​ជប៉ុន​ផ្តល់​វ៉ាក់សាំង​កូវីដ១៩​ឲ្យ​កោះ​តៃវ៉ាន់​ជាង​១,២​លាន​ដូស

  • ​Reuters

ឥវ៉ាន់​ត្រូវ​គេ​លើក​ដាក់​ចូល​យន្តហោះ​​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​ជប៉ុន Japan Airlines ដែល​​ចត​នៅ​អាកាសយានដ្ឋាន Narita ប្រទេស​ជប៉ុ​ន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២១ ហើយ​ដែល​ត្រូវ​ដឹក​វ៉ាក់សាំង​ AstraZeneca ជា​អំណោយ​របស់​រដ្ឋាភិបាល​ជប៉ុន​ទៅ​ឱ្យ​កោះ​តៃវ៉ាន់។

នៅ​ថ្ងៃ​សុក្រ​នេះ​ប្រទេស​ជប៉ុន​បាន​ផ្តល់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩របស់​ក្រុមហ៊ុន AstraZeneca PLC ដល់​កោះ​តៃវ៉ាន់​ចំនួន​១,២៤លានដូស​ដោយ​ឥត​គិត​ថ្លៃ​ដែល​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​មាន​វ៉ាក់សាំងទ្វេ​ដង​នៃ​ចំនួនវ៉ាក់សាំង​ដែល​តៃវ៉ាន់​ទទួល​បាន​កន្លង​មក។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មានReuters។

កោះ​តៃវ៉ាន់​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​ក្នុងស្រុក​ហើយ​បាន​ចាក់​វ៉ាក់សាំង​តែ​ប្រហែល​៣%​ប៉ុណ្ណោះ​នៃ​ប្រជាជន​របស់​ដែន​កោះ​នេះ។ ប្រទេស​ជប៉ុន​បាន​នាំចូល​វ៉ាក់សាំង​ជាង ៣០០​លាន​ដូស​ពី​ក្រុមហ៊ុន Pfizer ក្រុមហ៊ុន ModernaនិងAstraZenecaដែល​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​របស់​ខ្លួន។

នៅ​ពេល​ប្រកាស​អំពី​ការ​បរិច្ចាគ​វ៉ាក់សាំង​នេះ លោក Toshimitsu Motegiរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​មាន​ប្រសាសន៍​ថា«នៅ​ពេល​មាន​ការ​រញ្ជួយ​ដី​នៅ​ភាគខាង​កើត​ប្រទេស​ជប៉ុន​កាល​ពី​១០​ឆ្នាំ​មុន​ប្រជាជន​តៃវ៉ាន់​បាន​ផ្ញើ​អំណោយ​ជាច្រើន​ដល់​យើង​ជាបន្ទាន់។ ខ្ញុំ​ជឿថា ការណ៍​នេះ​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​ប្រជាជន​ជប៉ុន​ជានិច្ច។ភាព​ជាដៃគូ​និង​មិត្តភាព​ដ៏​សំខាន់​ជាមួយ​តៃវ៉ាន់​ឆ្លុះបញ្ចាំង​នៅក្នុង​ការ​បរិច្ចាគ​នេះ»។

វ៉ាក់សាំង​ទាំង​នេះ​បាន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​តៃប៉ិ​នា​ពេល​រសៀល។ លោក Chen Shih-chung រដ្ឋមន្រ្តី​សុខាភិបាល​តៃវ៉ាន់​បាន​និយាយ​ថា​លោក​ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ដែល​វ៉ាក់សាំង​នេះ​បាន​ទៅ​ដល់​នៅ​ពេល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​មាន​ភាព​តានតឹងខណៈលោក​បាន​រាយ​ការណ៍​អំពី​ការឆ្លង​ថ្មី​ចំនួន​៤៧២​ករណី​ទៀត។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ជឿជាក់​ថា​វាពិត​ជា​មាន​ប្រយោជន៍​ណាស់​ក្នុងការ​បង្ការ​ជំងឺ​រាតត្បាត​ទាំងមូល»។

អំណោយ​នេះ​គឺ​ជា​ជ័យជម្នះ​មួយ​សម្រាប់​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី​Tsai Ing-wenដែល​បាន​ប្រឈម​នឹង​កំហឹង​របស់​សាធារណជន​អំពី​ការ​ទទួល​បាន​វ៉ាក់សាំង​យឺត​ហើយ​និង​ការ​តវ៉ា​ខ្លះ​ពី​គណបក្ស​ប្រឆាំង​ដ៏ធំ​គឺ​គណបក្សKuomintangនៅ​ខាង​ក្រៅ​ការិយាល័យ​របស់​អ្នកស្រី។

ចិន​ដែល​បាន​ទាមទារ​កោះ​តៃវ៉ាន់​ជា​ដែន​ដី​របស់​ខ្លួន បាន​ស្នើ​ផ្តល់​វ៉ាក់សាំង​ក៏ប៉ុន្តែ​កោះ​តៃវ៉ាន់​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ម្តង​ហើយ​ម្តង​ទៀត​អំពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​ចិន ហើយ​បាន​ចោទ​ប្រកាន់​ចិន​ពី​ការ​ព្យាយាម​រារាំង​ការទិញ​វ៉ាក់សាំង​របស់​កោះ​តៃវ៉ាន់​ពី​អន្តរជាតិ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ៕