តៃវ៉ាន់​នឹង​ពិភាក្សា​ជាមួយ​អាមេរិក​អំពី​ថាតើ​ត្រូវ​ប្រើ​ថវិកា​ជំនួយ​យ៉ាង​ដូចម្តេច

  • ​Reuters

រូបឯកសារ៖ ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់ត្រូវបានដាក់តាំង​នៅ​ខាងក្រៅសណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Los Angeles កាលពីថ្ងៃទី​០៤ មេសា ឆ្នាំ២០២៣។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ២១ ខែ​មេសា​ថា​ខ្លួន​នឹង​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​អំពី​ថាតើ​ត្រូវ​ប្រើប្រាស់​យ៉ាង​ដូចម្ដេច​នូវ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​តៃវ៉ាន់​ដែល​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ។ ថវិកា​ជំនួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ជំនួយ​អាមេរិក​ចំនួន ៩៥ ពាន់​លាន​ដុល្លារ​ដែល​ភាគ​ច្រើន​គឺជា​ជំនួយ​ផ្នែក​សន្តិសុខ​សម្រាប់​ប្រទេស​អ៊ុយក្រែន​និង​អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

សហរដ្ឋ​អាមេរិក​គឺជា​អ្នក​គាំទ្រ​អន្តរជាតិ​ដ៏​សំខាន់​បំផុត​របស់​តៃវ៉ាន់​និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដល់​កោះ​នេះ ថ្វីបើ​មិន​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ក៏ដោយ។

តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​បាន​ប្រឈម​នូវ​សម្ពាធ​កើនឡើង​ផ្នែក​យោធា​ពី​ចិន។ ចិន​ចាត់ទុក​តៃវ៉ាន់​ថា​ជា​ទឹកដី​របស់​ខ្លួន។ រដ្ឋាភិបាល​តៃវ៉ាន់​ច្រានចោល​ការ​អះអាង​របស់​ចិន​នេះ។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​សម្តែង​នូវ​អំណរគុណ​ដល់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ចំពោះ​ការអនុម័ត​កញ្ចប់​ជំនួយ​នេះ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដោយ​បាន​បញ្ជាក់​ថា​ករណី​នេះ​បាន​បង្ហាញ​អំពី​ការ​គាំទ្រ «ដ៏​មុតមាំ» របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តៃវ៉ាន់។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បន្ថែម​ថា ខ្លួន «នឹង​សម្របសម្រួល​ការ​ប្រើប្រាស់​ថវិកា​ដែល​ពាក់ព័ន្ធ​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក​តាមរយៈ​យន្តការ​ផ្លាស់ប្តូរ​ដែល​មាន​ស្រាប់ ហើយនឹង​ធ្វើការ​ឱ្យ​បាន​ខ្លាំងក្លា​ក្នុងការ​ពង្រឹង​សមត្ថភាព​ត្រៀម​ប្រយុទ្ធ​ដើម្បី​ធានា​នូវសន្តិសុខ​ជាតិ សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់»។

ចាប់តាំង​ពី​ឆ្នាំ ២០២២ មក តៃវ៉ាន់​បាន​ត្អូញត្អែរ​អំពី​ការ​ពន្យារពេល​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​ផ្គត់ផ្គង់​ដល់​ខ្លួន​នូវ​អាវុធ​នានា​ដូចជា​មីស៊ីល Stringer សម្រាប់​បាញ់​យន្តហោះ​ជាដើម ដោយសារតែ​ក្រុមហ៊ុន​ផលិត​អាវុធ​ផ្តោតតែ​ទៅលើ​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយក្រែន​ដើម្បី​ជួយ​ប្រទេស​នេះ​ក្នុងការ​ប្រយុទ្ធ​នឹង​ការ​ឈ្លានពាន​របស់​កងទ័ព​រុស្ស៊ី។

ដោយ​សង្កត់ធ្ងន់​អំពី​សម្ពាធ​របស់​ចិន​ដែល​តៃវ៉ាន់​ប្រឈម ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​លើកឡើង​កាលពី​ថ្ងៃ​ទី ២១ ខែ​មេសា​ថា ក្នុង​អំឡុង​ពេល​មួយ​ថ្ងៃ​មុន​ហ្នឹង យន្តហោះ​យោធា​ចិន ១៤ គ្រឿង​បាន​ហោះ​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

ខ្សែ​បន្ទាត់​ព្រំដែន​នេះ​ធ្លាប់​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ព្រំដែន​ក្រៅ​ផ្លូវការ​រវាង​ចិន​និង​តៃវ៉ាន់​ដែល​គ្មាន​យោធា​នៃ​ភាគី​ណាមួយ​អាច​ឆ្លងកាត់​បាន។ ក៏ប៉ុន្តែ កងទ័ព​ជើង​អាកាស​របស់​ចិន​ឥឡូវ​នេះ​បាន​បញ្ជូន​យន្តហោះ​ជា​ប្រចាំ​ឆ្លងកាត់​ខ្សែ​បន្ទាត់​នេះ។ ចិន​បាន​បញ្ជាក់​ថា ខ្លួន​មិន​ទទួលស្គាល់​ថា​មាន​ខ្សែ​បន្ទាត់​នេះទេ។

យន្តហោះ​ខ្លះ​របស់​ចិន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​ហោះ​ទៅ​កៀក​ក្នុង​ចម្ងាយ​ជិត ៧០ គីឡូម៉ែត្រ​នៃ​ផ្នែក​ភាគ​ខាង​ជើង​និង​ភាគ​ខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​ផែនទី​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បើ​ទោះបីជា​ចម្ងាយ​នេះ​ស្ថិត​នៅ​ក្រៅ​តំបន់​ជាប់​ដែន​សមុទ្រ​របស់​តៃវ៉ាន់​ក៏ដោយ។

ដែន​អាកាស​របស់​តៃវ៉ាន់​ត្រូវ​បាន​កំណត់​ចម្ងាយ​ប្រហែល ២២ គីឡូម៉ែត្រ​ពី​មាត់​សមុទ្រ​តៃវ៉ាន់។ តៃវ៉ាន់​ធ្លាប់​បាន​រាយការណ៍​ថា​យន្តហោះ​យោធា​ចិន​បាន​ហោះ​មក​ជិត​តំបន់​ជាប់​ដែន​សមុទ្រ​របស់​ខ្លួន។

លោក Wang Ting-yu ដែល​ជា​សមាជិក​សភា​ជាន់ខ្ពស់​មកពី​គណបក្ស Democratic Progressive Party ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​តៃវ៉ាន់ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សភា​តៃវ៉ាន់​ទទួល​បន្ទុក​កិច្ចការ​ការពារ​ជាតិ​និង​កិច្ចការ​បរទេស បាន​និយាយ​ថា កងទ័ព​តៃវ៉ាន់​អាច​ឆ្លើយតប​ដោយ​ប្រើ​យន្តហោះ​របស់​ខ្លួន​និង​តាមដាន​ដោយ​ប្រើ​ប្រព័ន្ធ​មីស៊ីល​នៅ​ផ្ទាល់​នឹង​ដី។

លោក​បាន​បញ្ជាក់​នៅលើ​បណ្តាញ​សង្គម​អនឡាញ​ថា៖ «ក៏ប៉ុន្តែ អ្វី​ដែល​បក្ស​កុម្មុយនីស្ត​ចិន​បាន​ធ្វើ​គឺជា​ឥរិយាបថ​បែប​បង្កហេតុ​និង​គ្មាន​ការ​ទទួល​ខុសត្រូវ»។

កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​ថា ចិន​បាន​អនុវត្ត​ម្ដងទៀត​នូវ​ប្រតិបត្តិការ «ល្បាត​ត្រៀម​ប្រយុទ្ធ​រួម» ដោយ​មាន​វត្តមាន​ចូលរួម​ពី​នាវា​ចម្បាំង​និង​យន្តហោះ​ចម្បាំង​របស់​ចិន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។

កងទ័ព​តៃវ៉ាន់​មាន​ទំហំ​តូច បើ​ប្រៀប​ជាមួយ​នឹង​កងទ័ព​ចិន ជាពិសេស​កងទ័ព​ជើងទឹក​និង​ជើង​អាកាស​របស់​ចិន៕


ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន