ប្រធានាធិបតី​តៃវ៉ា់ន់​សន្យា​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ហុងកុង

  • Reuters

រូបឯកសារ៖ លោកស្រី Tsai Ing Wen ប្រធានាធិបតី​តៃវ៉ាន់ ចូលរួមពិធីតាំងតែងដំណែងជាប្រធានាធិបតី នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing Wen នៅ​ថ្ងៃ​ពុធ​នេះ បាន​សន្យា​រៀបចំ​គម្រោង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តវ៉ា​ ដើម្បី​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

សំណើ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង បាន​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​ការ​ថ្កោលទោស​ពី​បណ្ដា​រដ្ឋាភិបាល​បស្ចិម​ប្រទេស​នានា ទាក់ទិន​នឹង​ការ​យល់​ឃើញ​ថា សំណើ​ច្បាប់​នេះ​នឹង​ប៉ះពាល់​ដល់​សេរីភាព​របស់​ទីក្រុង​ហុងកុង។

ក្រុម​អ្នក​តវ៉ា​នៅ​ទីក្រុង​ហុងកុង​ទទួល​បាន​ការ​អាណិតអាសូរ​យ៉ាង​ទូលំទូលាយ​ពី​កោះ​តៃវ៉ាន់ ដែល​កោះ​តៃវ៉ាន់​នេះ​ត្រូវ​បាន​ចិន​ចាត់ទុក​ថា​ជា​ដែនដី​របស់​ខ្លួន។

អ្នកស្រី Tsai Ing Wen បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​តៃប៉ិ​ថា៖ «យើង​នឹង​ស្នើ​ផែនការ​សកម្មភាព​មួយ​នៃ​ជំនួយ​មនុស្សធម៌​សម្រាប់​មិត្តភ័ក្ដិ​របស់​យើង​មកពី​ទីក្រុង​ហុងកុង។ យើង​នឹង​បន្ត​គាំទ្រ​ការ​តាំង​ចិត្ត​របស់​ពលរដ្ឋ​ហុងកុង​នៅ​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព»។

អ្នកស្រី​មិន​បាន​ផ្ដល់​ព័ត៌មាន​លំអិត ឬ​ក៏​ពេលវេលា​ដែល​ត្រូវ​ធ្វើ​រឿង​នេះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា ក្រុម​ប្រឹក្សា​កិច្ចការ​ចិន​ដី​គោក ដែល​ជា​កន្លែង​ធ្វើ​គោល​នយោបាយ​របស់​តៃវ៉ាន់​អំពី​ប្រទេស​ចិន នឹង​ដឹកនាំ​គម្រោង​ផ្ដួចផ្ដើម​នេះ ចំណែក​ឯ​ក្រុម​ការងារ​ពិសេស​មួយ​របស់​រដ្ឋាភិបាល​តៃវ៉ាន់​នឹង​រៀបចំ​ចាត់ចែង​នូវ​ថវិកា និង​ធនធាន​ចាំបាច់​នានា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ស្នាក់នៅ និង​ការងារ​ផង​ដែរ៕