សាច់ញាតិ និងមិត្តភក្តិរបស់ជនរងគ្រោះនៅក្នុងការរញ្ជួយដីនៅតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅថ្ងៃសុក្រនេះ ខណៈដែលតួលេខផ្លូវការនៃចំនួនអ្នកស្លាប់កើនដល់៩៣នាក់។
លោកប្រធានាធិបតី Ma Ying-jeou និងលោកស្រី Tsai Ing-wen ដែលទើបតែជាប់ឆ្នោតនោះ បានចូលរួមក្នុងពិធីនេះនៅក្នុងទីក្រុងតៃណាន់ ដោយមានផ្កាទៅជាមួយនិងបានសួរសុខទុក្ខក្រុមគ្រួសារ និងមានព្រះសង្ឃសាសនាព្រះពុទ្ធផង ប៉ុន្តែមិនបានថ្លែងអ្វីជាផ្លូវការនោះទេ។
ក្រុមសាច់ញាតិដែលកាន់ទុក្ខទាំងនោះ បានគោរពវិញ្ញាណក្ខន្ធសព និងមានដុតធូបផងដែរ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះបានធ្វើឡើងនៅថ្ងៃទី៧បន្ទាប់គ្រោះមហន្តរាយនោះបានកើតមាន។ យោងតាមប្រពៃណីទំនៀមទម្លាប់ចិន នេះគឺជាថ្ងៃពិសេសក្នុងការគោរពវិញ្ញាណក្ខន្ធ។
ក្រសួងមហាផ្ទៃតៃវ៉ាន់បានប្រកាសតួលេខអ្នកស្លាប់នេះកាលពីថ្ងៃសុក្រ ខណៈដែលក្រុមអ្នកជួយសង្រ្គោះនៅតែបន្តរកជនរងគ្រោះបន្ថែមទៀតនៅក្នុងគំនរបែកបាក់នៃបរិវេណអាគារ Weiguan Golden Dragon។ នៅមានមនុស្សរាប់សិបនាក់ទៀតដែលនៅបាត់ខ្លួននៅឡើយ។
អាគារនោះគឺជាអាគារដែលធំតែមួយគត់ដែលបានរលំក្នុងអំឡុងពេលនៃការរញ្ជួយដីដែលមានកម្រិត៦,៤នោះ ថ្វីត្បិតតែអាគារតូចៗជាច្រើនទៀតត្រូវបានបំផ្លាញ ឬខូចខាតធ្ងន់ធ្ងរក៏ដោយ៕