តុលាការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.បានសម្រេចអំពីលំដាប់លំដោយនៃនីតិវិធីសំណុំរឿង០០២វគ្គទី២ ដោយជ្រើសរើសឧក្រិដ្ឋកម្មក្នុងសហករណ៍ត្រាំកក់ ក្នុងខេត្តតាកែវជាប់ព្រំដែនវៀតណាមនោះ ជាបទចោទដំបូងដែលត្រូវលើកយកមកជំនុំជម្រះទោសប្រឆាំងនឹងជនជាប់ចោទពីរនាក់គឺនួន ជា បងធំទី២ និងខៀវ សំផនប្រមុខរដ្ឋខ្មែរក្រហម។ នេះជាការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់តុលាការ និងការអះអាងរបស់លោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីនេះ។
«នៅថ្ងៃនេះ អង្គជំនុំជម្រះសាលាដំបូងបានចេញនៅសេចក្តីសម្រេចទាក់ទងនឹង លំដាប់លំដោយនៃដំណើរការជំនុំជម្រះក្តីនៅក្នុងសំណុំរឿង០០២ វគ្គ២។ ហើយការជំនុំជម្រះក្តីលើសំណុំរឿង០០២ វគ្គ២ លើអង្គហេតុនេះគឺនឹងចាប់ផ្តើមដំបូងទាក់ទងជាមួយនឹងសហករណ៍នៅត្រាំកក់ ហើយសវនាការលើសំណុំរឿង០០២ វគ្គ២ លើអង្គហេតុនេះ យើងមិនទាន់ដឹង ថាតើកំណត់ពេលនៅថ្ងៃណាទេ តែអាចនឹងចាប់ផ្តើមឡើងនៅក្នុងអំឡុងខែតុលាខាងមុខ»។
បទចោទជាច្រើនក្នុងសហករណ៍ត្រាំកក់ហើយ និងមន្ទីរសន្តិសុខក្រាំងតាចាន់ ដែលមានពលរដ្ឋ១៥000នាក់ត្រូវសម្លាប់នោះ រួមមានទាំងការបង្ខំឲ្យធ្វើការហួសកម្លាំង ការមិនផ្តល់ថ្នាំព្យាបាល ការចល័តពលរដ្ឋ ការធ្វើទុក្ខមុក្ខម្នេញខាងសាសនាជាដើម។ បទចោទទាំងនោះត្រូវតុលាការចាត់បញ្ចូលក្នុងឧក្រិដ្ឋកម្មអន្តរជាតិគឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោកមេធាវី គង់ សំអុន ដែលការពារក្តីឲ្យខៀវ សំផនបានអះអាងថា តុលាការគួរចាប់ផ្តើមសវនាការលើបញ្ហាទូទៅ ដូចជាការចូលឈ្លានពានរបស់បរទេសក្នុងទឹកដីខ្មែរជាមុនសិន មុននឹងចាប់ផ្តើមសវនាការលើបញ្ហាជាក់លាក់នីមួយៗ។
«ដល់យើងចាប់ផ្តើមពីបញ្ហាមួយៗហើយបាននិយាយពីលក្ខណៈទូទៅវិញ។ រឿងហ្នឹងវាដាច់សាច់រឿងច្រើន។ ដូច្នេះការបង្ហាញខាងព្រះរាជអាជ្ញា និងតុលាការហ្នឹងដូចចង់បង្ហាញពីកំហុស ពីបទល្មើសមួយៗតែម្តង។ ខាងយើង យើងចង់និយាយពីលក្ខណៈទូទៅជាមុនសិនបាន យើងនិយាយទៅដល់ការទទួលខុសត្រូវលម្អិត»។
លោកថ្លែងទៀតថា លោកទំនងជាមិនអាចជំទាស់ការសម្រេចរបស់តុលាការបាន ទេអំពីសវនាការដំបូងលើបទចោទទាក់ទងនឹងឧក្រិដ្ឋកម្មក្នុងសហករណ៍ត្រាំកក់នោះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា បន្ទាប់ទៀត តុលាការនឹងបន្ត សវនាការលើឧក្រិដ្ឋកម្មនៅទីកន្លែងផ្សេងទៀត ដូចជាក្នុងការដ្ឋាន១មករា ត្រពាំងថ្ម ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង មន្ទីរសន្តិសុខផ្សេងៗទៀត ដែលទាក់ទងនឹងបទឧក្រិដ្ឋកម្មអន្តរជាតិធំៗ ដូចជាបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជាដើមដែលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ត្រូវគេកាប់សម្លាប់ក្នុងទសវត្សរ៍១៩៧០នោះ។
ទាក់ទងនឹងសាលាក្តីកាត់ទោសខ្មែរក្រហមដែរ ប្រទេសឈីលីបានប្រកាសផ្តល់ជំនួយ១ម៉ឺនដុល្លារស.រ.អា.ដល់សាលាក្តីខាងភាគីកម្ពុជា។
ការផ្តល់ជំនួយនេះគឺកើតឡើងក្រោយពីមានសេចក្តីអំពាវនាវរបស់លោកអគ្គលេខាធិការអ.ស.ប. Ban Ki-moon និងរាជរដ្ឋាភិបាលកម្ពុជា។
សាលាក្តីកាត់ទោសខ្មែរក្រហមបានអំពាវនាវឲ្យមានការផ្តល់ជំនួយពីបណ្តាប្រទេសជាច្រើនក្នុងពិភពលោកដើម្បីផ្តល់ការគាំទ្រផ្នែកថវិកាដល់ដំណើរការនៃតុលាការកូនកាត់ ដែលតែងតែខ្វះខាតថវិកានេះ ដើម្បីឲ្យដំណើរការបានចប់ចុងចប់ដើម៕