តាលីបង់​អះអាង​ការ​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​មួយ​ទៀត​នៅ​អាហ្វហ្គានីស្ថាន

បុរស​ជនជាតិ​អាហ្វហ្គានីស្ថាន​មួយ​រូប​បាន​យំ នៅ​ស្របពេល​គាត់​ស្វែង​រក​សាច់ញ្ញាតិ​នៅ​ជិត​ Camp Integrity ដែល​ជា​មូលដ្ឋាន​កងកម្លាំង​ពិសេស​អាមេរិក​ ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ។

ពួក​តាលីបង់​បាន​ទាមទារ​អះអាង​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ឡាន​ដ៏​ប្រល័យ​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​មួយ​ថ្ងៃ​ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​ចំនួន​ដោយ​ពួក​ភេរវជនដែល​បាន​បណ្តាល​ឲ្យ​មនុស្សជាង​៥០​នាក់​ស្លាប់​នៅ​ក្នុង​ និង​នៅជិត​ក្រុងកាប៊ុល។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្ញើ​ឲ្យ​វីអូអេ​ ពួក​តាលីបង់​និយាយ​ថា​ ពួក​គេ​នៅ​ពី​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ថ្ងៃ​សៅរ៍នៅ​ក្នុងស្រុក​ Khadabad នៃ​ខេត្ត Kunduz នា​ប៉ែក​ខាង​ជើង​ប្រទេស។​ ពួក​ប៉ូលិស​បាន​និយាយ​ថា ​ការ​ផ្ទុះ​គ្រាប់បែក​នោះ​បាន​បណ្តាល​ឲ្យ​សមាជិក​យ៉ាង​តិច​ណាស់​២២​នាក់​នៃ​ពួក​ជីវពល​មួយ​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​បាត់បង់ជីវិត។​

រដ្ឋធានី​នៃប្រទេសអាហ្វហ្គានីស្ថាន​មាន​ភាពជ្រួល​ច្រាល ហើយ​ប្រជារាស្ត្រមាន​ភាព​តានតឹង​ក្នុង​ចិត្តនៅ​ក្រោយ​មាន​កំណើន​ភេរវកម្ម​ចាប់តាំង​ពី​ពួក​តាលីបង់​បាន​បញ្ជាក់​ថា ​ពួក​គេ​ឋិត​នៅ​ក្រោម​ការដឹកនាំ​នៃ​ពួកមេដឹកនាំ​ថ្មី​ បន្ទាប់​ពី​ការ​ស្លាប់​នៃ Mullah Mohammad Omar​ ដែល​ជា​អ្នកបង្កើត​អង្គការ​ពួក​គេ។​

ពួក​តាលីបង់​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវដល់​ការ​បញ្ជូន​ពួក​ជន​បំផ្ទុះគ្រាប់បែក​អត្តឃាត​បី​នាក់​ឲ្យ​ទៅ​វាយប្រហារ Camp Integrity ដែល​ជា​មូលដ្ឋាន​មួយ​នៃ​កងកម្លាំងពិសេស​ស.រ.អា​កាល​ពី​ថ្ងៃ​សុក្រ នៅ​ជិត​ចំណត​យន្តហោះ​ធំ​បំផុត​នៃ​ក្រុងកាប៊ុល។ អ្នកធ្វើការស៊ីវិលតាម​កុងត្រា​យោធា​៨​នាក់ និង​ទាហាន​អាមេរិកាំង​ម្នាក់​បាន​បាត់បង់​ជីវិត៕