ក្រុមតាលីបង់ (Taliban) ដែលកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃអាទិត្យថា ការពិភាក្សារយៈពេល២ថ្ងៃជាមួយសហរដ្ឋអាមេរិកបាន «ប្រព្រឹត្តទៅយ៉ាងល្អ» នៅក្នុងប្រទេសកាតា។
ការពិភាក្សានេះគឺជាជំនួបកម្រិតខ្ពស់ដោយផ្ទាល់លើកទីមួយ ចាប់តាំងពីពេលដែលក្រុមតាលីបង់បានត្រួតត្រាប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីសហរដ្ឋអាមេរិកបានដកកងទ័ពចេញកាលពីចុងខែសីហាមក។
អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយជំនួបនេះថា៖ «ការពិភាក្សាដ៏លម្អិតបានធ្វើឡើងក្នុងអំឡុងពេលនៃជំនួបនេះអំពីបញ្ហាពាក់ព័ន្ធទាំងអស់ ហើយកិច្ចប្រឹងប្រែងនឹងធ្វើឡើងដើម្បីធ្វើឲ្យទំនាក់ទំនងការទូតមានភាពប្រសើឡើង»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យថា ការចរចាជាមួយក្រុមតាលីបង់ «មានភាពស្មោះត្រង់និងប្រកបដោយវិជ្ជាជីវៈ»។
លោកបានបន្ថែមថា «ក្រុមតាលីបង់នឹងត្រូវវិនិច្ឆ័យតាមរយៈសកម្មភាពរបស់ខ្លួន មិនមែនតាមរយៈពាក្យសម្តីនោះទេ»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនេះបានលើកឡើងថា បញ្ហាផ្សេងទៀតដែលត្រូវបានពិភាក្សារួមមាន «ក្ដីកង្វល់អំពីសន្តិសុខនិងភេរវកម្ម ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់ពលរដ្ឋអាមេរិកាំង ពលរដ្ឋបរទេសផ្សេងទៀតនិងដៃគូអាហ្វហ្គានីស្ថានរបស់សហរដ្ឋអាមេរិក និងបញ្ហាសិទ្ធិមនុស្ស ដែលក្នុងនោះរួមមានទាំងការចូលរួមដ៏មានន័យរបស់ស្ត្រីនិងកុមារីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមអាហ្វហ្គានីស្ថានផងដែរ»។
ជំនួបនេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅនេះនៅរាជធានីដូហានៃប្រទេសកាតា។
សេចក្តីថ្លែងការណ៍របស់លោក Price បានបញ្ជាក់ថា សហរដ្ឋអាមេរិកនិងក្រុមតាលីបង់ «បានពិភាក្សាអំពីការផ្តល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកដោយផ្ទាល់ដល់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន»៕
(អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំក្រសួងការបរទេស រួមចំណែកនៅក្នុងសេចក្ថីរាយការណ៍នេះ)