នៅថ្ងៃសៅរ៍នេះ មានគ្រោះរញ្ជួយផែនដីខ្លាំងមួយកើតឡើងនៅផ្នែកខាងត្បូងនៃកោះតៃវ៉ាន់ ដែលបានបណ្តាលឲ្យរលំអាគារស្នាក់នៅដ៏ធំមួយ ដោយបានធ្វើឲ្យមនុស្សយ៉ាងតិចណាស់ ០៧នាក់ស្លាប់ ដែលក្នុងនោះរួមមានទាំងទារកម្នាក់ផងដែរ។ អាជ្ញាធរបាននិយាយថា គេបារម្ភថា មានមនុស្សរាប់សិបនាក់បានជាប់គាំងនៅក្នុងកម្ទេចគំនរអាគារនោះ។ មានមនុស្សរាប់រយនាក់ទៀតបានត្រូវរបួស។
មន្ទីរភូមិសាស្ត្រអាមេរិកាំង U.S. Geological Survey និយាយថា ចំណុចកណ្តាលនៃការរញ្ជួយផែនដីនេះ ដែលមានកម្លាំង៦,៤រ៉ិចទ័រ ឋិតនៅចម្ងាយប្រមាណ៤៣គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុង Tainan ដែលជាក្រុងមួយមានប្រជាជនពីរលាននាក់ ហើយដែលជាក្រុងរងការខូចខាតច្រើនបំផុត។ គ្រោះរញ្ជួយផែនដីនេះដែលក្រុមអ្នកជំនាញផ្នែករញ្ជួយផែនដីនៅក្នុងកោះតៃវ៉ាន់បាននិយាយថា មានកម្លាំងស្មើនឹងគ្រាប់បែកបរមាណូពីរគ្រាប់បានចាប់ផ្តើមធ្វើឲ្យអាគាររង្គើនៅប្រមាណម៉ោងបួនព្រឹកម៉ោងសាកល។
ការិយាល័យកណ្តាលផ្នែកអាកាសធាតុនៃកោះតៃវ៉ាន់បាននិយាយថា មានការរញ្ជួយក្នុងទំហំតូចបន្តបន្ទាប់មកទៀត។ តាមរយៈបណ្តាញព័ត៌មានសង្គម និងនៅក្នុងសេចក្តីរាយការណ៍ព័ត៌មាន មានមនុស្សមួយចំនួនកត់សម្គាល់ថា គ្រោះរញ្ជួយផែនដីនេះនាំឲ្យពួកគេនឹកឃើញដល់គ្រោះរញ្ជួយផែនដីកាលពីឆ្នាំ ១៩៩៩នៅកោះតៃវ៉ាន់។ គ្រោះរញ្ជួយផែនដីកាលពីព្រឹកថ្ងៃសៅរ៍នេះបានកើតមានឡើង នៅពេលមនុស្សច្រើននាក់កំពុងលង់លក់ក្នុងដំណេក ហើយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាគារយ៉ាងហោចណាស់បីខ្នង និងបានធ្វើឲ្យខូចខាតអាគារឯទៀតៗ ដោយមានរួមបញ្ចូលទាំងវត្តបុរាណមួយចំនួនផងដែរ៕