ប្រធានាធិបតីកោះតៃវ៉ាន់ អ្នកស្រី Tsai Ing-wen សន្យានៅថ្ងៃពុធនេះថា នឹងបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន បន្ទាប់ពីមានការគំរាមកំហែងជាបន្តបន្ទាប់ខុសពីធម្មតាមកលើរដ្ឋាភិបាលរបស់អ្នកស្រី ដោយគូសត្រូវដ៏យូរអង្វែងគឺប្រទេសចិនដីគោក។
អ្នកស្រីប្រធានាធិបតី Tsai បានថ្លែងសុន្ទរកថាក្នុងឱកាសនៃការចាប់ផ្តើមនៃអណត្តិទី២របស់អ្នកស្រីក្នុងសម្តីដើមយ៉ាងដូចនេះថា «នៅពេលដែលយើងធ្វើការជំរុញនូវសមត្ថភាពការពារជាតិរបស់យើង ការអភិវឌ្ឍសមត្ថភាពនៃការប្រយុទ្ធនាពេលអនាគតនឹងផ្តោតផងដែរទៅលើការងារផ្លាស់ប្តូរទីតាំង វិធានការនៃការប្រឆាំងតបត និងសមត្ថភាពនៃការប្រើប្រាស់យុទ្ធសាស្ត្រខុសធម្មតា។ អ្នកស្រី Tsai បានជាប់ឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់ក្នុងអណ្តតិទី២របស់អ្នកស្រី កាលពីខែមករាកន្លងទៅ។
ប្រទេសចិនត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រទេសទីបី ដែលមានកម្លាំងយោធាខ្លាំងបំផុតនៅលើពិភពលោក រីឯដែនដីកោះតៃវ៉ាន់ត្រូវបានគេចាត់ចូលក្នុងចំណាត់លេខ២៦ ខាងកម្លាំងយោធា ដោយគេហទំព័រ GlobalFirePower.com ។ សង្គ្រាមរវាងអំណាចយោធាមិនស្មើគ្នា ឬហៅថា Asymmetric warfare មានន័យថា ត្រូវមានការប្រើប្រាស់នូវយុទ្ធសាស្ត្រនិងអាវុធសម័យទំនើបដូចជា នាវាមុជទឹកជាដើម ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវដែលមានកម្លាំងខ្លាំងជាង។
អ្នកវិភាគនិងរបាយការណ៏ព័ត៌មានផ្សេងៗក្នុងទ្វីបអាស៊ីបានឲ្យដឹងថា កងទ័ពរំដោះជាតិប្រជាជនចិនរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើសមយុទ្ធយោធាក្នុងទឹកសមុទ្រ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីធ្វើត្រាប់សាកល្បងដណ្តើមយកកូនកោះចំនួនបី ដែលតៃវ៉ាន់កំពុងគ្រប់គ្រងធ្វើជាផ្នែកមួយនៃតំបន់ឧទ្យានជាតិកងម៉ារីនរបស់ខ្លួន។ កូនកោះទាំងនេះ មានទីតាំងស្ថិតនៅក្នុងចំណុចយុទ្ធសាស្រ្តដែលខ័ណ្ឌតំបន់អាស៊ីអាគ្នេយ៏និងអាស៊ីភាគឥសាន។
លោក Alexander Huang សាស្ត្រាចារ្យខាងការសិក្សាយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ Tamkang នៃកោះតៃវ៉ាន់ បានឲ្យដឹងតាមសម្តីដើមរបស់លោកថា «ប្រសិនបើចិនដីគោកចង់ដណ្តើមគ្រប់គ្រងតំបន់កោះរបស់តៃវ៉ាន់ គេអាចធ្វើការឡោមព័ទ្ធតំបន់កោះទាំងនេះ និងបង្ខំឲ្យតៃវ៉ាន់ទម្លាក់អាវុធដកថយជាមុន ដោយគ្មានការប្រយុទ្ធបង្ហូរឈាមគ្នានោះទេ» ។
រដ្ឋបាលឆ្មាំការពារសមុទ្ររបស់ចិនបានឲ្យដឹងថានៅថ្ងៃទី១២ ឧសភាថា កងទ័ពចិន មានគំរោងនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ជិតប្រជុំកោះ Pratas ដែលតៃវ៉ាន់កំពុងគ្រប់គ្រង។
ប្រទេសចិនបានបើកនាវាដឹកជញ្ជូនយន្តហោះរបស់ខ្លួនឈ្មោះ Liaoning មកកាន់តំបន់ជិតកោះតៃវ៉ាន់កាលពីខែមេសាកន្លងទៅ ហើយបានអនុញ្ញាតឲ្យយន្តហោះដឹកជញ្ជូនរបស់យោធា ហោះចូលដែនអាកាសរបស់តៃវ៉ាន់ នៅខែឧសភានេះ។ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងកាលពីខែមុនថា ខ្លួនមានព័ត៌មានដែលថាប្រទេសចិនកំពុងតែនិយាយពីការត្រៀមប្រកាសពីតំបន់ការពារដែនអាកាសរបស់ខ្លួន នៅលើតំបន់សមុទ្រចិនខាងត្បូង។ តំបន់សមុទ្រចិនខាងត្បូងកំពុងស្ថិតនៅក្នុងជម្លោះជាមួយកោះតៃវ៉ាន់ និងប្រទេសសមាជិកអាស៊ានចំនួនបួនផ្សេងទៀត។
មន្រ្តីរបស់ក្រុងប៉េកាំងមានភាពធុញទ្រាន់ចំពោះការបដិសេធរបស់អ្នកស្រី Tsai មិនព្រមទទួលស្គាល់ថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិនកុម្មុយនីស្ត ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីក៏បានពង្រឹងនូវទំនាក់ទំនងកាន់តែខ្លាំងជាងមុនថែមទៀត ជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកទប់ទល់អំណាចនយោបាយរបស់ចិនក្នុងពិភពលោក និងការខិតខំរបស់តៃវ៉ាន់ ដើម្បីចូលរួមក្នុងសន្និបាតសុខភាពពិភពលោកនៅក្នុងខែនេះ ទោះបីជាមានការជំទាស់អស់រយៈពេលយ៉ាងយូររបស់ទីក្រុងប៉េកាំងយ៉ាងណាក្តី។
អ្នកស្រី Tsai បានជាប់ឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់ ក្នុងអាណត្តិទី១ កាលពីឆ្នាំ២០១៦ មួយផ្នែកដោយសារតែគោលជំហររឹងមាំរបស់អ្នកស្រី ក្នុងការតទល់ជាមួយប្រទេសចិនកុម្មុយនីស្ត ដោយអ្នកស្រីប្រកាសការពារទឹកដីកោះតៃវ៉ាន់ ជាអាទិភាពរបស់អ្នកស្រីក្នុងនាមជាប្រធានាធិបតីរបស់ដែនដីកោះមួយនេះ។ កោះតៃវ៉ាន់ ដែលពឹងផ្អែកលើឧស្សាហកម្មធន់ធ្ងន់ មានកាំជ្រួចដែលបាញ់ពីដីទៅលើអាកាស និងពីដែនអាកាសទៅអាកាស និងមានយន្តហោះប្រយុទ្ធយោធាចំនួន៦៦គ្រឿង ក្នុងពេលកន្លងមក។ ទីតាំងសាងសង់នាវាក្នុងស្រុកមួយ ក៏ត្រូវបានបើកការដ្ឋានសាងសង់លើនាវាមុជទឹកមួយ ដែលរំពឹងថា នឹងត្រូវសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២៤ខាងមុខ។
អ្នកស្រី Tsai បានឲ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំខាងមុខ កោះតៃវ៉ាន់ នឹងពង្រឹងនូវសមត្ថភាពការពារប្រឆាំងការគំរាមកំហែងសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត សង្គ្រាមចិត្តសាស្រ្ត និងសង្រ្គាមមួយដែល «គ្មានដែនកម្រិត» ដើម្បីសម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការមិនរាថយនិងឃ្លបខ្លាច។ អ្នកស្រីក៏បានឲ្យដឹងទៀតផងដែរថា រដ្ឋាភិបាលតៃវ៉ាន់មានគម្រោងនឹងធ្វើសមាហរកម្មសមត្ថភាពផ្នែកស៊ីវិលនិងយោធាបញ្ចូលគ្នាទាក់ទងខាងវិស័យអាកាសចរណ៏និងអវកាស។
ដែនដីកោះតៃវ៉ាន់ និងចិនកុម្មុយនីស្តដីគោក បានស្ថិតនៅក្នុងការគ្រប់គ្រងដាច់ដោយឡែកពីគ្នា ចាប់តាំងពីសង្គ្រាមស៊ីវិលក្នុងប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ១៩៤០ មក នៅពេលដែលក្រុមជាតិនិយម ដែលដឹកនាំដោយលោក Chiang Kai-shek បានចាញ់ក្រុមកុម្មុយនីស្ត ដែលដឹកនាំដោយលោក Mao Zedong ហើយបានរត់ទៅបោះទីតាំងនៅលើកោះតៃវ៉ាន់នាពេលបច្ចុប្បន្ន។ ប្រទេសចិនដីគោកនៅតែអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយមិនបានច្រានចោលនូវការប្រើប្រាស់កម្លាំងយោធា ប្រសិនបើខ្លួនមានការចាំបាច់ណាមួយ ដើម្បីបង្រួបបង្រួមទឹកដីទាំងពីរនេះ។
អ្នកស្រីប្រធានាធិបតីតៃវ៉ាន់បានច្រានចោលសំណើរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលចង់ដាក់កោះតៃវ៉ាន់ក្នុងទម្រង់ដឹកនាំ «ប្រទេសមួយ ប្រព័ន្ធពីរ» ដូចអ្វីដែលប្រទេសចិនកុម្មុយនិស្តកំពុងធ្វើក្នុងទីក្រុងហុងកុងនាពេលបច្ចុប្បន្ន។
ទីក្រុងហុងកុងបច្ចុប្បន្ន ជាទឹកដីរបស់ប្រទេសចិន ដោយមានវិធានការគ្រប់គ្រងតាមបែបស្វ័យភាពផ្ទាល់ខ្លួន។ តាមការស្ទង់មតិរបស់រដ្ឋាភិបាលតៃវ៉ាន់បង្ហាញថាប្រជាជនតៃវ៉ាន់ប្រមាណ៨០ភាគរយ ជំទាស់នឹងការបង្រួបបង្រួមជាតិជាមួយប្រទេសចិនដីគោក។
អ្នកស្រីប្រធានាធិបតីកោះតៃវ៉ាន់ បានស្នើកាលពីថ្ងៃពុធសប្តាហ៏មុនឲ្យមានការសន្ទនាគ្នាជាមួយចិន។ អ្នកស្រីបានលើកឡើងក្នុងសម្តីដើមថា «យើងមានសុឆន្ទៈក្នុងការសន្ទនាជាមួយចិន និងធ្វើការរួមវិភាគទានដ៏សំខាន់ដល់សន្តិសុខក្នុងតំបន់។ អ្នកស្រីបន្តទៀតថា «ភាគីទាំងពីរ មានភារកិច្ចក្នុងការស្វែងរកវិធី ដើម្បីរួមរស់ជាមួយគ្នាសម្រាប់រយៈពេលវែងឆ្ងាយទៅមុខ និងដើម្បីជៀសវាងនូវភាពតានតឹង ដែលកើតចេញពីការខ្វែងគំនិតគ្នា និងភាពខុសគ្នា»។
ការបែកបាក់គ្នាជាថ្មីក្នុងទំនាក់ទំនងរវាងដែនដីទាំងពីរ នឹងកើតឡើងមុនការវាយប្រហារដោយប្រទេសចិនកុម្មុយនីស្ត។ សាស្ត្រាចារ្យចូលនិវត្តន៏លោក Carl Thayer នៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី បានថ្លែងក្នុងសម្តីដើមថា «អ្នកត្រូវស្វែងរកនូវសញ្ញាព្រមានពីដំបូង ដូច្នេះចាំបាច់ត្រូវមាននូវទំនាក់ទំនងមិនល្អរវាងភាគីទាំងពីរ ដែលនេះវាច្បាស់ហើយថាជាទំនាក់ទំនងដែលមិនល្អបំផុតនោះទេ តែវាក៏មិនអាក្រក់បំផុតនោះដែរ»។
សាស្ត្រាចារ្យផ្នែកនយោបាយអន្តរជាតិនៃសាកលវិទ្យាល័យ Chengchi ក្នុងទីក្រុងតៃប៉ិ លោក Alex Chiang បានលើកឡើងថា មន្ត្រីចិនមិនមានផែនការវាយប្រហារកោះតៃវ៉ាន់នោះទេ តែចិនចង់ឲ្យប្រធានាធិបតីតៃវ៉ាន់ ចាត់វិធានការការទូតមួយក្នុងពេលខាងមុខ។
លោក Chiang បន្តក្នុងសម្តីដើមថា «ខ្ញុំគិតថា ទំនាក់ទំនងរវាងភាគីទាំងពីរ បានស្ថិតក្នុងកម្រិតទាបរួចទៅហើយៗខ្ញុំគិតថា គឺវាអាស្រ័យទៅលើប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen ក្នុងការធ្វើអ្វីមួយទាក់ទងនិងរឿងនេះ។ លោកបន្តទៀតថា ប្រសិនបើអ្នកស្រីអាចផ្តល់នូវក្តីសង្ឃឹមណាមួយ ដូចជាកាយវិការក្នុងនាមជាមិត្តភក្តិជាដើមសំរាប់ប្រទេសចិននោះ ប្រហែលជាអាចមានចលនាណាមួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនេះ»។
លោក Chiang បន្ថែមទៀតថា ការធ្វើសមយុទ្ធយោធារបស់ចិន គ្រាន់តែជា«ល្បែងសង្គ្រាមតែប៉ុណ្ណោះ» ហើយប្រទេសចិនពុំ «មានបំណងធ្វើសកម្មភាពយោធា» នៅពេលដែលខ្លួនកំពុងតែប្រុងប្រៀបស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន ក្រោយជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ ជ្រា វណ្ណារិទ្ធ