ប្រទេសចិនបានបញ្ជូនយន្ដហោះចម្បាំងយ៉ាងតិច៥៦ គ្រឿងចូលក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់នៅថ្ងៃច័ន្ទ។ នេះបើតាមការអះអាងរបស់តៃវ៉ាន់ ខណៈដែនដីនេះបានពង្រាយទ័ពអាកាសរយៈពេល ៤ ថ្ងៃជាប់ៗគ្នាដើម្បីបណ្តេញយន្តហោះឈ្លានពាន។
តៃវ៉ាន់ដែលចិនអះអាងថា ជារបស់ខ្លួននោះ បានប្រឆាំងនឹងយន្តហោះរដ្ឋាភិបាលក្រុងប៉េកាំងជាងមួយឆ្នាំមកហើយ។ ប៉ុន្តែចាប់តាំងពីថ្ងៃសុក្រ នៅពេលប្រទេសចិនប្រារព្ធទិវាជាតិរបស់ខ្លួន ចិនបានបង្កើនការហោះហើរជាញឹកញាប់នៅភាគនិរតីនៃតំបន់ការពារដែនអាកាសតៃវ៉ាន់ជិតកោះ Pratas របស់តៃវ៉ាន់ដូចកាលពីថ្ងៃច័ន្ទ។
តៃវ៉ាន់បាននិយាយថា បេសកកម្មនៅថ្ងៃច័ន្ទរួមមានយន្តហោះចម្បាំង J-16 ចំនួន៣៤គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែកH-6 ចំនួន១២គ្រឿងដែលមានសមត្ថភាពដឹកគ្រាប់បែកនុយក្លេអ៊ែរ។ នៅយប់ថ្ងៃច័ន្ទ អាជ្ញាធរក្រុងតៃប៉ិបានរាយការណ៍ថា ពួកគេបានឃើញយន្តហោះចម្បាំង J-16 របស់ចិនចំនួន ៤គ្រឿងទៀតនៅលើដែនអាកាសរបស់ពួកគេ។
ព័ត៌មាននេះត្រូវបានសេតវិមានរិះគន់យ៉ាងខ្លាំង។ លេខាព័ត៌មានសេតវិមានអ្នកស្រី Jen Psaki បាននិយាយថា «យើងសូមអំពាវនាវឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់ការគាបសង្កត់ផ្នែកយោធា ការទូតនិងសេដ្ឋកិច្ចនិងការបង្ខិតបង្ខំលើកោះតៃវ៉ាន់ ហើយយើងចាប់អារម្មណ៍ចំពោះសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ទាំងមូល»។
អ្នកស្រី Psaki បាននិយាយថា រដ្ឋបាលលោក Biden «និយាយច្បាស់លាស់ជាសម្ងាត់និងជាសាធារណៈអំពីការព្រួយបារម្ភរបស់យើង»។
ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងសំណួររបស់វីអូអេ អ្នកស្រីបាននិយាយថា លោកប្រធានាធិបតី Joe Biden មិនបាននិយាយជាមួយសមភាគីចិនរបស់គាត់ទេ នាពេលថ្មីៗនេះ ប៉ុន្តែមន្រ្តីជាន់ខ្ពស់នៅរដ្ឋធានីវ៉ាស៊ីនតោនបានទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បានឆ្លើយតបកាលពីថ្ងៃច័ន្ទថា« កោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ចិន ហើយសហរដ្ឋអាមេរិកមិនមានតួនាទីនិយាយដោយគ្មានការទទួលខុសត្រូវទេ។ អត្ថាធិប្បាយរបស់ភាគីអាមេរិកបានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយនិងការចែងក្នុងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី ហើយវាបញ្ជូនសញ្ញាខុសឆ្គងនិងគ្មានការទទួលខុសត្រូវបំផុត»៕
(រាយការណ៍ដោយ Ken Bredemeier និង Anita Powell រួមចំណែកក្នុងសេចក្តីរាយការណ៍នេះហើយព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters)