ការបំផ្ទុះគ្រាប់បែកអត្តឃាតដោយកម្រនៅក្រុង Kandahar នាផ្នែកខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន ដែលគេស្គាល់ថាជាមូលដ្ឋាននយោបាយរបស់ពួកតាលីបង់ បានសម្លាប់មនុស្សយ៉ាងតិចណាស់បីនាក់និងធ្វើឱ្យរបួសជាង ១២ នាក់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។
អាជ្ញាធរតាលីបង់បាននិយាយថា ក្រុមជនរងគ្រោះបានប្រមូលផ្តុំគ្នានៅក្រៅធនាគារ New Kabul Bank ដើម្បីបើកប្រាក់បៀវត្សរ៍ នៅពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រឿងផ្ទុះចងភ្ជាប់នឹងខ្លួនគាត់។
អ្នកឃើញហេតុការណ៍ដោយផ្ទាល់និងក្រុមមន្ត្រីក្នុងមូលដ្ឋានបាននិយាយថា ក្រុមជនរងរបួសត្រូវបានដឹកទៅកាន់មន្ទីរពេទ្យមួយក្នុងមូលដ្ឋាន ដោយខ្លះមានរបួសធ្ងន់ធ្ងរ។ អ្នកនាំពាក្យម្នាក់នៃក្រសួងមហាផ្ទៃពួកតាលីបង់នៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថានបានថ្លែងថាកំពុងមានការស៊ើបអង្កេតអំពីការវាយប្រហារនេះហើយ។
គ្មានក្រុមណាមួយអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់អំពីការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនេះទេ។
មេដឹកនាំកំពូលរបស់ក្រុមតាលីបង់គឺលោក Hibatullah Akhundzada រស់នៅក្រុង Kandahar ជាកន្លែងកំណើតជាប្រវត្តិសាស្ត្រនៃក្រុមរបស់លោក ហើយលោកបានគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានពីក្រុងនេះ៕
វេទិកាបញ្ចេញមតិ