ក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានចុះហត្ថលេខាលើកិច្ចសន្យារុករករ៉ែ ដែលមានតម្លៃជាង ៦.៥០០ លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិ មកពីប្រទេសចិន អ៊ីរ៉ង់ តួកគី និងចក្រភពអង់គ្លេស។
រដ្ឋមន្ត្រីក្រសួងរ៉ែនិងប្រេងតាលីបង់ លោក Shahabuddin Dilawar បាននិយាយថា កិច្ចសន្យាទាំងនោះគ្របដណ្តប់លើការរុករក និងចម្រាញ់រ៉ែមាស ទង់ដែង ដែក សំណ និងរ៉ែស័ង្កសី នៅក្នុងខេត្តចំនួន ៤ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលរួមមានខេត្ត Takhar ខេត្ត Ghor ខេត្ត Herat និងខេត្ត Logar។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ដែលត្រូវផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិ អាហ្វហ្គានីស្ថានកើតឡើង ខណៈពេលដែលក្រុមអាជ្ញាធរតាលីបង់បានកត់សម្គាល់ខួបឆ្នាំទី ២នៃការដកកងទ័ពក្រុមសម្ព័ន្ធមិត្តអង្គការអូតង់ដែលដឹកនាំដោយអាមេរិកចេញពីប្រទេសនេះ ដោយភាពច្របូកច្របល់ ក្រោយធ្វើសង្គ្រាមនៅទីនោះអស់ពេលជិត ២០ ឆ្នាំជាមួយក្រុមបះបោរតាលីបង់នៅពេលនោះ។
លោក Dilawar និយាយថា កិច្ចសន្យាចំនួន ៧ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ នឹងផ្តល់ប្រាក់វិនិយោគប្រមាណ ៦.៥៥៧ លានដុល្លារអាមេរិក និងការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសមួយនេះ។
រដ្ឋមន្ត្រីតាលីបង់រូបនេះក៏បានពន្យល់ផងដែរថា កិច្ចព្រមព្រៀងមួយ ដែលត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុនចិនសម្រាប់ការរុករករ៉ែមាស ក្នុងខេត្ត Takhar របស់អាហ្វហ្គានីស្ថាន នឹងផ្តល់កម្រៃភាគហ៊ុននៃប្រាក់ចំណេញចំនួន ៦៥ភាគរយ ដល់រដ្ឋាភិបាលតាលីបង់ ក្នុងរយៈពេល ៥ ឆ្នាំ។
លោក Dilawar ក៏បាននិយាយផងដែរថា កិច្ចសន្យាផ្សេងៗទៀតជាមួយរដ្ឋាភិបាលប្រទេស តួកគី អ៊ីរ៉ង់ និងរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការជីករកនិងចម្រាញ់រ៉ែដែកនិងរ៉ែមាស ក្នុងខេត្ត Herat របស់អាហ្វហ្គានីស្ថាន នឹងផ្តល់កម្រៃភាគហ៊ុនចំនួន ១៣ ភាគរយក្នុងរយៈពេល ៣០ ឆ្នាំ។
«កិច្ចសន្យានេះ នឹងធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានក្លាយទៅប្រទេសនាំចេញរ៉ែដែក នៅពេលណាមួយ»។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងប្រេងរបស់អាហ្វហ្គានីស្ថានរូបនេះ។
អ្នកមន្ទិលសង្ស័យខ្លះបានចោទជាសំណួរពីចិរភាពនៃកិច្ចសន្យាទាំងនេះ ដោយសារតែប្រទេសអាហ្វហ្គានីស្ថាននៅជាប់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិនៅឡើយ ក្រោយពីក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងអំណាចឡើងវិញ នៅក្នុងប្រទេសនេះកាលពីខែសីហា ឆ្នាំ ២០២១។
ក្រុមតាលីបង់បានធ្វើឱ្យសេដ្ឋកិច្ចអាហ្វហ្គានីស្ថានមានស្ថិរភាព និងបង្កើនពាណិជ្ជកម្មជាមួយប្រទេសក្បែរខាងនិងប្រទេសដទៃទៀតផងដែរ។ នេះបើយោងទៅលើក្រុមអ្នកតាមដានឯករាជ្យនិងមន្ត្រីក្នុងតំបន់មួយចំនួន។
ទោះបីជាយ៉ាងនេះក្តី ក៏រដ្ឋាភិបាលក្រុងកាប៊ុលរបស់តាលីបង់ ដែលមានសុទ្ធតែក្រុមបុរសៗនោះ នៅតែស្ថិតក្រោមការរិះគន់ពីពិភពលោក ចំពោះការរឹតបន្តឹងមិនឱ្យស្ត្រីធ្វើការនិងចូលរៀន៕