ជោគជ័យរបស់លោក Trump លើច្បាប់ពន្ធដារនេះ បានសរុបព្រឹត្តិការណ៍ឆ្នាំដំបូង ដែលជាឆ្នាំពោរពេញដោយរឿងរ៉ាវប្រទាំងប្រទើសនយោបាយជាច្រើនសម្រាប់លោក Trump ក្នុងការកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Trump បានហៅច្បាប់ពន្ធដារថ្មីនោះថាជា «ជ័យជម្នះជាប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋអាមេរិកាំង» និងបានប្រើប្រាស់ឱកាសនោះដើម្បីបញ្ជាក់អំពីសុទិដ្ឋិនិយមរបស់លោកសម្រាប់ឆ្នាំ ២០១៨ ខាងមុខ។ លោកបានប្រាប់អ្នកសារព័ត៌មាននានាថា៖ «ប្រជាពលរដ្ឋអាមេរិកាំងមានសេចក្ដីរំភើបសម្រាប់ពេលអនាគត និងសេចក្ដីសោមនស្សរីករាយសម្រាប់រឿងរ៉ាវមិនធម្មតានានាដែលអាចកើតមានឡើងនៅថ្ងៃអនាគតសម្រាប់សហរដ្ឋអាមេរិក»។
ច្បាប់ពន្ធដារដែលគ្មានការគាំទ្រទូលំទូលាយ
សមាជិកគណបក្សសាធារណរដ្ឋនានាគាំទ្រការអនុម័តច្បាប់ពន្ធដារនេះ ដោយចាត់ទុកការសម្រេចបាននេះថាជាមូលដ្ឋានគ្រឹះនយោបាយមួយ ពេលដែលពួកគេសម្លឹងឆ្ពោះទៅរកក្ដីរំពឹងនៃការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិដ៏តានតឹងមួយនៅខែវិច្ឆិកាឆ្នាំក្រោយ។
ប៉ុន្តែ ការស្ទង់មតិសាធារណៈបានបង្ហាញថា ប្រជាពលរដ្ឋអាមេរិកាំងភាគច្រើនប្រឆាំងនឹងច្បាប់កាត់បន្ថយពន្ធដារនេះ ដោយលើកឡើងថា ច្បាប់នេះផ្ដល់ផលប្រយោជន៍ច្រើនទៅឲ្យពួកអ្នកមាន និងមិនសូវជាបានជួយអ្វីដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើការបែបវិជ្ជាជីវៈ និងក្រុមគ្រួសាររបស់ពួកគេនោះទេ។
ទោះបីជាការស្ទង់មតិបានបង្ហាញឡើងដូច្នេះក៏ដោយ ក៏លោក Trump និងមេដឹកនាំសភាខាងគណបក្សសាធារណរដ្ឋមានក្ដីសប្បាយរីករាយចំពោះការណ៍ដែលពួកគេនៅទីបំផុតមានលទ្ធភាពធ្វើតាមការសន្យាដ៏សំខាន់មួយរបស់ខ្លួននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក។
ប្រធានរដ្ឋសភាលោក Paul Ryan បានប្រាប់អ្នកសារព័ត៌មាននានានៅឯរដ្ឋសភាកាលពីពេលថ្មីៗនេះថា៖ «ការសម្រេចបាននូវការអនុម័តនូវច្បាប់ពន្ធដារនេះគឺជាការកាត់បន្ថយពន្ធមួយ ហើយប្រជាពលរដ្ឋទូទៅនឹងឃើញការប្រែប្រួលនេះនៅពេលពួកគេទទួលបានប្រាក់បៀវត្សរ៍ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាឧទាហរណ៍ដ៏អស្ចារ្យបំផុតមួយនៃការសន្យា និងការរក្សាពាក្យសន្យា»។
ការងាកទៅរកអ្នកគាំទ្រ
ចាប់តាំងពីឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិកមក លោក Trump ទំនងជាមានការព្រួយបារម្ភខ្លាំងបំផុតអំពីការបំពេញចិត្តអ្នកគាំទ្ររបស់លោក។ ប៉ុន្តែដោយសារតែលោកមិនទទួលបានការគាំទ្រច្រើននៅក្នុងការស្ទង់មតិនានាកន្លងមក ចំណុចនេះអាចជាយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់មួយសម្រាប់ការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិនៅឆ្នាំក្រោយ។
សម្រាប់លោក Trump រយៈពេលភាគច្រើននៃឆ្នាំ ២០១៧ នេះ បានក្លាយទៅជាឆ្នាំមួយពោរពេញទៅដោយបញ្ហា ដែលមានតាំងពីការឈ្លោះប្រកែកជាមួយអ្នករិះគន់នៅលើប្រព័ន្ធ Twitter រហូតដល់ការបរាជ័យលើការកែប្រែច្បាប់ធានារ៉ាប់រងសុខភាព និងការស៊ើបអង្កេតជាបន្តគ្មានទីបញ្ចប់លើករណីជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន។
ការប្រឹងប្រែងទាំងលំបាកនៅឆ្នាំដំបូងរបស់លោក Trump ក្នុងនាមជាប្រធានាធិបតី ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការស្ទង់មតិសាធារណៈនានាកន្លងមក ដោយនៅក្នុងការស្ទង់មតិទាំងនោះ លោក Trump ទទួលបានការគាំទ្រប្រហែល ៣៥ ភាគរយ ទៅ ៤០ ភាគរយ ដែលនេះជាអត្រាគាំទ្រទាបក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រធានាធិបតីថ្មី។
លោក Larry Sabato ដែលជាអ្នកជំនាញមកពីសាកលវិទ្យាល័យ Virginia បាននិយាយតាមប្រព័ន្ធ Skype មកថា៖ «បញ្ហាគឺមិនមែនដោយសារពលរដ្ឋអាមេរិកាំងប្រហែល ៦០ ភាគរយ មិនពេញចិត្តនឹងការដឹកនាំរបស់លោកនោះទេ។ អ្វីដែលពិតជាសំខាន់នោះគឺថា អ្នកដែលមិនគាំទ្រទាំងស្រុងចំពោះការដឹកនាំរបស់លោក Trump មានចំនួនរហូតដល់ទៅពីរដងច្រើនជាងចំនួនអ្នកដែលគាំទ្រទាំងស្រុងចំពោះការដឹកនាំរបស់លោក»។
ការអនុម័តនូវច្បាប់ពន្ធដារនេះអាចជួយពង្រឹងកិត្តិនាមរបស់លោក Trump ក្នុងចំណោមអ្នកគាំទ្រចម្បងៗរបស់លោក ដែលអ្នកទាំងនោះនៅតែស្មោះស្ម័គ្រចំពោះរូបលោកដដែលនៅក្នុងរយៈពេលដែលលោកកាន់តំណែងជាប្រធានាធិបតីបានមួយឆ្នាំកន្លងមកនេះ។
លោក Robert Jones នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសាសនាសាធារណៈ (Public Religion Research Institute) បាននិយាយថា៖ «ខ្ញុំគិតថាប្រជាពលរដ្ឋត្រៀមខ្លួនរួចរាល់ហើយសម្រាប់បញ្ហាហ្នឹង។ យើងឃើញថា លោក Trump មានមូលដ្ឋានគាំទ្រចម្បងរបស់លោកដែលពួកគេនឹងមិនងាយផ្លាស់ប្ដូរចិត្តនោះទេ។ ជាឧទាហរណ៍ ក្នុងចំណោមពលរដ្ឋស្បែកសកាន់សាសនាគ្រិស្ត ១០ នាក់ មានមនុស្សយ៉ាងតិច ៧ នាក់ គាំទ្ររូបលោក»។
លោក Trump គឺជាមុខព្រួញរិះគន់របស់គណបក្សប្រជាធិបតេយ្យ
គណបក្សប្រជាធិបតេយ្យប្រហែលជាបរាជ័យក្នុងរឿងច្បាប់ពន្ធដារ ប៉ុន្តែជោគជ័យរបស់គណបក្សនេះនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះក្នុងរដ្ឋ Alabama និងរដ្ឋ Virginia បានធ្វើឲ្យគណបក្សនេះមានជំនឿចិត្តថា ខ្លួននឹងអាចទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនាឆ្នាំក្រោយ។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រចាំព្រឹទ្ធសភា បាននិយាយថា៖ «ច្បាប់ពន្ធដារនេះនឹងក្លាយជាបន្ទុកមួយសម្រាប់សមាជិកគណបក្សសាធារណរដ្ឋនីមួយៗ។ ប្រសិនបើពួកគេមិនទាន់យល់ថានេះជាបន្ទុកមួយនោះទេ ពួកគេនឹងដឹងអំពីរឿងនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ»។
អ្នកវិភាគមួយចំនួននាពេលឥឡូវនេះ ឃើញរលកគាំទ្រគណបក្សប្រជាធិបតេយ្យនៅពេលខាងមុខកើនឡើង ស្របពេលដែលកាលបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះ ខិតជិតចូលមកដល់។ រលកគាំទ្រនេះបានបញ្ជាក់ឡើងតាមរយៈការចេញមកបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់របស់អ្នកដែលប្រឆាំងនឹងលោក Trump និងការធ្លាក់ចុះនូវការគាំទ្ររបស់លោក Trump។
លោក Kyle Kondik អ្នកជំនាញមកពីសាកលវិទ្យាល័យ Virginia បាននិយាយថា៖ «ទាំងអស់នេះជាអ្វីដែលយើងបានឃើញកន្លងមក ជាពិសេសនៅក្នុងឆ្នាំ ២០១៤ ដែលនៅពេលនោះ ការចេញមកបោះឆ្នោតរបស់អ្នកគាំទ្រគណបក្សសាធារណរដ្ឋមានចំនួនច្រើន។ អ្នកចេញមកបោះឆ្នោតខាងគណបក្សប្រជាធិបតេយ្យមានចំនួនតិចតួច ហើយគណបក្សសាធារណរដ្ឋទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើននៅពេលនោះ»។
លោក Trump ក៏នឹងត្រូវតតាំងជាមួយនឹងប្រវត្តិសាស្ត្រផងដែរ បើនិយាយអំពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។
អ្នកស្រី Molly Reynolds អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថាន Brookings បាននិយាយថា៖ «ចំណុចមួយដែលយើងដឹងគឺថា គណបក្សរបស់ប្រធានាធិបតីតែងតែបាត់បង់អាសនៈនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិទីមួយនៃរដ្ឋបាលប្រធានាធិបតី។ វាកាន់តែយ៉ាប់យ៉ឺនជាងនេះទៅទៀត នៅពេលដែលប្រធានាធិបតីមិនសូវមានប្រជាប្រិយភាព ដែលករណីនេះអាចប៉ះពាល់ដល់គណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ»។
ការពង្រីកមូលដ្ឋានគាំទ្រ
នាពេលបច្ចុប្បន្ននេះ ការប្រឈមចម្បងបំផុតរបស់លោក Trump គឺទំនងជាការស្វែងរកវិធីក្នុងការពង្រីកមូលដ្ឋានគាំទ្ររបស់លោកដើម្បីឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំក្រោយ។
លោក Frank Newport អ្នកធ្វើការស្ទង់មតិនៃអង្គការ Gallup បាននិយាយថា៖ «ដើម្បីទទួលបានការគាំទ្រខ្ពស់ លោក Trump លោកត្រូវតែយកឈ្នះលើសមាជិកគណបក្សប្រជាធិបតេយ្យទាំងនោះ និងអ្នកឯករាជ្យមួយចំនួន។ ដោយសារតែឥឡូវនេះលោកទទួលបានការគាំទ្រប្រហែលតែ ៣០ ភាគរយប៉ុណ្ណោះ ដូច្នេះវាប្រាកដជាមានការលំបាកខ្លាំងសម្រាប់លោក»។
អត្រាគាំទ្រលើលោក Trump ផ្ទាល់នៅក្នុងការស្ទង់មតិកន្លងមកនៅតែមានកម្រិតទាប ទោះបីជាការស្ទង់មតិនានាបានបង្ហាញថា ពលរដ្ឋអាមេរិកាំងជាទូទៅមានការពេញចិត្តចំពោះសេដ្ឋកិច្ចរបស់ប្រទេសក៏ដោយ។ ការប្រឈមរបស់គណបក្សសាធារណរដ្ឋគឺធ្វើយ៉ាងណាប្រែក្លាយអារម្មណ៍ពេញចិត្តរបស់ប្រជាពលរដ្ឋលើសេដ្ឋកិច្ចរបស់ប្រទេសទៅជាការគាំទ្រសម្រាប់លោកប្រធានាធិបតី Trump និងសមាជិកសភាខាងគណបក្សសាធារណរដ្ឋ៕
ប្រែសម្រួលដោយ ភី សុភាដា