តៃវ៉ាន់​បន្ធូរបន្ថយ​ការ​ហាមឃាត់​ការ​នាំចូល​ម្ហូបអាហារ​ដែល​ទាក់ទិន​នឹង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ជប៉ុន

  • Reuters

រូប​ឯកសារ៖ បុគ្គលិក​ម្នាក់ កំពុង​រៀបចំ​អីវ៉ាន់​​ម្ហូប​ជប៉ុន​នៅ​ក្នុង​ហាង​របស់​អ្នកស្រី​នៅ​សង្កាត់ Xindien នៃ​ទី​ក្រុង​តៃប៉ិ​ថ្មី (New Taipei City) នៅ​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៥។

កោះ​តៃវ៉ាន់ បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​បន្ធូរបន្ថយ​ការហាមឃាត់​ការនាំចូល​ម្ហូប​អាហារ​មកពី​ប្រទេស​ជប៉ុន​ដែល​បាន​ចូល​ជា​ធរមាន​បន្ទាប់ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ Fukushima ដោយ​សង្ឃឹម​ថា នឹង​បន្ធូរបន្ថយ​ដើម្បី​ចូល​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ឆ្លងកាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ចំណង​ទាក់ទង​យ៉ាង​ជ្រាលជ្រៅ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ទាំង២ មាន​ការព្រួយ​បារម្ភ​អំពី​ប្រទេស​ចិន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ជប៉ុន​ដូចជា​ប្រទេស​ភាគច្រើន​ទៀត មិន​មាន​ទំនាក់​ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ក៏ប៉ុន្តែ​ជប៉ុន​និង​តៃវ៉ាន់ បាន​ងាក​ចូល​គ្នា​កាន់តែ​ខ្លាំង​ឡើង​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្កើន​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ជិត​កោះ​តៃវ៉ាន់​និង​ប្រទេស​ជប៉ុន។

ប្រធានាធិបតី​កោះ​តៃវ៉ាន់​ លោក​ស្រីTsia Ing-wenបាន​សរសេរ​នៅ​លើ​កេហទំព័រ Facebook របស់​លោកស្រី​អំពី​ការសម្រេច​របស់​គណៈរដ្ឋមន្ត្រី​ដើម្បី​បន្ធូរបន្ថយ​ការហាមឃាត់​នេះ​ដោយនិយាយ​ថា តៃវ៉ាន់​ត្រូវតែ​ចូលរួម​ជាមួយ​អង្គការ​ពិភពលោក​ដូចជា​កិច្ចព្រមព្រៀង​ទូលំទូលាយ​និង​ជឿនលឿន​សម្រាប់​ភាព​ជា​ដៃគូ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឬ CPTPP ជា​ដើម។

អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅ​ឆ្នាំ២០១៦​ថា ​អាជ្ញាធរ​ជប៉ុន បាន​ឃ្លាំមើល​ម្ហូប​អាហារ​យ៉ាង​ដិតដល់​ហើយ​បាន​អនុវត្ត​នូវ​វិធានការ​ការពារ​ដើម្បី​រារាំង​ការលក់​និង​ការចែកចាយ​ម្ហូប​អាហារដែល​មាន​ជាតិ​កខ្វក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​ខាង​ក្រៅ​ជប៉ុន​ បន្ទាប់ពី​គ្រោះ​មហន្តរាយ​រលក​យក្ស Tsunami និង​រោងចក្រ​នុយក្លេអ៊ែរ​នៅ Fukushima។

ជប៉ុន បាន​និយាយ​ថា ប្រទេស​ជាច្រើន​ដូចជា​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី បាន​លុបចោល​ឬ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដែល​ទាក់ទិន​នឹង Fukushima ហើយ​ម្ហូប​អាហារ​នៅFukushima ដែល​រួមមាន​អង្ករ ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ដូចជា​ប្រទេស​ថៃ។

តៃវ៉ាន់ បាន​ហាមឃាត់​ការនាំចូល​ផលិតផល​ម្ហូប​អាហារ​មកពី​ខេត្ត​ចំនួន​៥​នៅ​ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពី​ការខូច​រោងចក្រ​នុយក្លេអ៊ែរ​នៅ Fukushima ដែល​បណ្តាល​មកពី​ការរំជួយ​ផែន ដី​ដ៏​ខ្លាំង​និង​រលក​យក្ស​ស៊ូណាមិ។

តៃវ៉ាន់ បាន​រក្សា​ការហាមឃាត់​នេះ ថ្វីបើ​មាន​ការត្អូញត្អែរ​ម្តង​ហើយ​ម្តង​ទៀត​មកពី​ជប៉ុន​ដែល​ថា ម្ហូប​អាហារ​នោះ ឥឡូវនេះ​មាន​សុវត្ថិភាព​ក៏​ដោយ។

ចំពោះ​ការប្រកាស​ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​កោះ​តៃវ៉ាន់​នោះ អ្នក​នាំពាក្យ​គណៈរដ្ឋមន្ត្រី​លោក Lo Ping-cheng បាន​និយាយ​ថា ដោយ​មាន​ប្រទេស​ជាច្រើន បាន​លុបចោល​ការ​រឹតត្បិតរួចហើយ តៃវ៉ាន់​ត្រូវតែ​ធ្វើ​ទៅតាម​គេ ហើយ​ថា​មិន​មាន​ហានិភ័យ​ទៀត​ទេ៕