អនុប្រធានាធិបតីកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងលោក William Lai និយាយថា តៃវ៉ាន់នឹងមិនខ្លាចពីការគំរាមកំហែងពីប្រទេសចិនដីគោកនោះឡើយ។
លោក Lai ថែ្លងដូចនេះនៅក្នុងពិធីទទួលទានបាយថ្ងៃត្រង់មួយក្នុងទីក្រុង New York សហរដ្ឋអាមេរិកមួយថ្ងៃក្រោយការឈប់សំចតរបស់លោកនៅតាមផ្លូវទៅកាន់ប្រទេសប៉ារ៉ាហ្គាយដើម្បីចួលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងនៃប្រធានាធិបតីថ្មីរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
លោក Lai បានប្រាប់ក្រុមអ្នកគាំទ្រលោកថា៖ «ជាថ្មីម្តងទៀតនៅពេលនេះ និងនៅទីនេះ បើទោះបីជាមានការគំរាមកំហែងពីរបបផ្តាច់ការនៃប្រទេសចិនដីគោកខ្លាំងប៉ុណ្ណាទៅលើកោះតៃវ៉ាន់ក៏ដោយ ដាច់ខាតយើងមិនភ័យខ្លាចឬកំសាកនោះឡើយ។ យើងនៅតែប្រកាន់ខ្ចាប់នូវតម្លៃនៃលទ្ធិប្រជាធិបតេយ្យនិងសេរីភាព»។
លោកLaiដែលទទួលបានការសិក្សាអប់រំថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកដែលក្លាយជាអ្នកនយោបាយជាបេក្ខជននាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីកោះតៃវ៉ាន់ក្នុងពេលខាងមុខ។ លោកធ្លាប់បានពណ៌នាខ្លួនលោកក្នុងពេលកន្លងទៅថា៖ «ជាអ្នកធ្វើការយ៉ាងពិតប្រាកដដើម្បីទាមទារឯករាជ្យឱ្យកោះតៃវ៉ាន់» ប៉ុន្តែនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងពេលកន្លងទៅ លោកបានគូសបញ្ជាក់ថា លោកមិនមានបំណងដើម្បីផ្លាស់ប្តូរស្ថានភាពពេលបច្ចុប្បន្នក្នុងកោះតៃវ៉ាន់នោះឡើយ។ លោកក៏ធ្លាប់បានបង្ហាញពីបំណងចង់ធ្វើមិត្តជាមួយចិនដីគោកផងដែរ។
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញដោយថ្កោលទោសលោកLai ថាជា៖ «មនុស្សបង្កបញ្ហាមិនឈប់ឈរដែល នៅតែចិញ្ជឹមចិត្តយ៉ាងតឹងរឹងលើគោលជំហរបំបែកខ្លួន ដើម្បីទាមទារឯករាជ្យឱ្យកោះតៃវ៉ាន់»។
ក្រសួងការបរទសចិនក៏បាននិយាយផងដែរថាខ្លួន«សោកស្តាយនិងថ្កោលទោសជាខ្លាំងទៅលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលបានសម្រួលនូវអ្វីដែលគេហៅថាជាការឈប់សំចតនេះ»និងបានបន្ថែមទៀតថារដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងជំ ទាស់ជាខ្លាំងទៅនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងផ្លូវការក្នុងទម្រង់ណាមួយជាមួយកោះតៃវ៉ាន់នោះ»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters និង AFP
អនុប្រធានាធិបតីតៃវ៉ាន់ថាដែនកោះនេះនឹងឈរយ៉ាងរឹងមាំនៅចំពោះមុខការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់ចិនដីគោក
ក្រុងតៃប៉ិ កោះតៃវ៉ាន់ —