អ្នកប្រករបររត់រម៉កនិងតាក់ស៊ីនៅខេត្តសៀមរាបនៅតែបង្ហាញការមិនពេញចិត្តចំពោះការបន្តយកថ្លៃលើការប្រើប្រាស់ផ្លូវចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើទោះមានការបញ្ចុះតម្លៃខ្លះក៏ដោយ។ ពួកគេស្នើកុំឱ្យយកតម្លៃធ្វើដំណើរលើផ្លូវល្បឿនលឿន (Highway) ដែលស្ថាបនាដោយក្រុមហ៊ុនចិន ដែលជាក្រុមហ៊ុនវិនិយោគលើព្រលានយន្តហោះថ្មីមួយនេះ ដែលតម្លៃជាង ១ពាន់លានដុល្លារអាមេរិក។
ការលើកឡើងរបស់ប្រជាពលរដ្ឋអ្នករត់រម៉ក និងតាក់ស៊ីបែបនេះ ក្រោយមានការសម្របសម្រួលរបស់រដ្ឋាភិបាលជាមួយភាគីក្រុមហ៊ុនចិន រហូតដល់មានការបញ្ចុះតម្លៃខ្លះ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋាបាលភិបាលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ឱ្យដឹងថា បន្ទាប់ពីចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនបានសម្រេចមិនយកថ្លៃចំណតសម្រាប់ការចូលទីព្រលានយន្តហោះ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើសពី ៧កៅអី និង៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងទៀត។
ចំណែកតម្លៃឆ្លងកាត់ផ្លូវ Highway ចូលទៅព្រលានយន្តហោះវិញ មានការបញ្ចុះតម្លៃពី ៣ដុល្លារ មកត្រឹម ២ដុល្លារ សម្រាប់រថយន្តធុនតូចមិនលើសពី ៧កៅអី ប្រភេទ(A)។ សម្រាប់រថយន្តប្រភេទ (B) បញ្ចុះតម្លៃពី ៦ដុល្លារមកត្រឹម ៤ដុល្លារ រថយន្តប្រភេទ (C) ពី ៩ដុល្លារ មកត្រឹម ៦ដុល្លារ និងសម្រាប់រថយន្តប្រភេទ (D) ពី ១២ដុល្លារមកត្រឹម ៨ដុល្លារ។ ចំពោះតម្លៃថ្មីនេះ នឹងត្រូវអនុវត្តសម្រាប់ឆ្នាំ ២០២៤-២០២៥ ចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ នេះ តទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋាភិបាល។
លោក ចើស ចៀក អាយុ ៤៣ ឆ្នាំ អ្នករត់តាក់ស៊ី និងរម៉កទេសចរណ៍ផង ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការបញ្ចុះតម្លៃនៃការប្រើប្រាស់ផ្លូវចេញ-ចូលនៅព្រលានជារឿងល្អមួយ។ ប៉ុន្តែលោកថា ក្រុមហ៊ុននៅតែការយកលុយថ្លៃផ្លូវដែលនៅតែជាបញ្ហាដដែល។
លោកថ្លែងថា៖ «ចំណុច Parking [ចំណត]ខ្ញុំគិតថាល្អ។ បើចំណុច[ថ្លៃផ្លូវ]ពី ៣ដុល្លារ មកសល់ត្រឹមតែ ២ដុល្លារនោះ វានៅតែជាបន្ទុកសម្រាប់ពួកខ្ញុំដដែល ព្រោះជាធម្មតា ពេលដែលយើងចូលទៅពេលខ្លះ យើងត្រូវចេញមកវិញ ដូចខ្ញុំនិយាយអ៊ីចឹង ឧទាហរណ៍ថា យើងចូលទៅភ្ញៀវ Delay [ពន្យារពេល] ឬក៏ភ្ញៀវមានបញ្ហា Fly [ហោះហើរ] អីយើងចេញមកវិញ។ ពេលយើងចេញមកវិញយើងបង់លុយថ្លៃផ្លូវឱ្យគេដដែល ទោះបីយើងមិនបានប្រើប្រាស់ផ្លូវក៏ដោយ»។
លោកបន្ថែមថា ដំណោះស្រាយដែលលោកចង់បាននោះ គឺថាបើសិនក្រុមហ៊ុនយកលុយតែ ២ដុល្លារ សម្រាប់ការចេញចូល ដោយមិនគិតពីរយៈពេលនោះ គឺជាដំណោះស្រាយដែលសមស្រប។
អ្នករត់ PassApp ម្នាក់ទៀត លោក អៀង ចំរើន អាយុ ៤០ ឆ្នាំ រស់នៅភូមិស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ខេត្តសៀមរាប ប្រាប់វីអូអេថា បើទោះបីមានការដោះស្រាយបន្ធូរតម្លៃ និងរយៈពេលជូនប្រជាពលរដ្ឋក៏ពិតមែន តែលោកថា តម្លៃនេះនៅតែថ្លៃនៅឡើយ សម្រាប់រូបលោកដែលជាអ្នករត់ PassApp ។
លោកលើកឡើងថា៖ «តាមពិត ការយល់ឃើញរបស់ខ្ញុំ វានៅតែថ្លៃសម្រាប់[ខ្ញុំ]។ សម្រាប់ឡានគេអត់អីទេ សម្រាប់កង់បីនៅតែថ្លៃអ៊ីចឹង តម្លៃប៉ុណ្ណឹងនៅតែថ្លៃ ព្រោះសម្រាប់ពួកខ្ញុំអ្នករត់ PassApp Booking ទៅវាបាន ១៥ដុល្លារទេ។ បើចំណាយ ២-៣ តង់ សម្រាប់ទប់ទល់នឹងការចេញចូលហ្នឹង វានៅតែថ្លៃ។ បើតាមពិតទៅ ដូចតែមុនកាលពីដំបូងចចូលទៅបង់តែ ១ដុល្លារទៅ ប៉ុណ្ណឹងទៅវាថ្លៃបាត់ទៅហើយបាទ។ បង់ ១ដុល្លារ ហើយចេញមកវិញគិតម៉ោងទៀតនោះ វាប៉ណ្ណឹងវាសមរម្យ»។
លោក លី សំរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការជួយសម្រួលរបស់រដ្ឋាភិបាល ជាមួយភាគីក្រុមហ៊ុនឱ្យមានការបញ្ចុះតម្លៃការចេញ-ចូលនៅព្រលានយានហោះថ្មីនេះ គឺជារឿងមួយដែលជួយសម្រួលបានខ្លះដល់បងប្អូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «គម្រោងនេះគឺជាគម្រោងវិនិយោគអ៊ីចឹងទោះបីយ៉ាងម៉េចក៏ដោយ ក៏ត្រូវការមានតម្លៃតបទៅវិញចំពោះអ្នកដែលបានយកទុនយកមូលនិធិ យកថវិកា ដើម្បីយកមករកស៊ីចិញ្ចឹមជីវិត ចិញ្ចឹមក្រុមហ៊ុន ជាប្រាក់ចំណូល ដើម្បីដោះយកទុនត្រឡប់ទៅវិញ ហើយរួមចំណែកជាមួយការអភិវឌ្ឍប្រទេសជាម្ចាស់ផ្ទះ»។
គួរបញ្ជាក់ថា អាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាបដែលមានតម្លៃប្រមាណ ១.១០០លានដុល្លារអាមេរិក ក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន ឬ BRI ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រលានយន្តហោះនេះត្រូវបានវិនិយោគក្នុងទម្រង់«សាងសង់ ប្រតិបត្តិការផ្ទេរ» ឬ BOT ដោយក្រុមហ៊ុនចិន ដែលមានន័យថា ព្រលានយន្តហោះនេះនឹងត្រូវផ្ទេរមករដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញ នៅក្នុងឆ្នាំ ២០៧៣ ក្រោយការសាងសង់រយៈពេលប្រមាណ ៥ ឆ្នាំ និងប្រតិបត្តិការរយៈពេល ៥០ ឆ្នាំ៕