ក្នុងសញ្ញាមួយដែលបង្ហាញថា ទំនាក់ទំនងសេដ្ឋកិច្ចឥណ្ឌា និងតៃវ៉ាន់កំពុងមានការកើនឡើង រដ្ឋាភិបាលក្រុងតៃប៉ិក្នុងខែនេះបានប្រកាសថា ខ្លួននឹងពង្រីកវត្តមានក្នុងប្រទេសឥណ្ឌាដោយបើកការិយាល័យតំណាងនៅទីក្រុង Mumbai។
ខណៈដែលរដ្ឋាភិបាលក្រុងញូវដែលីព្យាយាមរក្សាទំនាក់ទំនងនយោបាយជាមួយតៃវ៉ាន់កុំឱ្យលេចធ្លោ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានភាពរីកចម្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌា លោក Arindam Bagchi បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដាថា ផែនការរបស់តៃវ៉ាន់ក្នុងការបើកមជ្ឈមណ្ឌលមំបៃ (Mumbai) គួរតែត្រូវបានគេមើលឃើញនៅក្នុងបរិបទគោលនយោបាយឥណ្ឌាដែល «សម្របសម្រួល លើកកម្ពស់ទំនាក់ទំនងជាមួយតៃវ៉ាន់ក្នុងវិស័យពាណិជ្ជកម្ម ទេស ចរណ៍ វប្បធម៌ ការអប់រំ និងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជនផ្សេងទៀត»។
អ្នកវិភាគបានចង្អុលបង្ហាញថាការបោះជំហានរបស់តៃវ៉ាន់កើតឡើងចំពេលដែលប្រទេសទាំង២មានទំនាក់ទំនងធ្លាក់ចុះយ៉ាងខ្លាំងជាមួយប្រទេសចិន។
ភាពតានតឹងកាន់តែខ្លាំងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងបានជំរុញឱ្យក្រុមហ៊ុនតៃវ៉ាន់សម្លឹងមើលការពង្រីកមូលដ្ឋាននៅក្រៅប្រទេសចិន ខណៈដែលរដ្ឋាភិបាលក្រុងញូវដែលីចង់ប្រើឱកាសដើម្បីទាក់ទាញក្រុមហ៊ុនដែលកំពុងស្វែងរកខ្សែសង្វាក់ផ្គត់ផ្គង់ទៅផ្សេងៗទៅកាន់ប្រទេសឥណ្ឌា។
លោក Manoj Joshi សហការីជំនាញនៅមូលនិធិការសង្កេតការស្រាវជា្រវឬ Observer Research Foundation នៅទីក្រុងញូវដែលីបានប្រាប់ VOA ថា៖ «ការពង្រីកវត្តមានរបស់តៃវ៉ាន់នៅប្រទេសឥណ្ឌាអាចត្រូវបានគេមើលឃើញក្នុងបរិបទផ្តាច់ខ្លួនចេញពីរដ្ឋាភិបាលក្រុងប៉េកាំង។ ពលរដ្ឋតៃវ៉ាន់កំពុងដើរចេញពីចិនដើម្បីមានជម្រើសផ្សេងពាក់ព័ន្ធនឹងការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសដូចជាវៀតណាមឬឥណ្ឌា»។
មជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌មំបៃតៃប៉ិឬMumbai Taipei Economic and Cultural Center ត្រូវបានគេរំពឹងថា នឹងបើកនៅឆ្នាំ ២០២៤ ហើយនឹងក្លាយជាមជ្ឈមណ្ឌលទី ៣ របស់តៃវ៉ាន់នៅក្នុងប្រទេសឥណ្ឌា។ តៃវ៉ាន់មានមជ្ឈមណ្ឌលនេះមួយកន្លែងនៅក្នុងទីក្រុងញូវដែលីនិងមួយទៀតនៅក្នុងទីក្រុង Chennai នៅភាគខាងត្បូង។ ទីក្រុង Mumbai ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា ជាកន្លែងសំខាន់សម្រាប់អាជីវកម្មនៅក្នុងប្រទេសឥណ្ឌា។
ឥណ្ឌាក៏ដូចជាប្រទេសភាគច្រើនផ្សេងទៀតដែរ មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ហើយការិយាល័យតំណាងរបស់តៃវ៉ាន់ដើរតួជាបេសកកម្មការទូតមិនផ្លូវការ។ ដូចគ្នានេះដែរ ការិយាល័យរបស់រដ្ឋាភិបាលក្រុងញូវដែលីនៅទីក្រុងតៃប៉ិ និងសមាគមឥណ្ឌា-តៃប៉ិ ដឹកនាំដោយអ្នកការទូតជាន់ខ្ពស់។
ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងកាលពីថ្ងៃពុធ ទី៥ ខែកក្កដាថាគោលបំណងនៃការបើកមជ្ឈមណ្ឌលមួយនៅទីក្រុងមំបៃគឺដើម្បីជំរុញបន្ថែមទៀតនូវ«ទំនាក់ទំនងសំខាន់ៗ» ជាមួយឥណ្ឌានិង«ធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ»។ ក្រសួងនេះបានកត់សម្គាល់ពី«វឌ្ឍនភាពដ៏សំខាន់»នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ។
អ្នកវិភាគបានថ្លែងថាទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងកើនឡើងរបស់ឥណ្ឌាជាមួយតៃវ៉ាន់មិនមានឥទ្ធិពលនយោបាយទេ។
ពួកគេបានថ្លែងថា រដ្ឋាភិបាលក្រុងញូវដែលីមិនចង់ធ្វើឱ្យទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការជាប់គាំងយោធារយៈពេល៣ឆ្នាំនៅតាមព្រំដែនជួរភ្នំហិមាល័យ (Himalayan) របស់ខ្លួនជាមួយចិនកាន់តែអាក្រក់នោះទេ។
លោក Mahapatra បានថ្លែងក្នុងសម្តីដើមថា៖ «ឥណ្ឌាមិនប្រឆាំងនឹងគោលនយោបាយចិនតែមួយទេ ប៉ុន្តែយើងចង់ពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់។ ទោះជាយ៉ាងណាក៏ដោយ វាមិនមានគោលបំណងយុទ្ធសាស្ត្រឬយោធាអ្វីនោះទេ»។
រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ដែលជាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ជាខេត្តរបស់ចិនដែលនឹងត្រូវបង្រួបបង្រួមជាមួយចិនដីគោកនៅថ្ងៃណាមួយ និងបង្អាក់មិនឱ្យមានការទាក់ទិនជាសាធារណៈជាមួយរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិនោះទេ។
លោក Joshi បានថ្លែងក្នុងសម្តីដើមថា៖«ឥណ្ឌានឹងប្រយ័ត្នប្រយែងមិនឱ្យដើរហួសព្រំដែន។ វាជាការប្រុងប្រយ័ត្ន ហើយអ្នកទំនងជាមិនឃើញការផ្លាស់ប្តូរនយោបាយកម្រិតខ្ពស់រវាងប្រទេសទាំង២នោះទេ»៕
ប្រែសម្រួលដោយ លោក ជឹង ប៉ូជីន
រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា —