​ពារ​អាកាស​ ជា​ជាង​យើង​ហៅ​ថា​ ពង្រីក​ទ័ព​អាកាស​ ហ្នឹង​គឺ​ថា​ ទ័ព​អាកាស​ហ្នឹង​គឺ​ ដូច​ជា​វាៗ​ក្រោយ​បន្តិច​ទៅ​ចុះ​»​។​

នាយ​ឧត្តម​សេនីយ៍​ ទៀ​ បាញ់​ បាន​បញ្ជាក់​បន្ថែមថា​ ការ​ចុះ​ពិធីសារ​នានា​ស្តី​ពី​ការ​ផ្គត់​ផ្គង់​ជំនួយ​យោធា​ពី​ប្រទេសចិន​ ដើម្បី​ធ្វើ​ទំនើប​កម្ម​យោធា​កម្ពុជា​ បាន​ធ្វើ​ឡើង​នៅ​ក្នុងប្រទេស​ចិន។​ តែ​លោក​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​ជំនួយ​យោធា​នោះទេ។​ លោក​អះអាង​ថា​ កម្ពុជា​ បាន​សម្រេច​គម្រោងដាក់​ឲ្យ​មាន​ការ​ដំឡើងប្រព័ន្ធ​ការពារ​ម៉ីស៊ីល​ តែគ​ម្រោង​នេះ​នៅ​មិន​ទាន់​អនុវត្តន៍​នៅឡើយ​ផងដែរ​ ដោយ​ត្រូវ​រងចាំ​មើល​ស្ថាន​ការណ៍​ជាក់​ស្តែង​។​

ជំនួប​រវាង​ នាយ​ឧត្តម​សេនីយ៍​ទៀ​ បាញ់​ និង​លោក​ Wang Hong Li មេបញ្ជាការ​មួយរូប​នៃ​កងកម្លាំង​ការ​ពារ​ដែន​ទឹក​ចិន​ ​ ធ្វើ​ឡើង​នៅគ្រា​មាន​ការ​ចូល​សំចត​កង​នាវា​ របស់​ចិន​ និងសហរដ្ឋ​អាមេរិក​ជាច្រើន​គ្រឿង​នៅ​ក្នុង​កំពង់​ផែ​នានា​របស់​កម្ពុជា។​

លោក​ទៀ​ បាញ់​ ពន្យល់​ថា​ ​ការ​ចូល​សំចត​នោះ​ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ទសន្សកិច្ច​ និង​បង្ហាញ​ការ​គោរព​រាប់​អាន​ និងស្វែង​យល់​គ្នា​រវាង​កងទ័ព​ និង​កងទ័ព​។ លោក​ថា​កម្ពុជា​ស្វាគមន៍​ ការចូល​សំចត​នាវាទាំង​អស់​មិន​ថា មកពី​ចិន​ អាមេរិក​ ជប៉ុន​ អូស្ត្រាលី​ បារាំង​ ឬ​ឥណ្ឌានោះ​ទេ។​ ​

​លោក​ គង់​ ភោគ​ ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្ត្រ​ ប្រាប់​ ​VOA​ នាថ្ងៃ​អង្គារ​នេះ​ថា​ ការ​ពង្រឹង​ និងធ្វើ​ឲ្យ​ជឿន​លឿន​ក្នុង​វិស័យ​ការពារ​ជាតិ​ គឺ​ជាផ្នែក​សំខាន់​មួយ​នៃ​កិច្ច​ការ​ពារ​សន្តិ​សុខ​ជាតិ​។​ លោក​និយាយ​ថា​ ការ​ធ្វើ​ទំនើប​កម្ម​ក្នុង​វិស័យ​យោធា​អាច​ធ្វើ​ទៅ​បាន​ ​ទោះ​ជា​ប្រទេស​មិន​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ផ្នែកសន្តិសុខ​ពី​ក្រៅ​ប្រទេសក្តី​ ហើយ​ថា​ប្រទេស​កម្ពុជា​ក៏ត្រូវ​រក្សា​ការ​តាម​ដាន​លើ​កំណើន​នៃ​ការ​ចំណាយ​លើ​វិស័យ​យោធា​របស់​ប្រទេស​ក្នុង​តំបន់​ផង​ដែរ។

«​ដូច្នេះ​ អានេះ​ មិន​ជា​រឿង​អី​ចម្លែក​ប៉ុន្មាន​ទេ​ ដែល​ថា​កម្ពុជា​ពិចារណា​ក្នុង​ការ​ទិញ​ យន្តហោះ​ចម្បាំង​ឬមួយ​ក៏​គ្រឿង​សព្វាវុធ​មួយ​ចំនួន​ដើម្បី​យកមក​ពង្រឹង​ និង​ធ្វើ​ទំនើប​កម្ម​វិស័យ​យោធា​ ហើយ​ដែល​គ្រឿង​សម្ភារៈ​ ទាំង​អស់​ហ្នឹងមក​ពីប្រទេស​ចិន​»​។​

អ្នក​ជំនាញផ្នែក​យុទ្ធ​សាស្ត្រ​រូបនេះ​ បន្ត​ថា​ ប្រទេស​កម្ពុជា​ មិន​មែន​ជា​ប្រទេស​តែ​មួយ​ ​ដែល​មាន​បំណង​ទិញ​សម្ភារៈ​យោធា​ពីប្រទេស​ចិន​នោះ​ទេ​ ​តែ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ មួយ​ចំនួន​ដូច​ជា​ ថៃ​ និង​ឥណ្ឌូនេស៊ី​ ក៏​បាន​ពិចារណា​ ​ទិញ​សម្ភារៈ​យោធា​ពី​ប្រទេស​ចិន​ដែល​តម្លៃ​អាច​ទាប​ជាង​សម្ភារៈ​យោធា​ផលិត​នៅបច្ចឹម​ប្រទេស​។​ លោក​និយាយ​ថា​ ប្រទេស​ចិន​ ក៏​បាន​ធ្វើ​ទំនើបកម្ម​សម្ភារៈ​យោធាក្នុង​គុណភាព​មួយ​ ដែល​មិន​ចាញ់​មហា​អំណាច​នានា​ ដែល​នាំមុខក្នុង​វិស័យ​កងទ័ព​នោះ​ដែរ។

​ក្រៅពី​ការជួយ​ឧបត្ថម្ភ​គាំទ្រ​វិស័យ​យោធា​កម្ពុជា​ ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ និង​កម្ចី​មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​ច្រើន​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​ ក្នុង​ទឹក​ប្រាក់​ប្រមាណ​ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​២ទសវត្ស​ចុងក្រោយ​នេះ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតីចិន​ Xi Jinping ​កាលពី​សប្តាហ៍​មុន​នៅ​កម្ពុជា​ ​រដ្ឋាភិបាល​កម្ពុជា​និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​និង​ពិធីសារ​ចំនួន​៣១​ ដោយ​ឯកសារ​ទាំង​នោះ​គ្រប​ដណ្ដប់​លើ​វិស័យ​ផ្សេងៗ ​រាប់​ចាប់​តាំង​ពី​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ​ប្រព័ន្ធ​ធារា​សាស្ត្រ​ សុខាភិបាល ​វិស័យ​វិទ្យុ​និង​ទូរទស្សន៍ ​ការ​ផ្ដល់​ប្រាក់​ជំនួយ​និង​កម្ចី​បន្ថែម​ជាង​២៣០​លាន​ដុល្លារ​ ការ​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ ការ​លុប​បំណុល​ជិត​៩​០លាន​ដុល្លារ​ និង​កិច្ច​ព្រមព្រៀង​លើ​វិស័យ​មួយ​ចំនួន​ទៀត​។​ ចិន​ក៏បាន​ផ្តល់​ការ​គំាទ្រ​ផ្នែក​យោធា​ក្នុង​ទឹកប្រាក់​ ១៥​លាន​ដុល្លារ​។

លោក​ មាស​ នី​ អ្នកសិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ និយាយ​ថា​ ក្នុង​កាលៈទេសៈ​ ដែល​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​កុម្មុយ​នីស្ត​ និង​ប្លុកសេរី​កំពុង​រើបឡើង​វិញ​ ខណៈ​ដែល​ជម្លោះ​ប្រដាប់​អាវុធ​នានា​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ការ​ពង្រឹង​វិស័យ​យោធា​ជា​កិច្ច​ការ​មួយ​ដែល​កម្ពុជា​ មិន​អាច​ខក​ ខាន​បាន​ សម្រាប់ការ​ការ​ពារប្រជារាស្ត្រខ្លួន​។​ យ៉ាងណា​ក៏ដោយ​ លោក​ប្រាប់ VOA​ បន្ថែមថា​ រដ្ឋាភិបាល​ត្រូវផ្តោត​ការពង្រឹង​គ្រឹះ​សេដ្ឋកិច្ច​ប្រទេស ដែលលោក​យល់​ថា​ នៅ​ទន់​ខ្សោយ​ និង​មិន​ទាន់​ឯករាជ្យ​ពី​ជំនួយ​បរទេស​។

«​យើង​បាន​ឃើញ​កន្លង​មក​ហើយ​ ​នៅ​ក្នុង​ការ​ដែល​យើង​ខំពង្រីក​ស្អី​មួយ​ ប៉ុន្តែ​សេដ្ឋកិច្ច​យើង​អត់​រឹងម៉ាំ​ ទីចុង​បំផុត​ត្រូវខ្ចី។​ តែមិនស្រួល​ហ្នឹង​ បាន​យន្តហោះ​ហ្នឹង​ត្រូវ​ខ្ចី​លុយ​ មកទិញ​សាំង​ចាក់​ទៀត​ អាហ្នឹង​ត្រូវ​រដ្ឋា​ភិបាល​គួរ​គិត​»​។​

អ្នកវិភាគ​លើក​ឡើង​បន្ថែម​ថា​ គ្រា​ដែល​កម្ពុជា​ព្យាយាម​បង្កើន​សមត្ថ​ភាព​យោធា ​តាម​រយៈការធ្វើ​ទំនើប​កម្ម​ដោយការ​បំពាក់​សម្ភារៈយោធាថ្មីៗ កម្ពុជា​ក៏អាច​ជួប​ឧបសគ្គ​ក្នុងការ​ថែទាំ​សម្ភារៈ​ទាំង​នោះ​ ដោយ​សារការចំណាយ​ក្នុង​ការ​ថែទាំ​អាចមាន​តម្លៃ​ថ្លៃ​ជាង​ការ​ទិញ​សម្ភារៈ​។​ ​ជាង​នេះ​ទៅ​ទៀត​ កម្ពុជា​ក៏ត្រូវ​ការ​ពេលវេលា​ច្រើន​ ក្នុង​បន្សាំ​កងទ័ព​ខ្លួន ឲ្យ​យល់​ពី​ការ​ប្រើប្រាស់​ឧបករណ៍​ទំនើប​ៗ​ ក្នុង​ពេល​ដែល​បច្ចេក​វិទ្យាយោធា​ថ្មី​ៗ​ ត្រូវ​បាន​គេ​រកឃើញ​ជាបន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕​