មេដឹកនាំ​តាលីបង់​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​អំពី​អភិបាលកិច្ច​អ៊ិស្លាម​នៅ​អាហ្វហ្កានីស្ថាន

  • Ayaz Gul

រូបឯកសារ៖ អ្នក​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​​បួងសួង​ក្នុង​ពិធី Eid al-Fitr នៅព្រះវិហារ​ Guzargah ក្នុងទីក្រុង Herat ប្រទេស​អាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

កាលពីថ្ងៃ​ពុធ ​ទី១០ ខែមេសា ​មេដឹកនាំក្រុម​តាលីបង់បាន​បដិសេធ​ការ​សម្របសម្រួលណា​មួយ​អំពីអភិបាល​កិច្ច​បែប​អ៊ិស្លាមតឹងតែង​របស់​លោក ​នៅ​អាហ្វហ្កានីស្ថាន​ ទោះជាមាន​ការរិះគន់សាកល​និង​ការ​អំពាវនាវឱ្យ​លោក​បញ្ឈប់​ការ​រឹតត្បិត​លើ​ស្ត្រី​ក៏​ដោយ។

លោក​ Hibatullah Akundzada បានថ្លែង​សុន្ទរកថា​និង​ដឹកនាំ​អ្នក​គោរពសាសនាអ៊ិស្លាមរាប់​ពាន់នាក់​នៅក្នុងការ​សូត្រ​ធម៌​ក្នុង​ពិធី Eid al-Fitr នៅ​ឯវិហារ​អ៊ិស្លាម mosque កណ្តាលក្នុងក្រុង​ Kandahar នា​ប៉ែក​ខាងត្បូង​ប្រទេស ​ដើម្បីប្រារព្ធ​ការ​បញ្ចប់​ការបង្អត់​អាហារ​ក្នុង​ខែ​រ៉ាម៉ាដន (Ramadan) នៃសាសនា​អ៊ិស្លាម។

លោក Akhundzada បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ជាភាសា Pashto ផ្សាយ​តាមស្ថានីយ​វិទ្យុរដ្ឋ​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​ថា៖ «ប្រសិន​បើនរណា​មាន​បញ្ហាជាមួយ​យើង​ យើង​បើកចំហ​ដើម្បី​ដោះស្រាយ​បញ្ហាទាំងនេះ តែ​យើង​នឹង​មិនសម្របសម្រួលដោយ​បោះបង់​ចោល​គោលការណ៍​យើង​ឬ​សាសនា​អ៊ិស្លាម​ជា​ដាច់ខាត។ នៅពេល​ជាមួយ​គ្នា​នេះ យើង​រំពឹង​ថា ​សាសនា​អ៊ិស្លាម​នឹង​មិន​ត្រូវ​មិន​គោរព​នោះ​ទេ។ ខ្ញុំ​នឹង​មិន​ចាត់​វិធានការ​ណា​មួយចាកចេញពី​ច្បាប់អ៊ិស្លាម​ឡើយ»។

លោក Akundzada បាន​ឆ្លើយ​តប​នឹងការរិះគន់ឥត​ឈប់​ដោយអង្គការ​សហប្រជាជាតិ​និង​បណ្តា​ប្រទេស​លោក​ខាង​លិច​ដល់​ការ​បកស្រាយតឹងរ៉ឹងរបស់​ពួក​តាលីបង់​អំពី​សាសនា​អ៊ិស្លាមដែលរដ្ឋាភិបាលបាន​ប្រើ​ដើម្បី​គ្រប់គ្រងប្រទេស​អាហ្វហ្កានីស្ថានដ៏​ក្រីក្រ រួម​មាន​ការ​វាយ​ដោយ​រំពាត់​ជា​សាធារណៈ​និង​ការ​គប់​ដុំ​ថ្ម​លើ​ស្ត្រី​មាន​សហាយ។

លោក Akhundzada បានថ្លែង​ថា៖ «ខ្ញុំ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​អ៊ិស្លាម។ ពួកគេ​ជំទាស់​នឹង​ការអនុវត្ត​នេះ ដោយ​និយាយថា​ការ​គប់​ដុំ​ថ្មជាសាធារណៈ​និង​ការ​កាត់ដៃ​ប្រឆាំង​នឹងច្បាប់​និង​សិទ្ធិមនុស្ស​របស់​ពួកគេ។ លោកអ្នក​រំពឹងឱ្យ​យើង​ធ្វើតាម​ធ្វើតាម​ច្បាប់​លោក​អ្នកនៅ​ពេល​ដាក់កំហិតវា​លើ​យើង។ សាសនា​អ៊ិស្លាម​ជា​សាសនា​មួយ​របស់​ព្រះអាទិទេពដែល​សក្ដិសម​ទទួល​ការ​គោរព តែ​លោកអ្នកប្រមាថ​មើលងាយសាសនា​នេះ​ទៅវិញ»។

បើតាម​សាសនា​អ៊ិស្លាម Hudud ជា​ច្បាប់​និង​ការ​ដាក់​ទណ្ឌកម្មចែង​ដោយ​ព្រះអាទិទេពក្នុង​គម្ពីរ Quran ដែល​ជា​គម្ពីរ​ពិសិដ្ឋ​នៃ​សាសនា​អ៊ិស្លាម។

លោក Akhundzada បានពោល​ថា​ពួក​ប្រទេស​ដែល​ចូលរួម​ក្នុង​ការ​លុកលុយ​អាហ្វហ្កានីស្ថាន​ដឹកនាំដោយ​សហរដ្ឋ​អាមេរិក​នៅ​តែ​វាយ​ប្រហារ​ប្រទេស​លោក​ដោយ​«ការ​ឃោសនា»​និង​«កលយុទ្ធ​អាក្រក់ដូច​បីសាច»​ដើម្បី​និយាយបង្កាច់​បង្ខូច​ការ​គ្រប់គ្រងរបស់​ពួក​តាលីបង់។

លោក​ថា៖ «ពួក​គេបន្ទោសពួក​មេដឹកនាំអ្នក ដោយអះអាង​ថា​មេដឹកនាំ​ទាំង​នេះ​គ្មាន​សមត្ថភាព​គ្រប់គ្រង​ប្រទេស។ ចូរ​កុំបណ្តោយ​ឱ្យ​ពួក​ប្រឆាំង​នឹង​អ៊ិស្លាមទាំងនេះនាំ​ឱ្យ​អ្នក​ភ័ន្តច្រឡំ។ អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន​និង​ដឹង​អំពី​កលល្បិច​បំភាន់​របស់​ពួក​ជន​ទាំង​នេះ។ គោលដៅ​របស់​ពួកគេ​គឺធ្វើ​ឱ្យ​យើង​បរាជ័យ»។​

មេដឹកនាំតាលីបង់​រូប​នេះបាន​ផ្អាកការសិក្សា​របស់​កុមារីនៅ​អហ្វាហ្គានីស្ថាន​លើស​ពី​ថ្នាក់​ទី៦​និងហាមប្រាម​ស្ត្រីច្រើន​នាក់​មិន​ឱ្យ​ធ្វើ​ការ​ផ្នែកសាធារណៈ​និង​ផ្នែកឯកជន រួមមាន​អ.ស.ប.​និង​អង្គការ​ផ្តល់​ជំនួយ​ឯទៀតៗ។ ​ស្ត្រី​ក៏​ត្រូវ​ហាមប្រាម​មិន​ឱ្យ​ទៅ​កាន់​កន្លែង​សាធារណៈ​ដូចជា​ឱទ្យាន កន្លែង​ហាត់​ប្រាណនិង​កន្លែង​ងូតទឹកជាដើម។

លោក Akhundzada​ បាន​ការពារ​ក្រិត្យ​របស់​គាត់​ដោយ​និយាយ​ថាវា​ត្រឹមត្រូវ​តាម​វប្បធម៌អាហ្វហ្កានីស្ថាននិង​សាសនា​អ៊ិស្លាម។

ពួកតាលីបង់​បាន​វិលត្រឡប់​ទៅ​កាន់អំណាច​វិញ​កាលពី​ខែសីហា​ ឆ្នាំ ២០២១ នៅពេល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​នៅ​ពេល​នោះ​ដែល​គាំទ្រដោយ​អន្តរជាតិ​បាន​រលំ ហើយ​ពួក​ប្រទេស​លោក​ខាងលិច​ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក​បាន​ដក​ទាហាន​ពួកគេ​ទាំងអស់​នៅ​ក្រោយមាន​ការ​ទាក់ទិន​ជិត ​២០ឆ្នាំ ​ក្នុង​សង្គ្រាម​ជាមួយ​ក្រុម​តាលីបង់ដែល​ពេលនោះ​ជា​ក្រុម​បះបោរ។

តាំង​ពី​ពេល​នោះ​មក​ អាជ្ញាធរ​ពិតប្រាកដនៃ​ប្រទេស​អាហ្វហ្កានីស្ថានបាន​វាយ​បុរស​និង​ស្ត្រីដោយ​រំពាត់​ជា​សាធារណៈ​ក្នុង​កីឡដ្ឋាន​មាន​មនុស្ស​មើល​រាប់​ពាន់​នាក់។ ជន​រងគ្រោះ​ទាំង​នេះ​ត្រូវ​បាន​កាត់ទោស​ដោយ​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដូចជាការ​លួច​ ការ​ប្លន់ ​សហាយ​ស្មន់និង«ឧក្រិដ្ឋកម្មខាង​សីលធម៌»​ឯទៀតៗដោយ​តុលាការ​ពួក​តាលីបង់។

មានរូបថតតែមួយ​គត់​របស់​លោក Akhundzada​ ដែល​ពួក​តាលីបង់​បាន​ប្រើ​ជា​ផ្លូវការ​តាំង​ពី​លោក​ធ្វើ​ជា​មេបញ្ជាការនៃ​ក្រុម​បះបោរ ​កាល​ពី​ឆ្នាំ ២០១៦។

ក្រុមអ្នកតំណាង​បណ្តាញ​ព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រជុំ​ជា​សាធារណៈ​របស់​លោក​ទេ ហើយ​ពួកអ្នក​ដើរ​តាម​លោក​ក៏​ត្រូវ​បាន​ហាមប្រាម​ដាច់​ណាត់​មិន​ឱ្យ​ថតរូប​លោកតាម​ទូរសព្ទ​ដៃ​របស់​ពួក​គេ​ឡើយ។

មេដឹកនាំ​តាលីបង់​រូប​នេះ​មិនសូវចាកចេញពី​ក្រុង Kandahar ទេ​ ហើយលោកគ្រប់គ្រង​ប្រទេសពី​ទី​នោះ។

សហគមន៍​អន្តរជាតិមិន​បាន​ទទួលស្គាល់​ជា​ផ្លូវការ​រដ្ឋាភិបាល​តាលីបង់​ដែល​មាន​តែ​បុរស​ទេ ដោយ​និយាយយោងដល់​កង្វល់​ខាង​សិទ្ធិមនុស្ស​ ជា​ពិសេសការ​ប្រព្រឹត្ត​តឹងតែង​លើ​ស្ត្រី​អាហ្វហ្កានីស្ថាន។ ​ប្រទេស​ជា​ច្រើន​ដែល​មានប្រជារាស្ត្រ​ភាគច្រើន​ជា​អ្នក​គោរពសាសនា​អ៊ិស្លាម​ក៏​បាន​ប្រឆាំង​ដែរនឹង​ការ​រឹតត្បិតរបស់​ពួក​តាលីបង់​លើ​ស្ត្រី ដោយ​និយាយថាវាមិនមែនផ្អែកលើ​គោលការណ៍​អ៊ិស្លាមទេ៕

ប្រែសម្រួល​ដោយលោក​ ឈឹម​ សុមេធ