តៃវ៉ាន់​ស្នើ​ឲ្យ​ចិន​សុំទោស​ចំពោះ​ការ​បង្ក្រាប​នៅ​ទីលាន Tiananmen កាល​ពី​ឆ្នាំ ១៩៨៩

  • Reuters

រូបឯកសារ៖ បាឡុងជារូបមនុស្សឈរនៅមុខរថក្រោះនៅទីលាន Liberty Square កោះតៃវ៉ាន់ ដើម្បីរំឭកខួបនៃការបង្រ្កាបបាតុករនៅទីលាន Tiananmen នៅក្រុងប៉េកាំង ប្រទេសចិន។

កាលពីថ្ងៃ​ពុធ​នេះ កោះ​តៃវ៉ាន់​បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​សុំទោស​ចំពោះ​ការ​បង្ក្រាប​បង្ហូរឈាម​លើ​ក្រុម​អ្នក​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ទីលាន Tiananmen ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ ១៩៨៩។ ការ​ស្នើ​នេះ​ត្រូវបាន​ក្រសួង​ការបរទេស​ចិន​ច្រានចោល ដោយ​អះអាង​ថា «មិន​សម​ហេតុ​ផល»។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ខែ​មិថុនា​ស្អែក គឺ​ជា​ខួប​លើក​ទី ៣១ នៃ​ការ​បង្ក្រាប​របស់​ទាហាន​ចិន​លើ​ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​និស្សិត​នៅ​ទីលាន Tiananmen និង​តំបន់​ជុំវិញ។ អាជ្ញាធរ​ចិន​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ប្រារព្ធ​ណា​មួយ​ជា​សាធារណៈ​អំពី​ព្រឹត្តិការណ៍​នេះ​នៅ​លើ​ទឹកដី​ចិន​នោះ​ទេ។

រដ្ឋាភិបាល​ចិន​មិន​ដែល​ផ្សព្វផ្សាយ​អំពី​ចំនួន​អ្នក​ស្លាប់​ទាំង​អស់​នៅ​ក្នុង​ការ​បង្ក្រាប​នោះ​ទេ ប៉ុន្តែ​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​សិទ្ធិ​មនុស្ស និង​សាក្សី​នានា បាន​បង្ហាញ​ថា អ្នក​ស្លាប់​មាន​ចំនួន​ពី​រាប់​រយ​នាក់​រហូត​ដល់​រាប់​ពាន់​នាក់។

ក្រុម​ប្រឹក្សា​កិច្ចការ​ចិន​ដី​គោក​របស់​កោះ​តៃវ៉ាន់បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​គួរតែ «វាយ​តម្លៃ​ឡើង​វិញ​នូវ​ការ​ពិត​ជា​ប្រវត្តិសាស្ត្រ​អំពី​ហេតុការណ៍​ថ្ងៃ​ទី ៤ មិថុនា និង​សុំទោស​ដោយ​ស្មោះត្រង់»។

ក្រុម​ប្រឹក្សា​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​ជឿ​ថា អ្នក​កាន់​អំណាច​សព្វថ្ងៃ​គួរ​មាន​ភាព​ក្លាហាន​នៅ​ក្នុង​ការ​កែ​កំហុស ធ្វើ​កំណែ​ទម្រង់​ដំបូងៗ​ជា​បន្ទាន់ និង​ផ្ដល់​អំណាច​ជូន​ប្រជាពលរដ្ឋ​វិញ»។

នៅ​ក្នុង​ទីក្រុង​ប៉េកាំង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​ច្រានចោល​នូវ​ការ​ស្នើ​ឡើង​របស់​តៃវ៉ាន់​នេះ។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា៖ «ការ​លើក​ឡើង​របស់​អាជ្ញាធរ​តៃវ៉ាន់​នេះ​គឺ​មិន​សម​ហេតុផល​ទាល់តែ​សោះ។ ទាក់ទិន​នឹង​ភាព​ចលាចល​នយោបាយ​នៅ​ចុង​ទសវត្សរ៍ ១៩៨០ ប្រទេស​ចិន​បាន​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាង​ច្បាស់លាស់​រួចរាល់​ហើយ»៕