ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានបង្ហាញនូវកាយវិការទន់ភ្លន់ទៅលើរដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យម្សិលមិញដោយសន្យាថានឹងផ្តល់ជំនួយដល់ចិនដីគោក ប្រសិនបើចាំបាច់ ស្របពេលដែលជំងឺរាតត្បាតកូវីដ១៩នៅចិនដីគោកកំពុងហក់ឡើងខ្ពស់ខ្លាំង បន្ទាប់ពីចិនបានប្រកាសលុបចោលវិធានការរឹតបន្តឹងភា្លមរបស់ខ្លួននោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសុន្ទរកថានៃឱកាសចូលឆ្នាំសាកល លោកស្រី Tsai បានគូសបញ្ជាក់ថា «ប្រសិនបើមានសេចក្តីត្រូវការចាំបាច់នោះ យើងមានឆន្ទៈក្នុងការផ្តល់នូវជំនួយចាំបាច់នានា ដោយឈរលើមូលដ្ឋានមនុស្សធម៌»។
លោកស្រីបន្ថែមទៀតថា លោកស្រីសង្ឃឹមថា ជំនួយរបស់តៃវ៉ាន់អាចជួយពលរដ្ឋចិនជាច្រើនឱ្យរួចផុតពីជំងឺរាតត្បាត មានសុខភាពល្អ និងរស់នៅដោយសុវត្ថិភាពក្នុងឆ្នាំថ្មីនេះ»។
ប្រទេសចិនកំពុងប្រឈមនឹងការផ្ទុះរាលដាលករណីឆ្លងនៃជំងឺកូវីដ១៩ បន្ទាប់ពីខ្លួនបានលុបចោលនូវគោលនយោបាយគ្មានជំងឺកូវីដ១៩របស់ខ្លួនកាលពីខែមុន គឺ៣ឆ្នាំបន្ទាប់ពីវីរុសកូរ៉ូណាបានកើតឡើងជាដំបូងនៅក្នុងទីក្រុង Wuhan ប្រទេសចិន។
មន្ទីរពេទ្យនានានៅក្នុងប្រទេសចិន កំពុងមានអ្នកជំងឺណែនពេញត្រៀបត្រាដែលភាគច្រើនជាមនុស្សចាស់ ហើយកន្លែងបូជាសពគ្មានពេលទំនេរឡើយ ស្របពេលដែលឱសថស្ថាននានាអស់ថ្នាំជំងឺគ្រុនក្តៅនោះ។
នៅក្នុងសុន្ទរកថាឆ្នាំថ្មីដែលផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប្រធានាធិបតីចិនលោក Xi Jinping និយាយថា «ពន្លឺនៃក្តីសង្ឃឹមកំពុងស្ថិតនៅពីមុខយើង» ខណៈដែលការគ្រប់គ្រងនិងការពារជំងឺរាតត្បាតកូវីដ១៩បានឈានចូលក្នុងដំណាក់កាលថ្មីមួយ។
លោក Xi ក៏បានថ្លែងនៅក្នុងសុន្ទរកថាដាច់ដោយឡែកមួយទៀតកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្រយុទ្ធដោយគ្មានងាករេឡើយ ចំពោះការប៉ុនប៉ងរបស់ក្រុមដែលចង់បំបែកទឹកដីដើម្បីស្វែងរកឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់និងការធ្វើអន្តរាគមន៍ពីកម្លាំងខាងក្រៅជុំវិញរឿងនេះ»។
ទំនាក់ទំនងរវាងចិនដីគោកនិងកោះតៃវ៉ាន់បានធ្លាក់ចុះជាខ្លាំង ដោយរដ្ឋាភិបាលក្រុងប៉េកាំងបានព្យាយាមបង្កើនសកម្មភាពយោធាដាក់សម្ពាធសេដ្ឋកិច្ចនិងការទូតទៅលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងហើយដែលត្រូវបានចិនដីគោកអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai បាននិយាយនៅថ្ងៃអាទិត្យថា សកម្មភាពយោធារបស់ចិនដីគោកនៅជុំវិញកោះតៃវ៉ាន់ គឺជារឿងមិនល្អ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកស្រីនិយាយថា «សង្គ្រាមមិនដែលជាជម្រើសល្អនោះឡើយក្នុងការដោះស្រាយបញ្ហានានានោះ។ មានតែការសន្ទនា កិច្ចសហប្រតិបត្តិការ និងគោលបំណងរួមនៃការលើកកម្ពស់សន្តិភាពតំបន់និងការអភិវឌ្ឍតែប៉ុណ្ណោះដែលអាចធ្វើឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងសេចក្តីសុខ»៕
ប្រធានាធិបតីកោះតៃវ៉ាន់ស្នើផ្តល់ជំនួយដល់ចិនដីគោកជុំវិញការផ្ទុះឡើងនៃជំងឺកូវីដ១៩
ទីក្រុងតៃប៉ិ —